ភ្នំពេញៈ ក្រោយពី​ឧស្សាហ៍​បង្ហាញ​ពី​សម្ព័ន្ធភាព​សិ្នទ្ធស្នាល​បើកចំហ​នៃ​ចំណង​ស្នេហ៍​រវាង​តារាចម្រៀង​ស្រី​កំពុងតែ​ឡើង​កូដ​នៅ​ទ្រនំ​ហង្សមាស​កញ្ញា សួស វីសា និង​លោក ថមមី ខណៈ​មហាជន​ក៏សាទរ​គូស្នេហ៍​នេះ​ផង​នោះ តែ​នៅ​​រង់ចាំ​អ៊ុត​មើល​ថា ពួកគេ​នឹង​ចូល​រោងការ​ពេលណា​ផង​ដែរ បន្ទាប់ពី​មាន​សំណើសុំ​រៀបការ​ពី​ខាង​ប្រុស​កន្លង​មក​នោះ​។

ពេល​ថ្មីៗ​នេះ​ស្រាប់​តែ​មាន​ដំណឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថ្មី​មួយ​ទៀត​ដោយ​ល្បី​ថា នាឱកាស​ខួបកំណើត​គូស្នេហ៍​ខ្លួន​គឺ​លោក ​ថមមី ក្រៅពី​មាន​នំ​ខួបកំណើត រៀបចំ​នៅ​ផ្ទះ​វីឡា​ទំនង​ជា​ទ្រនំ​រួម​ស្នេហ៍​ក្រោយ​រៀបការ​ពួកគេ​នោះ​ក៏​លេច​វត្តមាន​រថយន្ត​ថ្មី​សន្លាង​ម៉ាក Lexus NX 200t ដែល​មាន​តម្លៃ​ខ្ទង់ ៣-៤ ម៉ឺន​ដុល្លារ​សម្រាប់​កាដូ​ខួបកំណើត​។ ខណៈ​រថយន្ត​ថ្មី​សន្លាង​នេះ​ត្រូវ​បាន​លេច​ឮថា កញ្ញា សួស វីសា ក៏​មាន​ចំណែក​ទិញ​ជូន​គូស្នេហ៍​នាង​ផង​ដែរ​។

ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​មិន​បាន​ការបកស្រាយ​ពី​កញ្ញា សួស វីសា នោះ​ទេ​ចំពោះ​រឿង​លេច​ឮថា នាង​ហ៊ាន​ទិញ​កាដូ​រថយន្ត​ថ្មី​សន្លាង​ម៉ាក Lexus NX 200t ដែល​មាន​តម្លៃ​ខ្ទង់ ៣-៤ ​ម៉ឺនដុល្លារ​ជូន​គូស្នេហ៍​នោះ​នាពេល​បាន​ធ្វើការ​ទាក់ទង​ជាច្រើន​លើក​មក​តែ​ប្រព័ន្ធ​ទូរស័ព្ទ​នាង​បាន​បិទ​។

តែ​បើ​តាម​សារ​បង្ហើរ​ចេញ​ពី​ហ្វេសប៊ុក​នាង​គឺ​មាន​លក្ខណៈ​យក​ចិត្ត​ទុកដាក់ និង​ស្រឡាញ់​លោក​ ថមមី ក៏​មិន​តិច​ដែរ​ដោយ​នាង​សរសេរ​ថា​៖ ««​រីករាយ​ថ្ងៃ​កំណើត​ពូម៉ៅ 05 05 19 គេ​សូម​ជូនពរ​ឲ្យ​ពូម៉ៅ​មាន​សុខភាព​ល្អ​មាន​អាយុ​វែង ប្រកប​ការងារ​ជោគជ័យ រីកចម្រើន និង​មាន​រូប​សម្រស់​ស្អាត​ប៉ុណ្ណឹង​បាន​ហើយ កុំ​ឲ្យ​ស្អាត​ជាង​ហ្នឹង​ទៀត ព្រោះ​ខ្លាច​ស្អាត​ជាង​គេ​ពេក ហើយ​សូម​ជូនពរ​ឲ្យ​ពូម៉ៅ មាន​តែ​សុភមង្គល​ក្នុង​ជីវិត ជាពិសេស​ថ្ងៃ​នេះ​សូម​ឲ្យ​យក​សមាជិក​ថ្មី​ពណ៌ស​ក្នុង​ក្តីស្រមៃ​នោះ​យក​មក​ជិះ​សុំ​ឲ្យ​ហេងៗ និង​កាន់តែ​កាក់កប​ខ្លាំង​ណា​»​។

លុះ​ក្រោយមក​ក៏​ឃើញ ថមមី តប​សារ​អរគុណ​វិញ​ថា​៖ «​អរគុណ​ដល់​កាម៉ាប់ ជាពិសេស ម៉ាយ​ស្នេហា​បង បង​ស្រឡាញ់​អូន​ខ្លាំងណាស់ និង​អរគុណ បងប្អូន ក្រុមគ្រួសារ ទាំងអស់​ដែល​បាន​ស៊ុប​ប្រាយ​ថ្ងៃ​កំណើត​ដល់​ខ្ញុំ អរគុណ​ប៉ា អ្នក​ម៉ាក់​ដែល​បាន​បង្កើត​កូន​មក​ឲ្យ​មាន​បាន​ដូច​សព្វថ្ងៃ​នេះ ហើយ​សូម​ស្វាគមន៍​ដល់​សមាជិក​ថ្មី​ប្រុស​ស សូម​ឲ្យ​ជោគជ័យ​ហេង​ហេង​ចូល​មក​មាន​សុវត្ថិភាព​ក្នុង​ដំណើរ​ជិត​ឆ្ងាយ​»​។

មុន​នេះ​បន្តិច​តារាចម្រៀង​ស្រី​សមត្ថភាព​អាច​ច្រៀង​ទាំង​បុរាណ និង​សម័យ កញ្ញា សួស វីសា ក៏​ត្រូវ​បាន​កំលោះ​រូប​សង្ហា​លោក ថមមី បាន​យក​នូវ​ចិញ្ចៀន​ពេជ្រ ១ ​វង់ ជូន​ជា​កាដូ​ខួបកំណើត​នាង និង​សុំ​នាង​រៀបការ​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​មហាជន​ម្តង​ហើយ​៕