ភ្នំពេញ៖ ជា​ប្រទេស​ដែល​មាន​ប្រាសាទ​ចម្លាក់​ក្បូរ​ក្បាច់​រចនា​ ​​អគារ​ស្ថាបត្យកម្ម​​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ​សំណង់​រចនាប័ទ្ម​អាណានិគម​និយម​​បារាំង​ ​​ទី​ប្រវត្តិសាស្ត្រ​ និង​កន្លែង​​និមិត្តរូប​​រុងរឿង​ រាជធានី​ភ្នំពេញ​ជា​ទីក្រុង​ ដែល​ពិត​ជា​ស័ក្ដិសម​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ហើយ​ស្វែង​យល់​​​ឱ្យ​បាន​ស៊ី​ជម្រៅ​ពី​សោភណភាព និង​វប្បធម៌ និង​រឿង​រ៉ាវ​​សាវតា​រនានា​។

ពេល​នេះ​មិន​ថា​ជា​ប្រជាជន​ក្នុង​ស្រុក​ ឬ​ជនបរទេស​ដែល​មាន​បំណង​ចង់​ស្គាល់​រាជធានី​ដ៏​ចំណាស់​មួយ​នេះ​ឱ្យ​កាន់​តែ​ច្បាស់​នោះ​ ក្រុមហ៊ុន​​ Ubiquest​ បាន​រៀបចំ​ដំណើរ​ទេសចរណ៍​​ទស្សនា​លក្ខណៈ​ជា​ល្បែង​កម្សាន្ត​ដ៏​រំជើបរំជួល ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​​អាច​ស្វែង​រក​​គន្លឹះ​អាថ៌​កំបាំង​ស្រប​នឹង​​ដំណើរ​​ទៅ​កាន់​​​ទីតាំង​​ដ៏​អស្ចារ្យ​នានា​។

គម្រោង​របស់​ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ​​ថា​ Urban Tales​ ដែល​មាន​ទីតាំង​ដំបូង​នៅ​ទីក្រុង​ហូជីមិញ​ នៃ​ប្រទេស​វៀតណាម​ ទីក្រុង​លីសបោន​​ ​​ព័រទុយហ្កាល់​ ហើយ​បាន​មក​ដល់​​ទីក្រុង​​ភ្នំពេញ ​កាល​ពី​ ២ ​ឆ្នាំ​មុន​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​កាល​ពី ​៥ ​ឆ្នាំ​មុន​នៅ​ប្រទេស​វៀតណាម​។

ល្បែង​​​នេះ​មិន​ត្រឹម​តែ​ជា​ការ​កម្សាន្ត​​​ធម្មតា​ទេ​ វា​ជា​ការ​រៀបចំ​ការ​លេង​ល្បែង​ផ្សងព្រេង​ទៅ​តាម​​សាច់​រឿង​ ដែល​បាន​គ្រោង​ទុក​។

ការ​​លេង​ល្បែង​ Urban Tales ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​យក​លំនាំ​សាច់​រឿង​​តាម​រក​សំបុត្រ​​​ជា​ស្លាក​ស្នាម​បន្សល់​ពី​​លោក​ Anatole Pasquier ជា​អ្នក​ស្រាវជ្រាវ និង​ផ្សង​ព្រេង​ជនជាតិ​បារាំង​ក្នុង​សតវត្សរ៍​ទី១៩​។

លោក​បាន​ធ្វើ​ដំណើរ​មក​កាន់​អាស៊ី​អាគ្នេយ៍ និង​មក​ដល់​កម្ពុជា។ លោក​បាន​​​​បន្សល់​ទុក​ឯកសារ​សំណៅ​​នេះ​តាំង​ពី​ឆ្នាំ ​១៨៨១។

ដោយ​យក​សំណៅ​ឯកសារ​នោះ​ជា​ផ្នែក ​១ ​នៃ​សាច់​រឿង​ល្បែង​ផ្សង​ព្រេង​របស់ Urban Tales អ្នក​លេង ​ឬ​សមាជិក​ក្រុម​ត្រូវ​សហការ​គ្នា​រក​តម្រុយ​ឯកសារ កូនសោ ហឹប និង​​ត្រីវិស័យ ហើយ​ប្រមាញ់​តាម​​រក​វត្ថុ​បុរាណ​​ដែល​ត្រូវ​បាន​លាក់​នៅ​ទីតាំង​អាថ៌​កំបាំង​ក្នុង​រាជធានី​ភ្នំពេញ។

ដើម្បី​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​ស្វែងរក​វត្ថុ​ និង​ទីតាំង​​អាថ៌​កំបាំង សមាជិក​ចូលរួម​លេង​ល្បែង​នេះ​ទាមទារ​ការ​ចង​ក្រង​​ស្មារតី​សាមគ្គី​ជា​ក្រុម​។ ដោយ​ផ្ដើម​ចេញ​ពី​ទីតាំង​ជំនួប​ក្រុម​នៅ​បណ្ណាល័យ​ជាតិ ក្រោម​ការ​ណែនាំ​ពី​អ្នក​ឯកទេស​បុរាណវិទ្យា​​​បេសកកម្ម​របស់​ក្រុម​អ្នក​ទេសចរ គឺ​ត្រូវ​​ធ្វើ​ការ​​ស៊ើប​អង្កេត​រក​វត្ថុ​បុរាណ​អាថ៌​កំបាំង​នឹង​នាំ​យក​វត្ថុ​នោះ​​ត្រឡប់​មក​កាន់​នាយកដ្ឋាន​បុរាណវិទ្យា​។ ​អ្នក​ដែល​អាច​រក​​ឃើញ​វត្ថុ​អាថ៌​កំបាំង​នោះ​បាន​មុន​គេ​នោះ​ជា​អ្នក​ឈ្នះ​។

កញ្ញា ​Emeline Beneult ជា​ជនជាតិ​បារាំង​ ដែល​បាន​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ទេសចរណ៍​ជាង ​៤ ​ឆ្នាំ​មក​ហើយ​ និង​មាន​តួនាទី​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​ Urban Tales បាន​ប្រាប់​ ​ភ្នំពេញ ប៉ុស្តិ៍​ ថា​៖ «ល្បែង​ផ្សង​ព្រេង​ Urban Tales បាន​មក​ដល់​កម្ពុជា​តាំងពី​ ២ ​ឆ្នាំ​មុន​ ហើយ​ថ្មីៗ​នេះ​​យើង​ក៏បាន​​បង្កើត​ល្បែង​ប្រណាំង​រ៉ឺម៉ក​ម៉ូតូ (Tuk-Tuk Quest) ក៏​ព្រោះ​តែ​យើង​ឃើញ​ថា​ ពេល​មាន​កូវីដ​ ពួក​យើង​មិន​សូវ​មាន​ការងារ​ធ្វើ​ ហេតុនេះ​ទើប​គាត់​ចង់​បង្កើត​អ្វី​ដែល​ថ្មី​ សម្រាប់​សកម្មភាព​ទេសចរណ៍​ក្នុង​ស្រុក​»។

សមាជិក​ជួបគ្នា​នៅ​បណ្ណាល័យជាតិ ដែលជា​ចំណុច​ចាប់ផ្ដើម​​នៃបេសកកម្ម​រុករក​វត្ថុអាថ៌កំបាំង​ក្នុង​​ល្បែង​កម្សាន្ត​។ រូបថត សហ​ការី

ល្បែង​កម្សាន្ត​ដ៏​រំជើប​រំជួល​សម្រាប់​អ្នក​ទេសចរ​នេះ គិត​ថ្លៃ​ម្នាក់ ២៥ ដុល្លារ។ ​គោល​បំណង​ធំ​នៃ​ល្បែង​រុករក​នេះ គឺ​បង្កើន​ភាព​សិទ្ធស្នាល និង​ស្មារតី​សហការ​ជា​ក្រុម។

ក្នុង​ដំណើរ​ផ្សងព្រេង​តាម​កម្មវិធី​ល្បែង​កម្សាន្ត​នេះ ភ្ញៀវ​ចូលរួម​នឹង​បាន​ស្វែង​យល់​រឿង​រ៉ាវ​ដ៏​​ពិសេស និង​ទៅ​កាន់​​សំណង់​អគារ វត្ត​អារាម និង​តំបន់​​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ លាក់​ខ្លួន​ជា​ច្រើន​ទៀត​នៅ​រាជធានី​ភ្នំពេញ​។​

អ្នក​គ្រប់គ្រង​កម្មវិធី​ Urban Tales បាន​បន្ត​ថា៖ «កន្លង​មក​អ្នក​ចូលរួម​មាន​ការ​រីករាយ​ណាស់ ​និង​គាំទ្រ​ខ្លាំង​ចំពោះ​សកម្មភាព​កម្សាន្ត​នេះ»។

ព័ត៌មាន​បន្ថែម​អាច​ស្វែង​រក​នៅ​ទំព័រ​ហ្វេសប៊ុក​ Urban Tales Phnom Penh ឬ​ទំនាក់ទំនង​អ៊ីមែល​ pnh@urban-tales.com និង​វេបសាយ https://urban-tales.com/phnom-penh/.៕

សៀវភៅ​ប្រាប់ផ្លូវ ឯកសារ​សំណៅ និង​ត្រីវិស័យជាជំនួយ​ដល់​​ភ្ញៀវ​​។ រូបថត សហ​ការី