
វិចិត្រករ ចាន់ សោភ័ន និងផ្ទាំងគំនូរស្នាដៃបញ្ចប់ថ្នាក់អនុបណ្ឌិតនៅកូរ៉េដែលលោកបានសន្សំជាង ១០ ឆ្នាំ។ រូបថត សហការី
ភ្នំពេញ: បណ្តុំផ្ទាំងគំនូរ ៣០ ផ្ទាំង និងចម្លាក់ចំនួន ៣ ជាស្នាដៃបានសន្សំទុកអស់ពេលជាង ១០ ឆ្នាំ របស់វិចិត្រករខ្មែរ លោក ចាន់ សោភ័ន ត្រូវបានដាក់តាំងនៅឯវិចិត្រសាលនៃមជ្ឈមណ្ឌលបុប្ផាណាដោយចាប់ផ្តើមកាលពីចុងសប្តាហ៍ និងបន្តរហូតដល់ថ្ងៃទី ២៩ ខែមិថុនាដោយស្វាគមន៍ប្រិយមិត្តចូលទស្សនាដោយសេរី។
លោក ចាន់ សោភ័ន សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឲ្យដឹងថា៖ «នេះជាការបើកការតាំងពិព័រណ៍ស្នាដៃវិចិត្រកម្មលើកទី ១ របស់ខ្ញុំនៅមជ្ឈមណ្ឌលបុប្ផាណា ខណៈគំនូរទាំងនេះជាស្នាដៃបញ្ចប់ថ្នាក់អនុបណ្ឌិតរបស់ខ្ញុំកាលរៀនចប់នៅប្រទេសកូរ៉េខាងត្បូង»។
វិចិត្រករកើតក្នុងគ្រួសារកសិករនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសូនរូប និងវិចិត្រកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ ២០១០ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសិល្បៈនៅសាកលវិទ្យាល័យ SangMyung ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៤ ។
វិចិត្រករខ្មែរវ័យ ៣៨ ឆ្នាំរូបនេះបានឲ្យដឹងទៀតថា៖ «គំនូរជាង ៣០ ផ្ទាំង និងស្នាដៃចម្លាក់ធ្វើពីកម្ទេចឈើកិនចំនួន ៣ បានដាក់តាំងពិព័រណ៍ ក្រោយពីបានគូរ និងសន្សំទុកអស់រយៈពេលជាង ១០ ឆ្នាំមក»។

គំនូរលោកមានគេជាវខ្លះហើយក្នុងតម្លៃខ្ពស់បំផុត ៣៥៨០ ដុល្លារ។ រូបថត សហការី
ផ្ទាំងគំនូរចំនួន ៣០ ផ្ទាំងដែលមានតម្លៃអាស្រ័យលើទំហំចាប់ពី ១០ រហូត ៣៥៨០ ដុល្លារត្រូវបានជាវជាបណ្ដើរចំនួន ៣ ផ្ទាំងហើយ។
លោកប្រាប់ថា៖ «គំនូរ ៣ ផ្ទាំងលក់នោះគឺមាន ២ ផ្ទាំងគឺជាគំនូរដោយ ១ ផ្ទាំងមានតម្លៃ ៥០ ដុល្លារដែលអ្នកទស្សនាកាលពីថ្ងៃសម្ពោធបានជាវ និង ១ ផ្ទាំងមានតម្លៃ ១០០ ដុល្លារមានឈ្មោះថា «បឹងដំរីឬ វាលដំរី» នៅជើងភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែលបុគ្គលិកធ្វើការនៅមជ្ឈមណ្ឌលបុប្ផាណាគឺជាអ្នកជាវយក ដោយវាមានទំហំ ៤០ សង់ទីម៉ែត្រ x ១២០ សង់ទីម៉ែត្រ»។

រូបគំនូរឈ្មោះថា «បឹងដំរីឬ វាលដំរី» នៅជើងភ្នំក្រវាញ ខេត្តពោធិ៍សាត់។រូប សហការី
លោកបានបន្តទៀតថា៖ «គំនូរដែលមានតម្លៃជាងគេមានចំណងជើងថា «ព្រៃឋានសួគ៌» មានតម្លៃ ៣៥៨០ ដុល្លារ ខណៈផ្ទាំងផ្សេងៗទៀតក៏មានតម្លៃ ៥០០ ឬ ១ ពាន់ដុល្លារដែរ»។
លោក ចាន់ សោភ័ន ក៏បានរំឭកដែរថាកាលលោកទើបតែបញ្ចប់ការសិក្សាកម្រិតអនុបណ្ឌិតនៅកូរ៉េដែលខាងសាលាបានស្នើឲ្យលោកបង្រៀននៅសាកលវិទ្យាល័យទីនោះជាមួយប្រាក់ខែជាង ៣ ពាន់ដុល្លារ តែលោកនៅតែសម្រេចចិត្តវិលត្រឡប់មកស្រុកខ្មែរ ដើម្បីនាំយកជំនាញ និងចំណេះមកបណ្តុះបណ្តាលបន្តដល់កូនខ្មែរ។
លោក ចាន់ សោភ័ន បង្ហើបថា៖ «ក្នុងសារនេះដែរ ខ្ញុំចង់ផ្តាំផ្ញើដល់អ្នកដែលបានទៅរៀននៅក្រៅប្រទេស និងបានរៀនចប់ គួរតែពិចារណាឡើងវិញហើយវិលមកជួយសង្គមជាតិខ្លួនផង ខណៈបច្ចុប្បន្ននេះស្រុកទេសដូចជាមានសន្តិភាពហើយ សុំកុំគិតតែជារឿងអាទិភាពរកប្រាក់ខែច្រើន ឬទាល់តែរកបានលុយច្រើនមួយមុខនោះទៀតអី»៕

