ភ្នំពេញៈ ដោយ​ចង់​បំប៉ន​សមត្ថភាព​របស់​យុវ​ផលិតករ​ជំនាន់​ក្រោយ​ដែល​និយម​ចូល​ចិត្ត​លើ​វិស័យ​ផលិត​ភាពយន្ត​ឲ្យ​កាន់​តែ​សម្បូរ​បែប និង​មាន​គុណភាព ទើប​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បើក​វគ្គប​ណ្តុះ​បណ្តាល​ភាពយន្ត​ខ្នាត​ខ្លី​លើក​ទី ២ ប្រចាំ​ឆ្នាំ ២០១៨ ដែល​មាន​ជំនាញ ៣ ថ្នាក់​ផ្សេង​គ្នា។

លោក ហួយ សុជាតិ ប្រធានការិយាល័យ​នៃ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​រៀបរាប់​ឲ្យ​ដឹង​ពី​គោល​បំណង​ការ​បង្កើត​វគ្គ​បណ្តុះ​បណ្តាល​លើក​ទី ២ ឆ្នាំ ២០១៨ នេះ​ថា៖ «យើង​ចង់​ឲ្យ​អ្នក​និយម​ចូល​ផលិត​ភាពយន្ត ជា​ពិសេស​គឺ​យុវ​ផលិតករ​តែម្តង​ឲ្យ​មាន​សមត្ថភាព​ល្អ​នៅ​ក្នុង​ការ​ផលិត​ជា​ខ្សែ​ភាព​យន្ត​ប្រកប​ដោយ​គុណភាព និង​ទទួល​បាន​បទពិសោធ​ល្អៗ​ពី​អ្នក​ជំនាញ​ខាង​វិស័យ​ភាពយន្ត​នេះ​ទៀត​ផង»។

លោក ហួយ សុជាតិ ក៏​បន្តថា៖ «ជាការ​បណ្តុះបណ្តាល ២ ឆ្នាំ​ម្តង ដោយ​លើក​ទី ១ យើង​បាន​បើក​កាល​ពី​ឆ្នាំ ២០១៦ ខណៈ​ការ​ទទួល​ចំនួន​សិក្ខាកាម​ក៏​កំណត់​ដែរ​គឺ​យក​តែ ២០ ទៅ ២៥ នាក់​ប៉ុណ្ណោះ ហើយ​ឆ្នាំ ២០១៨ នេះ​ជា​លើក​ទី ២ ក៏​ជិត​ផុត​កំណត់​ទទួល​ពាក្យ​ចូល​រៀន​ដែរ​គឺ​នៅ ត្រឹម​ថ្ងៃទី ២០ ខែ​កក្កដា ឆ្នាំ ២០១៨។ វគ្គ​បណ្តុះ​បណ្តាល​ភាពយន្ត​ខ្នាត​ខ្លី​នេះ​មាន​ការ​បែង​ចែក​ជា ៣ ថ្នាក់​គឺ​ថ្នាក់​សិក្សា​និពន្ធ​អត្ថបទ​ភាពយន្ត ជំនាញ​ដឹកនាំ​រឿង និង​ជំនាញ​ថត​ភាពយន្ត​រៀន រយៈពេល ៣ ខែ»។

គ្រូ​​ទាំង ​៣ ​វគ្គ​បណ្តុះ​បណ្តាល​ភាព​យន្ត​ខ្នាតខ្លី​លើកទី ២​​​។ ហ្វេសប៊ុក​

សិក្ខាកាម ដែល​ចង់​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ ក៏មាន​លក្ខខណ្ឌខ្លះៗតាម​មុខជំនាញ​នីមួយៗ​ផង​ដែរ គឺ​សិក្ខាកាម​អាច​ជ្រើស​រើស​មុខ​ជំនាញ ២ ក្នុង​ពេល​តែ​មួយ។

ចំពោះ​សិក្ខាកាម​ថ្នាក់​តែង​និពន្ធ​អត្ថបទ​ភាពយន្ត និង​ថ្នាក់​ជំនាញ​ដឹកនាំ​រឿង ត្រូវ​មាន​គោល​រឿង ឬក៏​អត្ថបទ​ភាពយន្ត​ខ្នាត​ខ្លី ដែល​បាន​សរសេរ​រួច​សម្រាប់​ធ្វើ​ការ​កែ​លម្អ និង​ដើម្បី​ពិភាក្សា​នឹង​សាស្ត្រាចារ្យ​ជំនាញ​ដើម្បី​បន្ត​ផលិត​ចេញ​ជា​ភាពយន្ត​ខ្លី។

លោក ហួយ សុជាតិ បញ្ជាក់​ពី​បេក្ខភាព​នៃ​សាស្ត្រាចារ្យ​ក្នុងការ​បណ្តុះបណ្តាល​លើក​ទី ២ នេះ​ដែរ​ថា៖ «មាន​សាស្ត្រាចារ្យ ៣ រូប ដែល​សុទ្ធ​តែ​មាន​បទពិសោធ​ច្រើន និង​ល្អ​លើ​មុខ​ជំនាញ។ ទី ១ គឺ​យើង​មាន​លោក សុខ សំអាត ជា​អ្នក​ជំនាញ​ថតរូប​បញ្ចប់​ការ​សិក្សា​ថតរូប​នៅ​ឆ្នាំ ១៩៨៨ និង​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​ឆ្នើម​នៅ​ឆ្នាំ ២០០៥។ ទី ២ លោក Deependra Gauchan គឺ​ជនជាតិ​នេប៉ាល់ ជំនាញ​ខាង​និពន្ធ​អត្ថបទ និង​ដឹកនាំ​រឿង និង​ទី ៣ លោក Matthew Robinson ជំនាញ​ខាង​និពន្ធ​អត្ថបទ និង​ដឹកនាំ​រឿង ដោយ​លោក​គឺជា​ជន​ជាតិ​អង់គ្លេស»៕