ភ្នំពេញ៖ គ្រាន់តែដូរមកកាន់ទ្រនំថ្មីហង្សមាស បានរយៈប្រមាណ ៣-៤ ខែ ប៉ុណ្ណោះ ក៏លេចឮថា តារាចម្រៀងស្រីសាច់សខ្ចី ដែលសម្បូរក្បាច់រាំ ដ៏រស់រវើក កញ្ញា យូរី កំពុងតែមានក្រុមកន្លង់ចោមរោមតាមសុំស្នេហ៍ ស្អំបេះដូងបាត់ទៅហើយ។
កញ្ញា យូរី តារាចម្រៀងស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំងពីយុវវ័យ និងមានក្បាច់រាំយ៉ាងជក់ចិត្ត មិនចាញ់តារាចម្រៀងស្រីនៅថោនកញ្ញា រ៉ាប៊ី ឬអតីតតារាចម្រៀងនៅហង្សមាសកញ្ញា ទេព បូព្រឹក្ស នោះឡើយ ខណៈកញ្ញា យូរី ធ្លាប់មានបទចម្រៀងផ្ទុះខ្លាំងនៅលើបណ្តាញសង្គមយូធូប គឺបទ «ចាក់ទឹកដូង»។
តារាចម្រៀងស្រីស្រស់ សាច់សខ្ចី សម្បូរក្បាច់រាំប្លែកៗ កញ្ញា សេន យូរី ហៅកញ្ញា យូរី ដែលអតីតជ្រកទ្រនំសាន់ដេរូបនេះបង្ហាញវត្តមាននៅទ្រនំថ្មីហង្សមាស អស់រយៈពេល ៣-៤ ខែ ហើយជាមួយនឹងបទចម្រៀងដំបូង ដែលមានចំណងជើងថា «ផាំង» ក្រោយពីជ្រកកោននៅទ្រនំចាស់ ក្នុងរយៈពេលកុងត្រាចំនួន ៥ ឆ្នាំមកនោះ។
តារាចម្រៀងស្រីអតីតធ្លាប់ច្រៀងនៅផលិតកម្មរ៉ុក និងផលិតកម្មសាន់ដេ កញ្ញា យូរី បានបង្ហើរថា៖ «ធំៗអស់ហើយ ល្មមចេះគិតហើយ ស្រឡាញ់គ្នាឱ្យចេះច្បាស់លាស់ផង ដឹងនៅប៉ិ»។
នារំពេចនោះក៏មានអ្នកចុច Like និង Comment យ៉ាងច្រើន និងមានចម្ងល់លើកឡើងថា៖ «អីយ៉ា! ទើបតែដូរទ្រនំថ្មីបានតែប៉ុន្មានខែសោះ ក៏ស្រាប់តែមានអ្នកចោមរោមតាមសុំស្រឡាញ់ ធ្វើជាម្ចាស់បេះដូងបាត់ទៅហើយកញ្ញា យូរី! តើអ្នកណាទៅដែលមកសុំស្រឡាញ់ យូរី ឬក៏ជាបុរសដែលគេល្បីថា ជាម្ចាស់ហាងផឹកស៊ី ១ កន្លែងលើកមុននោះដដែល?»។
កញ្ញា យូរី បានច្រានចោលដូចលើកមុនអ៊ីចឹងចំពោះដំណឹងថា ខ្លួន និងថៅកែហាងផឹកស៊ីមួយកន្លែងនោះថា៖ «ចំពោះរឿងមានគូគាប់អ្វីនោះ នាងខ្ញុំដូចជាមិនដែលមានបំណងចង់លាក់លៀមអ្វីនោះទេ។ ប្រសិនបើខ្ញុំមានពិតមែននោះ ខ្ញុំនឹងប្រាប់ត្រង់ៗដល់មហាជនមិនខានឡើយ។ ចំណែកឯបុរសជាថៅកែហាងនោះ គឺនាងខ្ញុំ និងគាត់បានស្គាល់គ្នាស្និទ្ធស្នាលហើយក៏បានរាប់អានគ្នាដូចជាបងប្អូនផងដែរ»។
ដោយឡែកឱកាសដ៏ល្អសម្រាប់កញ្ញា យូរី ដែលបានមកកាន់ទ្រនំថ្មីហង្សមាសនេះ គឺថាចំពេលដែលអវត្តមានតារាចម្រៀងស្រីសម្បូរក្បាច់រាំកញ្ញា ទេព បូព្រឹក្ស ទៀតផងនោះ ទើបមហាជនជាអ្នកគាំទ្រក៏លើកឡើងថា យូរី ហាក់ដូចមកបំពេញកញ្ញា ទេព បូព្រឹក្ស អ៊ីចឹងដែរ ព្រោះទាំង ២ ស្រដៀងគ្នាមានក្បាច់រាំប្លែក»៕