ភ្នំពេញៈ នៅ​តាម​បណ្តោយ​ផ្លូវ​ដ៏តូច​មួយ​ស្ថិត​នៅ​ចំហៀង​ព្រះបរមរាជវាំង រូប​គំនូរ​ព្រះបាទ​ជ័យវរ្ម័ន​ទី​​ ៧ បាន​រំលេច​សោភ័ណ​យ៉ាង​ល្អ​ឯក​នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​ប្រជាជន​។

ផ្ទៃ​ជញ្ជាំង​បណ្តោយ​ប្រមាណ​ជាង ៨ ​ម៉ែត្រ និង​ទទឹង​ជាង ២ ​ម៉ែត្រ​ត្រូវ​បាន​ស្រោប​ដោយ​គំនូរ​ពណ៌​ទឹកក្រូច​ស្រស់​លាយ​ជាមួយ​នឹង​ពណ៌​រមៀត​នៅ​ចំ​កណ្តាល​នៃ​ផ្ទៃ​គំនូរ​បាន​រំលេច​នូវ​រូបភាព​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ បែរ​ព្រះភក្ត្រ​មួយ​ចំហៀង​។ នៅ​ចំ​ខាង​លើ​មាន​រូប​រាហ៊ូ ខាំ​ពាំ​វត្ថុ​អ្វី​មួយ​ទាំង​ទឹកមុខ​មាំទាំ អម​ដោយ​រូប​ពពួក​យក្ស​កំពុង​ធ្វើ​សង្គ្រាម​ច្បាំង​ដណ្តើម​អំណាច​គ្នា​។ ចំណែកឯ​កៀន​ខាង​ក្រោម​ទាំង​សងខាង​បាន​បង្ហាញ​នូវ​រូប​អប្សរា​ ២ ​អង្គុយ​ពែនភ្នែន​យ៉ាង​ប្លែក​ភ្នែក​។

គំនូរ​ដ៏ទាក់ទាញ​មួយ​នេះ​ត្រូវ​បាន​គូរ​ដោយ​វិចិត្រករ​វ័យក្មេង​កម្ពុជា​ដែល​មាន​ឈ្មោះ​ល្បីល្បាញ និង​ជា​អតីត​ម្ចាស់​ពានរង្វាន់​គំនូរ​អាស៊ាន​លោក យី កក្កដា​។ គំនូរ​មួយ​ផ្ទាំង​នេះ​ត្រូវ​បាន​គូរ​ឡើង​ដោយ​គំនិត​ច្នៃប្រឌិត​រវាង​សិល្បៈ​គំនូរ​បុរាណ និង​សម័យ​។

វិចិត្រករ​វ័យ ២៣ ​ឆ្នាំ​រូបនេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹង​ថា​៖ «​មូលហេតុ​ដែល​ខ្ញុំ​ចាប់ផ្តើម​គូរគំនូរ​នេះ ព្រោះ​ខ្ញុំ​គិត​ថា​វា​ជា​សិល្បៈ​មួយ​ដោយ​មុន​ដំបូង​ខ្ញុំ​ទៅ​លេង​ប្រាសាទ​អង្គរវត្ត​ដែល​ជា​ក្តី​ស្រមៃ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ឃើញ​រូប​ប្រាសាទ​ហ្នឹង ធ្វើឲ្យ​អារម្មណ៍​ខ្ញុំ​ទាក់ទាញ​ទៅ​លើ​ប្រាសាទ​អង្គរវត្ត​ឃើញ​មាន​ចម្លាក់​ក្បាច់​រចនា​ពី​បុព្វបុរស​សម័យ​ដើម ជាពិសេស​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ព្រះអង្គ​គឺជា​ស្ដេច​ដ៏អស្ចារ្យ​មួយ​ដែល​បាន​បង្កើត​អ្វីៗ​គ្រប់យ៉ាង​នៅក្នុង​សម័យអង្គរ និង​បាន​បន្សល់​ទុក​ដោយ​ស្នាដៃ​យ៉ាងច្រើន​អ៊ីចឹង​ធ្វើឲ្យ​ខ្ញុំ​ចង់​គូររូប​របស់​ដូនតា​ដាក់​លើ​ជញ្ជាំង ដើម្បី​បង្ហាញ​ពី​សិល្បៈ​របស់​ពួកគាត់​ដែល​បាន​បន្សល់​ទុក​ឲ្យ​យើង​ដល់ពេល​បច្ចុប្បន្ន​នេះ​»​។

លោក យី កក្កដា បាន​ថ្លែង​ថា​រូបគំនូរ​នេះ​មាន​សារៈប្រយោជន៍​ច្រើន​ដូចជា​ទី​ ១ គឺ​ការថែរក្សា​វប្បធម៌​ជាតិ ព្រោះ​លោក​សង្កេត​ឃើញ​ថា ចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​មួយ​ចំនួន​ហាក់​កំពុង​មាន​ភាពរលុប​រូបរាង​ទៅ​តាម​អាយុកាល​។ ដូចនេះ​បាន​ជា​លោក​មក​គូរ​គំនូរ​នៅ​ជញ្ជាំង​ផ្ទះ​ឯ​ទីក្រុង ដើម្បី​បង្ហាញ​ពី​ស្នាដៃ​ចម្លាក់​របស់​បុព្វបុរស​ដែល​បាន​បន្សល់ទុក​។ ទី​ ២ គឺ​គំនូរ​បាន​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ចូលចិត្ត​រៀន​ខាង​ផ្នែក​សិល្បៈ​បុរាណ និង​អ្នក​រៀន​ខាង​សិល្បៈ​ផ្សេងៗ​ឲ្យ​បាន​ដឹង បាន​ស្គាល់​ក៏​ដូចជា​ផ្សព្វផ្សាយ​ចំណេះដឹង​។ ទី​ ៣ គឺ​ជួយ​ផ្សព្វផ្សាយ​សិល្បៈ និង​វប្បធម៌​ខ្មែរ​ដល់​ជនបរទេស ព្រោះ​នៅ​ពេល​ពួកគេ​បាន​ដើរ​មក​ឃើញ​នូវ​ផ្ទាំងគំនូរ​នេះ​ពួកគេ​នឹង​ស្គាល់​ពី​លក្ខណៈ​ក្បូរក្បាច់​រចនា​នៃ​ទម្រង់​សិល្បៈ​ខ្មែរ​។

សកម្មភាព​គូរ​តាម​ជញ្ជាំង​ផ្ទះ​របស់​លោក​កន្លង​មក​។ រូបថត Yousos Apdoulrashim

ដោយ​ហេតុតែ​ចិត្ត​ស្រឡាញ់​លើ​សិល្បៈ​គំនូរ​លោក យី កក្កដា បាន​ចំណាយ​ពេល​គូរគំនូរ​ដ៏ធំ​មួយ​នេះ​តែ​ម្នាក់ឯង​ប្រមាណ​ជាង​​ ១ ​សប្ដាហ៍​ដោយ​ប្រើ​ថវិកា​ផ្ទាល់​ខ្លួន និង​ការមាន​ការឧបត្ថម្ភ​មួយ​ចំនួន​ពី​មិត្តភក្តិ សរុប​ប្រមាណ​ជិត ១០០០ ​ដុល្លារ​ក្នុង​ការសម្រេច​គំនូរ​មួយ​ផ្ទាំង​លើ​ជញ្ជាំង​ផ្ទះ​កណ្ដាល​ទីក្រុង​នេះ​។

សិល្បករ​គំនូរ​សហសម័យ​វ័យក្មេង​រូប​នេះ​និយាយ​បន្ត​ថា​៖ «​ការ​គូរគំនូរ​លើ​ជញ្ជាំង​មួយ​ផ្ទាំង​នេះ​បាន​ជួប​នូវ​ឧបសគ្គ​ជាច្រើន ព្រោះ​ជញ្ជាំង​មាន​សភាព​ចាស់​ពុកខូច​ហើយ​កន្លែង​ខ្លះ​ធ្លាក់​ចុះ​សាច់​ជញ្ជាំង​មក​ទៀត​ដូចនេះ​ខ្ញុំ​ត្រូវ​ធ្វើការ​ឈូស​ជញ្ជាំង​ឲ្យ​ស្មើ​ និង​ត្រូវ​ដុះខាត់​ថែម​ទៀត​ដោយសារ​តែ​ជញ្ជាំង​ដុះ​ស្លែ​ខ្លាំង តាម​កន្លែង​។ ចំណុច​ពិបាក​មួយ​ទៀត​គឺ​ត្រូវ​គូរ​នៅ​កណ្តាល​ថ្ងៃ​ក្តៅ​ខ្លាំង​»​។

វិចិត្រករ​ក្មេង​ដែល​ពេញចិត្ត​បញ្ចេញ​ស្នាដៃ​មិន​គិត​ប្រាក់​ជា​ថ្នូរ​រូបនេះ​ក៏​បាន​បង្ហើប​ពី​បំណងប្រាថ្នា​នា​ថ្ងៃ​អនាគត ដោយ​លោក យី កក្កដា ប្រាថ្នា​ធ្វើឲ្យ​សិល្បៈ​វប្បធម៌​ជាតិ​ខ្មែរ និង​សិល្បៈ​នៃ​ការច្នៃប្រឌិត​របស់​ខ្លួន​ឲ្យ​មាន​ការទទួល​ស្គាល់​ពី​សំណាក់​បរទេស និង​ធ្វើឲ្យ​កម្ពុជា​មាន​ភាពល្បីល្បាញ មាន​ការសរសើរ​គាំទ្រ​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ​៕