ភ្នំពេញ៖​ ក្រោយ​ពី​បាន​បើក​បេះដូង​ទទួល​យក​​​ម្ចាស់​ចិត្ត​​ស្មោះ ហើយ​ហ៊ាន​បណ្តើរ​គ្នា​ដោយ​បើក​​ចំហ​​នៅ​មុខ​មហាជន និង​មិត្ត​អ្នក​សិល្បៈ​ទាំង​​ឡាយ ថែម​ទាំង​មាន​ឱកាស ​ថត​កុន​ជាមួយ​គ្នា​ឲ្យ​ផលិតកម្ម​រួម​ទ្រនំ​​មក​​នោះ ក៏​ស្រាប់​តែ​លេច​ឮ​ព័ត៌មាន​ថា តារា​ចម្រៀង​កំពូល​ដែល​ឈរ​ជើង​លើ​ទ្រនំ​ផលិតកម្ម​ហង្សមាស​ ​អ្នកនាង ពេជ្រ សោភា និង​តារា​សម្តែង​ប្រុស​រូប​សង្ហា​ លោក ឆឹម សក្កដា ព្រម​ដាក់​ចិត្ត​ទទួល​យក​ការ​​​ពិត​​ជិត​បាន​កំណត់​វេលា​ចូល​រោង​ជ័យ​​នៅ​ឆ្នាំ​ ២០២០​​ ទៀត​ផង​។​

តារា​ចម្រៀង​ដុះ​ស្លែ​ទ្រនំ​ហង្សមាស​អ្នកនាង​ ពេជ្រ សោភា និង​លោក ឆឹម សក្កដា ដែល​តែង​​បង្កើត​​​ការ​មន្ទិល​​រង់ចាំ​ថា ​តើ​ថ្ងៃ​ណា​​ពួក​គេ​ទាំង​ ២ ចូល​រោងការ​នោះ ឬ​យ៉ាងណា​ ខណៈ​ថ្មីៗ​នេះ​​ក៏​​​ស្រាប់​តែ​ឃើញ​​​​​​ការ​ថត Pre-wedding បង្ហោះ​​​​តាម​​បណ្តាញ​សង្គម​​​ធ្វើ​ឲ្យ​​មហាជន​​ភ្ញាក់ផ្អើល​បន្ថែម​ទៀត ដោយ​នឹក​រំពៃ​គិត​ទុក​ថា​ អ្នក​ទាំង​ ​២ ទំនង​ចូល​​រោង​ការ​ឆាប់ៗ​មែន​ទែន​ហើយ ​ទើប​​នាំ​គ្នា​ទៅ​​ថត ​Pre-Wedding នោះ​។

អម​ដោយ​រូបថត​ក្នុង​ឈុត​កូន​កំលោះ និង​កូន​ក្រមុំ​នោះ ស្រាប់​តែ​លោក ឆឹម សក្កដា ដែល​​ត្រូវ​គេ​​​ស្គាល់​ជា​តារា​សម្តែង​រូប​សង្ហា ​ បាន​បង្ហោះ​រូប​ថត​​​​សម្អាង​​​ការ​ជាមួយ​នឹង​ ពេជ្រ សោភា រំលេច​​សារ​យ៉ាង​ខ្លី​បង្ហាញ​ក្តី​រំភើប​ចិត្ត​ថា​៖ «ថ្ងៃ​ដែល​រង់ចាំ​ក៏​​បាន​មក​ដល់​។​

អ្វី​នឹក​ស្មាន​ដល់​នោះ​ ក៏​ស្រាប់​តែ​អ្នកនាង ពេជ្រ សោភា ​បាន​ស៊ែរ​បន្ត​ និង​សរសេរ​ពាក្យ ​១ ​ឃ្លា​​​​​បញ្ជាក់​​អី​អត្ថន័យ​ជម្រៅ​បេះដូង​ខ្លួន​ឯង​​ថា៖​ «​ទោះបី​​អូន​រវល់ ក៏​បង​តែងតែ​​យល់​​ជានិច្ច​ បង​យល់​ពី​តម្លៃ​ការងារ។ អរគុណ​ណាស់​​អ្នក​​ទាំង​អស់​គ្នា​​​សម្រាប់​ថ្ងៃ​​នេះ​​ ឆ្នាំ ​២០២០​ ពួក​យើង​នឹង​​​​ហត់​ម្តង​ទៀត​​ណា!»​ ដែល​ទំនង​ជា​​មាន​ន័យ​ថា ​នឹង​​​គ្រោង​​រៀបការ​​ឆ្នាំ​​ក្រោយ​​នេះ​។

ទោះបី​មើល​ទៅ​ឃើញ​​មាន​ការ​បើក​ចំហ​អំពី​​​សម្ព័ន្ធភាព​ស្នេហា​របស់​តារា​ចម្រៀង​ស្រី ស្ថិត​នៅ​លំដាប់​កំពូល​​​នៃ​ផលិតកម្ម​ហង្សមាស​អ្នកនាង ពេជ្រ សោភា​ និង​​តារា​សម្តែង​ប្រុស​​រូប​សង្ហា​មាន​ស្រុក​កំណើត​​នៅ​ឃុំ​ស្គន់ ស្រុក​​ជើងព្រៃ​ ទឹកដី​ខេត្ត​កំពង់ចាម លោក ឆឹម សក្កដា គឺ​មាន​ពន្លក​​លូត​ល្អ​​ ឬ​មាន​លក្ខណៈ​ល្អូកល្អិន​​រលូន​ទៅ​មុខ​យ៉ាង​ណា​ក្តី គេ​ក៏​​ពុំ​ទាន់​ឃើញ​ភាគី​​ម្ខាង​ណា​មួយ បាន​បង្ហើប​អំពី​​ការ​រៀបចំ​​​គម្រោង​ការ​​​ថ្ងៃ​ពិសេស ​ចូល​រោងការ ទទួល​ពរ​ជ័យ​ពី​មេបា​ទាំង​​សង​ខាង​នៅ​ឡើយទេ​​។​

តែ​បើ​តាម​ការ​បញ្ជាក់​ពី​តារា​ប្រុស​លោក ឆឹម សក្កដា បាន​បញ្ជាក់​ឲ្យ​​ភ្នំពេញ​ប៉ុស្តិ៍​​ដឹង​ទាំង​​លាយ​សំណើច​​​តិចៗ​​​ថា៖ «​តាម​ពិត​ទៅ គឺ​យើង​គ្រាន់​តែ​​​ថត Pre-Wedding ឲ្យ​សម្អាង​ការ​ ​១ ​តែ​​ប៉ុណ្ណោះ! ​ហើយ​សារ​នោះ ​គឺ​ពួក​យើង​ចង់​បញ្ជាក់​ពី​ការងារ​​​ដែល​ទើប​​​បាន​ព្រមព្រៀង​គ្នា​មក​​ថត​សម្អាង​ការ​នេះ​ឯង​ ​ព្រោះ​ថា ​យើង​ខាន​​បាន​ធ្វើ​ការងារ​​ជុំ​គ្នា​យូរ​ហើយ​​ ដោយសារ​​អត់​​មាន​ពេល​ជួប​គ្នា​​ ខណៈ​​​មួយ​រយៈ​ពេល​ចុង​ក្រោយ​​​នេះ​​គឺ​ពួក​​យើង​​សុទ្ធ​តែ​​រវល់​នឹង​ការងារ​រៀងៗ​ខ្លួន​នោះ​​ឯង​។​​​ ចំពោះ​រឿង​ការ​​​ប្រើ​ពាក្យ​សន្យា​​ថា ឆ្នាំ ​២០២០​ ​នោះ​គឺ​ពួក​យើង ​នឹង​មក​ថត ​ Pre-Wedding ឲ្យ​សម្អាង​ការ​​នោះ​សាជាថ្មី​​ម្តង​ទៀត​ដែរ​»៕​