ភ្នំពេញៈ ក្រោយពីបានប្រកាសជាសាធារណៈនូវមុខមាត់ពិតគូស្នេហ៍ថ្មីបុរសកូនកាត់ ៣ សាសន៍ឈ្មោះ អេលែន តាន់ និងបានស្គាល់ចិត្តថ្លើមគ្នាប្រមាណជិត ១ ឆ្នាំមកនោះ ក៏មានលេចឮថា តារាចម្រៀងអូរីជីណលស្រីមានរាសីឡើងក្រឺតៗអ្នកនាង អេដា គ្រោងដឹកដៃម្ចាស់បេះដូងទី ២ ចូលរោងជ័យនៅឆ្នាំ ២០២១ ខាងមុខនេះ ហើយ។
កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៧ តារាចម្រៀងរូបស្រស់នាង អេដា បានរៀបចំធ្វើពិធីខួបកំណើតឈានចូលវ័យ ២៧ ឆ្នាំ រួមជាមួយពិធីសម្ពោធអាល់ប៊ុមបទចម្រៀងជាស្នាដៃតែងនិពន្ធខ្លួនឯងជាមួយនឹងវត្តមានចូលរួមលើកទឹកចិត្តពីតារាសិល្បៈល្បីយ៉ាងច្រើនកុះករ នៅភោជនីយដ្ឋានលំដាប់ខ្ពស់ម្ដុំប្រៃសណីយ៍ រាជធានីភ្នំពេញ និងបានឆ្លៀតប្រកាសមុខមាត់ពិតគូស្នេហ៍ថ្មីផងដែរ។
បុរសឈ្មោះ អេលែន តាន់ ត្រូវបានអ្នកនាង អេដា ធ្វើការណែនាំប្រាប់ភ្ញៀវក្នុងរាត្រីថ្ងៃខួបកំណើតនាងចូលវ័យ ២៧ ឆ្នាំ ជាសង្សារថ្មីនាងកំពុងយល់ចិត្តយល់ថ្លើមគ្នានោះ នាងបង្ហើបថា៖ «គាត់គឺជាស្ថាបនិករបស់អង្គការស្ទែម STEM កម្ពុជា ដែលជាអង្គការក្នុងស្រុកបង្កើតឡើងដើម្បីគ្រប់គ្រងមហោស្រពវិទ្យាសាស្ត្រ និងវិស្វកម្មនៅកម្ពុជា។ ពួកយើងទាំង ២ នាក់ មានទំនាក់ទំនងលើសពីមិត្តតាំងពី ៦ ខែមុនមកម្ល៉េះ»។
ទោះបីជាប្រកាសមុខគូ-ស្នេហ៍ថ្មីជាបុរសរូបសង្ហាកូនកាត់ ៣ សាសន៍អាស៊ី-អាមេរិកនោះ ក៏គេពុំទាន់ឃើញបង្ហាញពីឆន្ទៈយ៉ាងច្បាស់ថា ជីវិតអាពាហ៍ពិពាហ៍ របស់អ្នកនាងនឹងលោក អេលែន តាន់ នឹងត្រូវចូលក្រាបផ្ទឹមរោងជ័យពេញច្បាប់នៅពេលណាដែរនោះទេ បើទោះបីមានលេចឮការផ្សាយព័ត៌មានថា នាងគ្រោងរៀបការនៅឆ្នាំ ២០២១។
តារាចម្រៀងស្រីរាសីឡើងក្រឺតៗដែលទទួលបានភាពជោគជ័យទាំងការងារសិល្បៈ និងរឿងស្នេហា អេដា ក៏មិនបានបកស្រាយឲ្យដឹងពីព័ត៌មានរហិចរហៀងរឿងចូលរោងជ័យនោះដែរ ខណៈរាល់ការទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទត្រូវបានប្រគល់ទៅឲ្យជំនួយការផ្ទាល់នាង ជាប្អូនស្រីបង្កើត។
ប្អូនស្រីបង្កើត កញ្ញា អេម៉ា ដែលជំនួយការផ្ទាល់ អេដា បានឆ្លើយតបនឹងភ្នំពេញប៉ុស្តិ៍ទាំងដែលខ្លួនជាសាច់ឈាមបង្កើតនោះក៏មិនបានដឹងច្បាស់ដែរថា៖ «សុំទោសផងបង ចំពោះរឿងហ្នឹង [ថ្ងៃចូលរោងជ័យ] ក៏នាងខ្ញុំមិនបានដឹងច្បាស់ដែរទេព្រោះថាជាគម្រោងការផ្ទាល់ខ្លួនរវាងមនុស្ស ២ នាក់គឺបងស្រី និងគូស្នេហ៍គាត់»។
កញ្ញា អេម៉ា បន្តទៀតថា៖ «ចំណែករឿងលេចឮថា ពួកគាត់ចូលរោងការនេះ ក៏នាងខ្ញុំ បានដឹងជាច្រើនប្រភពសួរនាំពីខាងបងៗសារព័ត៌មានដែរ ដោយមានខាងបងខ្លះថា គាត់គ្រោងចូលរោងការនៅឆ្នាំក្រោយ ខ្លះថា នៅឆ្នាំ ២០២០ និងចុងក្រោយថាឆ្នាំ ២០២១ នេះ ខណៈដែលនាងខ្ញុំជាប្អូនគាត់ពុំទាន់ដឹងច្បាស់ផងថាឆ្នាំណា»។
ចាប់តាំងពីឆ្នាំ ២០១៧ នារាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៧ នោះមក គឺជារាត្រីដ៏ពិសិដ្ឋ រំឭកពីវេលាចាប់កំណើតរបស់តារាចម្រៀងអូរីជីណលម្នាក់នេះ អ្នកនាង អេដា មិនត្រឹមតែបង្ហាញមុខបុរសចូលមកព្យាបាលរបួសបេះដូងចាស់នាងទេ ថែមទាំងអះអាងពេញៗមាត់ថា នាងកក់ក្ដៅនឹងការមើលថែពីម្ចាស់ស្នេហ៍ថ្មីទៀតផងដែរ៕