ភ្នំពេញ៖ តារា​​ចម្រៀង​​​ស្រី​ជ្រក​ទ្រនំ​ថោន មាន​​​ឈ្មោះ​​ពិត​ ផាន វីរ៉ាទី ហៅ កញ្ញា រ៉ាប៊ី បង្កើត​ភាព​ភ្ញាក់​ផ្អើល​សា​ជា​ថ្មី ជាមួយ​​​​​ការ​បោះ​ជំហាន​មួយ​ផ្សេង​​​ទៀត​ក្រៅ​អាជីព​សិល្បៈ​ ដោយ​ល្បី​ថា កញ្ញា នឹង​ជះ​ប្រាក់​រាប់​​ម៉ឺន​ដុល្លារ​ បើក​​អាជីវកម្ម​លក់​​​ផលិតផល​​រក្សា​​សម្រស់​។

ម្ចាស់​បទ «មាន់​ស្រែ» កញ្ញា ផាន វីរ៉ាទី ហៅ ​រ៉ាប៊ី បាន​ឲ្យ​ដឹង​ថា នៅ​មុន​ដំណាច់​ឆ្នាំ ​២០២០ ​នេះ នាង​ត្រូវ​តែ​បង្កើត​មុខ​របរ​ផ្ទាល់​ខ្លួន​ថ្មី​មួយ ក្រៅ​ពី​អាជីព​សិល្បៈ​ទាក់ទង​ការ​លក់​គ្រឿង​សម្អាង ដែល​នាំ​ចូល​ពី​បរទេស ហើយ​ក៏​​ត្រូវ​ប្រើ​ដើម​ទុន​យ៉ាង​​ហោច​ណាស់​ក៏​មាន​ចំនួន​ខ្ទង់​ ៤ ម៉ឺន​ដុល្លារ​ឯណោះ​។

ជាក់​ស្តែង​នា​​​ពេល​នេះ សម្រាប់​មុខ​របរ​នេះ សង្កេត​​ឃើញ​ថា មាន​ក្រុម​តារាៗ​ដើរ ១ ​ជំហាន​មុន​នាង​ទៅ​ហើយ​ក្ដី ប៉ុន្ដែ​នាង​នឹង​​មិន​បោះបង់​ទេ ព្រោះ​ថា ឃើញ​មនុស្ស​ជាច្រើន​នាក់​ហើយ​ដែល​រក​ស៊ី​ផ្នែក​នេះ​មាន​ជោគជ័យ និង​ក្លាយ​ទៅ​ជា​អ្នក​មាន​អស់​​ទៅ​ហើយ​ដែរ។

កញ្ញា រ៉ាប៊ី តារា​ចម្រៀង​ស្រី​មាន​ហុងស៊ុយ​ឡើង​ក្រឺតៗ ក្រោយ​ពី​បាន​វិល​ត្រឡប់​មក​ពី​ការ​កើប​ប្រាក់​ដុំ​​​នៅ​សហរដ្ឋ​អាមេរិក​ក៏​បង្ហាញ​ពី​សុទិដ្ឋិនិយម​នឹង​បទ​​ថ្មី​ទើប​ចេញ​នៅ​ក្នុង​​ផលិតកម្ម​ថោន​គឺ​បទ «លុយ!​លុយ!» ផង​ដែរ ​សម្រាប់​​​សម្ទុះ​​ស្រូប​​ភាព​​​ល្បី​ពី​មហាជន បង្ហើប​ឲ្យ​ដឹង​តាមរយៈ​ការ Live ហ្វេសប៊ុក​ពី​របរ​ក្រៅ​សិល្បៈ​ នឹង​បើក​នៅ​​ទីតាំង​នៅម្ដុំ​ពោធិ៍ចិនតុង ​នោះ​ថា៖ «​ផលិតផល​ដែល​នាង​ខ្ញុំ​គ្រោង​យក​មក​លក់​នោះ គឺ​មក​ពី​ថៃ​ ហើយ​ត្រូវ​ការ​រៀបចំ​ឯកសារ​ត្រឹម​ត្រូវ មាន​​ការ​ទទួល​ស្គាល់​ពី​​ក្រសួង​សុខាភិបាល និង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដើម្បី​កុំ​ឲ្យ​ថ្ងៃ​ក្រោយ​មាន​បញ្ហា​កើត​ឡើង។ មូលហេតុ​ដែល​នាង​ខ្ញុំ​មិន​ទាន់​ធ្វើ​មុខ​របរ​មួយ​នេះ ជា​យូរ​មក​ហើយ ដោយសារ​តែ​កាល​ពី​មុន​នាង​ខ្ញុំ​ចូល​ថោន មិន​ទាន់​​ត្រូវ​បាន​គេ​​ទទួល​ស្គាល់ អត់​ទាន់​ល្បី​ឈ្មោះ ប៉ុន្តែ​ពេល​នេះ មហាជន​បាន​ស្គាល់​ហើយ អ៊ីចឹង​ក៏​ចង់​រក​ស៊ី​លើ​ផ្នែក​នេះ បន្ថែម​ពី​លើ​អាជីព​សិល្បៈ ដែល​ខ្ញុំ​​ស្រឡាញ់​បំផុត​នោះ។ ចំពោះ​​មុខ​របរ​ថ្មី​​ នឹង​ដំណើរ​ការ​ខ្ទង់​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០២០ ខាង​មុខ​នេះ​»។​

ទាក់ទង​មុខ​ជំនួញ​ថ្មី​នេះ កញ្ញា រ៉ាប៊ី ក៏​បញ្ជាក់​ដែរ​ថា នាង​មិន​មាន​​អ្នក​ណា​ជួយ​ឧបត្ថម្ភ​ឡើយ ហើយ​ការ​ប្រើ​ដើម​ទុន​ត្រឹម​ប៉ុណ្ណេះ​ សម្រាប់​រូប​​នាង គឺ​អាច​ទៅ​រួច​គ្មាន​ឧបសគ្គ​ទេ ព្រោះ​ថា ទោះ​ជា​ពេល​នេះ​កូវីដ ១៩ នៅ​មិន​ទាន់​ស្ងប់​មែន​ក្តី​ ប៉ុន្ដែ​នាង​​នៅ​​តែ​​មាន​​ប្រាក់​ចំណូល​បាន​តក់ៗ​​ពី​អាជីព​សិល្បៈ មិន​ដាច់​នោះ​​ឡើយ​»។​​

គួរ​រំឭក​ដែរ​ កាល​ពី​ចេញ​​បទ «មាន់​ស្រែ» មួយ​ប្រាវ​នោះ ក៏​លេច​ព័ត៌មាន​ថា បទ​នេះ​ជួយ​លើក​រាសី​ឲ្យ​តារា​ចម្រៀង​ស្រី​រលក​ក្រោយ​​នៅ​ផលិតកម្ម​ថោន​មាន​ឈ្មោះ​ពិត ផាន វីរ៉ាទី ហៅ កញ្ញា រ៉ាប៊ី អាច​កើប​ប្រាក់​បាន​ដល់​ទៅ ១០ ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​មិន​បាន ​១ ​ឆ្នាំ​ផង​ និង​ត្រូវ​មហាជន​លាន់​មាត់​ថា៖ «តើ​ជា​ការ​ពិត​ ឬ​មួយ​យ៉ាង​ណា?»។

កញ្ញា រ៉ា​ប៊ី ធ្លាប់​​បក​ស្រាយ​ថា៖ «តាម​ពិត​ទៅ! ​រឿង​ដែល​ថា​បទ «មាន់​ស្រែ» អាច​រក​ប្រាក់​ចំណូល​បាន​ចំនួន ១០ ម៉ឺន​ដុល្លារ នោះ គឺ​នាង​ខ្ញុំ​មិន​បាន​និយាយ​​ថា​មាន​ចំនួន​បែប​នោះ​ឡើយ ​គឺ​វា​គ្រាន់​តែ​ក្បែរៗ​នឹង​ចំនួន​នោះ​ប៉ុណ្ណោះ។ បង​គ្រាន់​សាក​គិត​លេង​ជាមួយ​នឹង​នាង​ខ្ញុំ​តាមរយៈ​ប្រាក់​ចំណូល​ប្រចាំ​ខែ​ទៅ​អាច​យល់​ពី​របៀប​រក​ប្រាក់​ចំណូល​ពី​បទ​ចម្រៀង​​នេះ​មិន​ខាន»៕​