ភ្នំពេញ៖ ​បណ្តុំ​​រូប​ថត​​ស៊ី​អារម្មណ៍​ផ្អែម​ល្ហែម​​ខ្លាំង​ពី​​តារា​សម្តែង​ស្រី និង​ពិធី​ការិនី​ទូរទស្សន៍ មេម៉ាយ​កូន​ ១ សម្រស់​​​ផូរផង់​ក្រមុំ​មិន​ដូរ​ អ្នក​នាង សុខ សោម៉ាវត្តី និង​កីឡាករ​បាល់​ទាត់​រូប​សង្ហា​ លី វ៉ាហេដ នៅ​​​​តំបន់​​​ប្រាសាទ​បុរាណ​លើ​ទឹក​ដី​ខេត្ត​​សៀមរាប​ថ្មីៗ​នេះ ក៏​​បណ្តាល​ឲ្យ​លេច​ឮ​​នូវ​ដំណឹង​ថា​​ អ្នក​ទាំង ​២ ​កំពុង​តែ​​​បន្លាយ​​ចំណង​​មិត្តភាព​ស្និទ្ធស្នាល​ឲ្យ​ក្លាយ​ទៅ​គូ​ស្នេហ៍​​ ខណៈ​ក៏​​ជិត​កំណត់​ពេល​​វេលា​​រៀបការ​ហើយ​ដែរ​​ ទើប​​បាន​នាំ​គ្នា​​​មក​ថត​​ Pre-Wedding នៅ​លើ​ទឹក​ដី​ដែន​​ដ៏​ពិសិដ្ឋ​​​​នេះ​។​

ភ្ជាប់​នឹង​បណ្តុំ​រូបថត​ជា​ច្រើន​ សន្លឹក​បង្កើត​បរិយាកាស​ដ៏​សប្បាយ​រីក​រាយ និង​ផ្អែម​ល្ហែម​បំផុត​ នៅ​​​តំបន់​ប្រាសាទ​ខេត្ត​សៀមរាប​ នា​ដើម​ខែ​​​នេះ អ្នកនាង សុខ សោម៉ាវត្តី ក៏​បង្ហើរ​​សារ​បញ្ជាក់​ពី​ចិត្ត​ថា៖ «រូបភាព​​​នៅ​សៀមរាប​ មិន​ដឹង​ជា​ post​ មួយ​ណា​ទុក​មួយ​ណា​ទេ ព្រោះ​​​ស្រឡាញ់​ទាំង​អស់​ទឹក​​ដី​អង្គរ​ ដែល​ខ្ញុំ​ស្រឡាញ់​​ជួប​គ្នា​លើក​​​​ក្រោយ​ណា​ Best​ memories ever» និង​​សារ​ថា « ព្រះ​នាង​ម្ចាស់​​ឡឺកឺ នឹង​បង​ប្រហិត​​ ​ក្តី​សុខ​ និង​សុភមង្គល​ដែល​​កើត​ចេញ​ពី​ខ្លួន​​យើង​ទាំង ២ ​គឺ​មិន​មែន​​ពី​អ្នក​ដទៃ​នោះ​ឡើយ!​»​។​

ក្រៅ​​​ពី​ការ​ចុច ​Like និង​​សារ​អបអរ​សាទរ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នោះ ក៏​នៅ​តែ​​មាន​អ្នក​ចង់​​ជជីក​សួរ​ការ​​ពិត​ដែរ​ថា៖ «តើ​នេះ​ជា​​ការ​ថត ​Pre-Wedding មែន​ទែន? ឬ​ក៏ជា​​ការ​ថត​សម្តែង​នៅ​ក្នុង​ស្ប៉ត​​ផលិតផល​អ្វីមួយ​​ទេ Idols ទាំង ​២! ​ហើយ​បើ​ពិត​មែន​​នោះ តើ​ពេល​ណា​រៀបការ​ដែរ​?»។​

តាម​ពិត​ទៅ​ភាព​ផ្អែម​ល្ហែម​ខ្លាំង​ពី​មិត្ត​ក្នុង​វិស័យ​​សិល្បៈ​របស់​ ​សុខ សោម៉ាវត្តី ​​និង​កីឡាករ​​​បាល់​ទាត់​ លី វ៉ាហេដ គឺ​បាន​បង្ហាញ​ ពី​ភាព​ស្និទ្ធ​ស្នាល​​តាំង​ពី​ចាប់​ដៃ​គ្នា​សម្តែង​ក្នុង​កុន​ដុំ​​រឿង «​អ្នក​ខូច​ចិត្ត​អាជីព​» មក​​​ ហើយ​នាង​ក៏​​តែងតែ​ច្រាន​ចោល​ពី​សម្ព័ន្ធភាព​ដ៏​ពិសេស​នេះ​ជារឿយៗ​ផង​ដែរ​។​

តើ​តារា​ស្រី​មេម៉ាយ​កូន​មួយ​អ្នកនាង សុខ សោម៉ាវត្តី កំពុងតែ​រឹត​បន្តឹង​នូវ​ទំនាក់ទំនង​ស្នេហា​បន្ថែម ​ឬ​ក៏​យ៉ាង​ណា​ជាមួយ​នឹង​កំលោះ​​កីឡាករ ​បាល់​ទាត់​កម្ពុជា​រូប​សង្ហា​ លី វ៉ាហេដ នោះ​ក៏​បន្ត​ជា​មន្ទិល​សង្ស័យ​ដដែល​ ខណៈ​​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទទួល​បាន​ការ​បញ្ជាក់​ពី​នាង​ឡើយ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​នាង​មិន​អាច​ទំនាក់ទំនង​​​បាន។​​

កាល​ពី​ដើម​ឆ្នាំ​នេះ តារា​សម្តែង​ស្រី និង​ពិធីការិនី​ទូរទស្សន៍​បាយ័ន អ្នកនាង សុខ សោម៉ាវត្តី ក៏​បាន​បកស្រាយ​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​សម្ព័ន្ធភាព​ខ្លួន​ និង​កីឡាករ​ លី វ៉ាហេដ ផង​ដែរ​ថា​៖​ «​មិន​​មែន​អ្វី​ថ្មី​ដូច​ជា​ការ​​​គិត​​របស់​បងប្អូន​​​នោះ​​ទេ​!​ ​​តាម​ពិត​ទៅ ​ពួក​យើង​នៅ​តែ​ស្និទ្ធស្នាល​​គ្នា​ តែ​ក្នុង​ការងារ​​សិល្បៈ​ដូចជា​កាល​​ពី​មុន​អ៊ីចឹង​! ហើយ​​​​នៅ​ឆ្នាំ​ថ្មី​​នេះ យើង​​​ក៏​មាន​ការ​​ថត​ MV រឿង​ខ្លី​មួយ​​ដែរ ថត​សម្រាប់​ផលិតផល​មួយ​ប្រភេទ​ប៉ុណ្ណោះ»​៕​