ភ្នំពេញ៖ ខណៈ​តារា​ប្រុស​ស្រី​ស្ទើរ​គ្រប់​រូប​បាន​រអ៊ូរទាំ​នឹង​ភាព​ធ្លាក់​ចុះ​នូវ​ជីវភាព​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​​ ដោយសារ​តែ​វិបត្តិ​កូវីដ ​១៩ នោះ ស្រាប់​តែ​តារា​ចម្រៀង​​​ស្រី​ ដែល​ចូល​ចិត្ត​ច្រៀង​​ឡើង​វិញ​ (Cover) បទ​​ជា​មរតក​​ដើម និង​​អតីត​បេក្ខនារី​​​ប្រឡង​​​កម្មវិធី​ Cambodia Idol រដូវ​​កាល​ទី ​៣ ចូល​​បាន​​ត្រឹម​​វគ្គ Live Show សប្តាហ៍​ទី​ ៥​ កញ្ញា សោភា ទេពី​​ លេច​ឮ​ល្ហៀងៗ​ថា ចង់​ដូរ​រថយន្ត​ថ្មី​ម៉ាក​ Rang Rover ខណៈ​ដែល​ខ្លួន​កំពុង​តែ​ជិះ​រថយន្ត​​ទំនើប​ម៉ាក​​ Lexus NX 200t តម្លៃ​ជាង ​៦ ​ម៉ឺន​ដុល្លារ​ហើយ​នោះ​។​

នា​ពេល​កន្លង​មក​គេ​ធ្លាប់​ឃើញ​​​តារា​ចម្រៀង​ស្រី​ស្រស់​កញ្ញា សោភា ទេពី ​​បាន​ប្ដូរ​រថយន្ត​ពី​ម៉ាក​ Highlander មក​ជិះ​រថយន្ត​​ទំនើប​​ម៉ាក​ Lexus NX 200t ដែល​មាន​តម្លៃ​ជាង ៦ ម៉ឺន​ដុល្លារ ជិះ​មិន​ទាន់​បាន ១ ឆ្នាំ​ផង​នោះ​ ក៏​ស្រាប់​តែ​ស្រី​ស្រស់​រូប​នេះ​ មក​ចេញ​​​វា​ចា​ថា​ ចង់​ជិះ​ម៉ាក​ Range Rover វិញ​ម្ដង​យ៉ាង​ងាយ​​។ ​

តែ​កញ្ញា សោភា ទេពី អតីត​ជា​បេក្ខភាព​ប្រឡង​កម្មវិធី​ Cambodian Idol រដូវកាល​ទី ៣ និង​បច្ចុប្បន្ន​គឺ​ជា​តារា​ចម្រៀង​ របស់​ផលិតកម្ម Zone ​កំពុង​តែ​ស្រូប​ភាព​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាមួយ​​នឹង​​បទ «អ្នក​ណា​កែ​ចិត្ត​បង?» ដោយ​មាន​អ្នក​ចូល​ទស្សនា​ចំនួន 45 M នោះ​​បង្ហើប​ថា​៖ «​មិន​ទាន់​អាច​ដឹង​​បាន​​ទេ​ថា​ ត្រូវ​ការ​ប្រើ​ពេល​ប៉ុន្មាន​​ឆ្នាំ​ទៀត​នោះ ទើប​​អាច​សម្រេច​​​​បំណង​នេះ​ព្រោះ​ថា ​នាង​​​​ខ្ញំ​​គ្មាន​អ្នក​ណា​គេ​ជួយ​​​ឧបត្ថម្ភ​ឡើយ គឺ​ពឹង​តែ​កម្លាំង​ខ្លួន​​ឯង​ប៉ុណ្ណោះ​។ ប៉ុន្ដែ​​នាង​ខ្ញុំ​គិត​ថា មាន​បំណង​​ព្រម​​​​ទាំង​មាន​ការ​​តាំង​ចិត្ត នឹង​ធ្វើ​​ឲ្យ​សម្រេច​​បំណង​នេះ ​នៅ​​ថ្ងៃ​ណា​មួយ​ជា​​មិន​ខាន​​នោះ​ឡើយ ព្រោះ​ថា​ចិត្ត​​​ចង់​​​ជិះ​ឡាន​នេះ ​[ Range Rover] នៅ​​ក្នុង​​ក្ដី​ស្រមៃ​ឲ្យ​​បាន​គ្រាន់​តែ​ត្រូវ​ការ​ប្រើ​​ពេល​វេលា ដើម្បី​បាន​វា​​យូរ​ប៉ុណ្ណោះ»។

ដោយ​ឡែក​តារា​ចម្រៀង​ស្រី​​ ​ទឹក​​ដម​សំ​ឡេង​​ផ្អែម​កំពុង​តែ​​​ស្រូប​​ប្រជាប្រិយភាព​​ខ្លាំង​ពី​មហាជន​​ ដោយ​ការ​បង្ហើរ​សំនៀង​​​ដ៏​​​ពីរោះ​នូវ​បទ​មរតក​​​​ដើម​ជា​រឿយៗ​ ហើយ​​​​ក៏​ទើប​តែ​​​ផ្ទុះ​​​​​ការ​រិះគន់​ថ្មីៗ​ដោយ​យក​បទ​ចម្រៀង​​​របស់​អធិរាជ​សំឡេង​មាស​​​លោក​តា​ ស៊ីន​ ស៊ីសាមុត​ ​ បទ ​«​ព្រោះ​​តែ​​​អូន» ​ដោយសារ​បាន​​​កែ​ទំនុក​​ចម្រៀង​ពី​ប្រុស​មក​ស្រី​​​​ ធ្វើ​ឲ្យ​គ្រួសារ​​​​​​របស់​អ្នក​​និពន្ធ​ដ៏​​ល្បី​​​លោក​ គង្គ ប៊ុន​ឈឿន សម្តែង​​​​ការ​​​មិន​​ពេញ​ចិត្ត​ទៀត​​ផង​​។​​

មិន​តែ​ប៉ុណ្ណោះ​កញ្ញា សោភា ទេពី​ ក៏​ធ្លាប់​បង្ហើប​​​រឿង​ច្រៀង​ Cover បទ​​ចាស់​ជា​មរតក​ដែរ​​​​​ថា​៖ ​«​កាល​ដែល​​​​ខ្ញុំ​ខូវើ​បទ​​នេះ ដោយសារ​តែ​បទ​​នេះ ​មិន​មាន​​បទ​ស្រី​​ទេ ហើយ​ខ្ញុំ​ចង់​ខូវើ​ឲ្យ​មាន​​បទ​សម្រាប់​មនុស្ស​​ស្រី​ទាំង​​អស់​​អាច​ច្រៀង​តាម​បាន​ ណា​មួយ​បទ​​នេះ​វា​ពីរោះ​ ហើយ​​កំពុង​​​​​​ល្បី​ខ្លាំង​​​សព្វ​​​ថ្ងៃ​។​ អ្នក​​ខូវើ​សុទ្ធ​តែ​ប្រុសៗ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ខូវើ​តែ​ម្តង​​ទៅ។ មួយ​វិញ​​ទៀត​​​ ខ្ញុំ​ក៏​​ស្រឡញ់​ និង​​ចូលចិត្ត​ប្រភេទ​​​បទ​​ដែល​​ជា​មរតក​​ដើម​​ដែរ​»៕​