ក្រុងសៀមរាបៈ ក្រោយពី​មាន​បទពិសោធ​រកឃើញ​បច្ចេកទេស​ថ្មី​គូរគំនូរ ដោយ​ការដុត​កម្លោច​លើ​ស្លឹកត្នោត​ដោយ​ខ្លួនឯង​ប្រមាណ ១៣ ឆ្នាំ និង​មានកេរ្តិ៍ឈ្មោះ​ល្បី​ផ្នែក​វិចិត្រកម្ម​ដ៏កម្រ​នេះ លោក រឿម ប៊ុនហាក់ ក៏​ប្រាថ្នា​ចង់​បណ្តុះបណ្តាល​ជំនាញ​ដែល​ខ្លួន​ចេះ​ដោយ​គ្មាន​គ្រូ​នេះ​បន្ត​ទៅ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ផងដែរ ប្រសិន​បើ​មាន​ការជួយជ្រោមជ្រែង​ពី​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​។

នេះ​បើ​យោង​ទៅ​តាម​សម្តី​រៀបរាប់​ដោយ​ក្តី​សោមនស្ស​វិចិត្រករ​មាន​វ័យ ៤០ ​ឆ្នាំ​លោក​ រឿម ប៊ុនហាក់ បាន​ឲ្យ​ដឹងថា​៖ «​ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប​គឺ​ពិតជា​ចង់​បណ្តុះ​នូវ​ចំណេះដឹង គំនូរ​ដុត​កម្លោច​លើ​ស្លឹកត្នោត​នេះ​ខ្លាំងណាស់​ដល់​អ្នកជំនាន់ក្រោយ ប្រសិន​មាន​ការជួយ​ជ្រោមជ្រែង​ដល់​រូបខ្ញុំ​ក្នុង​ការត្រួសត្រាយ​ផ្លូវ​បើក​ឲ្យ​មាន​ថ្នាល​បណ្តុះបណ្តាល​»​។

លោក​បន្តថា​៖ «​ប្រសិន​បើ​ខាង​រដ្ឋាភិបាល ឬ​ក៏​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​អាចជួយ​ឲ្យ​ខ្ញុំ​មាន​កន្លែង​សម្រាប់​បង្រៀន​ជំនាញ​នេះ [​គំនូរ​ដុត​កម្លោច​លើ​ស្លឹកត្នោត​] មាន​ប្រាក់ខែ​អាច​ចិញ្ចឹម​គ្រួសារ​បាន​នោះ ខ្ញុំ​ពិតជា​ត្រេកអរ​នឹង​ជួយ​បង្រៀន​ទៅដល់​ប្អូនៗ​ជំនាន់​ក្រោយ​។ បច្ចុប្បន្ននេះ​ខ្ញុំ​គ្មាន​ពេលវេលា​អាច​ឆ្លៀត​បង្រៀន​បាន ព្រោះតែ​នៅ​រវល់​ប្រកប​របរ​ដើម្បី​ជីវភាព​គ្រួសារ​ខ្លួនឯង ទើប​មិនទាន់​សល់​ពេល​អាច​ឆ្លៀត​បង្រៀន​អ្នកជំនាន់ក្រោយ​បាន​»​។

អតីត​ជាងគំនូរ​ប្រេង​គូរ​តាម​ជញ្ជាំង​វត្ត​អារាម​ រឿម ប៊ុនហាក់ (Bunhak Roeum) ដែល​ផ្តើម​បង្កើត​ស្នាដៃ​ថ្មី​ខ្លួនឯង គឺ​គំនូរ​កម្លោច​ស្លឹកត្នោត​ដំបូង​ឆ្នាំ​ ២០០៧ ក្នុង​វ័យ ២៧ ​ឆ្នាំ​ហើយ​តាម​ជំនឿ​ចាស់​បុរាណ ថា​ជា​ឆ្នាំ​ដែល​លោក​ស្ថិត​ក្នុង​លេខ​គ្រោះថ្នាក់ ខណៈពេល​នោះ​លោក​ក៏​ផ្អាក​ពី​ការងារ​ជាង​គំនូរ​ផងដែរ ព្រោះតែ​ភាព​អស់សង្ឃឹម និង​កើត​ជំងឺ​បាក់​ទឹកចិត្ត ដ្បិត​អាជីព​ជាងគំនូរ​គ្មាន​ទីផ្សារ​អាច​ចិញ្ចឹមជីវិត និង​បាន​ទៅ​នៅ​ជាមួយ​ពូ​ជីដូនមួយ​នៅ​ហាង​គុយទាវ​មួយ​នៅ​ម្តុំ​សារមន្ទីរ សង្គ្រាម​ក្នុង​ខេត្តសៀមរាប​។

ការដុត​កម្លោច​នៅលើ​ស្លឹកត្នោត​បង្កើត​បាន​ជា​គំនូរ​ទេសភាព​នៃ​ប្រាសាទបុរាណ​។ សហការី

លោក រឿម ប៊ុនហាក់ បាន​រំឭក​ឲ្យ​ដឹង​ពី​ប្រវត្តិ​បង្កើត​ស្នាដៃ​នេះ​ផងដែរ​ថា​៖ «​កាលពី​ធ្វើការ​នៅ​ហាង​គុយទាវ​របស់​ពូ​ខ្ញុំ ខណៈ​វេលា​ព្រឹក​មួយ​នោះ​មាន​ភ្ញៀវ​បើកឡាន​ចូល​ហាង​គុយទាវ ហើយ​ខ្ញុំ​កំពុងតែ​ប្រមូល​ស្លឹក​ដូង និង​ស្លឹកត្នោត​ក្រៀម ដែល​ជា​សំរាម​ទៅ​ដុត​ក្នុង​រណ្តៅ​មួយ​។ ក្រោយពី​ដុត ខ្ញុំ​អង្គុយ​មើល​អណ្តាតភ្លើង​ឆេះ​ស្លឹកត្នោត​នោះ និង​ដោយសារ​ខ្ញុំ​ជា​វិចិត្រករ​ស្រាប់​ក៏​មើលឃើញ​ពី​ប្រយោជន៍​នៃ​រូបភាព​ផុសចេញ​ជា​រូបរាង​ប្លែកៗ​ទៅ​តាម​អារម្មណ៍​ខ្លួន​គិត​ស្រមៃ​ឃើញ​មាន​ដូចជា​រូប​សត្វ​គោ រូប​មនុស្ស និង​រូប​ទេសភាព​ធម្មជាតិ​នានា​។ ស្អែកឡើង ខ្ញុំ​ក៏​កាត់​ស្លឹកត្នោត​ទំហំ ១ ​តឹក ១០ ​លី​សាកល្បង​ភ្លាម ដោយ​ប្រើ​ដែក​កាតាយ៉េ»។

លោកបន្ថែមថា «លើកដំបូង​មិន​បាន​ផល​ល្អ​ឡើយ ដោយសារ​មិនទាន់​មាន​គុណភាព​ល្អ​ទាំង​គំនូរ ការប្រើ​ស្លឹកត្នោត និង​ដែក​ដុត​កម្លោច​។ គ្រាមួយ មិត្តភក្តិ​បាន​នាំ​ទៅ​លេង​នៅ​ម្តុំ​តំបន់​ប្រាសាទ​ក្រវាន់ អង្គុយ​ផឹកទឹក​ត្នោតជូរ ហើយ​ឃើញ​បងស្រី​ម្នាក់​គាត់​ចាក់​កន្តំ ក៏​សួរនាំ​រឿង​ស្លឹកត្នោត​ថា តើ​ធ្វើយ៉ាងណា​បាន​ស្លឹកត្នោត​ស្វិត​ល្អ គាត់​ក៏​ប្រាប់ថា គឺ​យក​បណ្តូល​ស្លឹកត្នោត​ហាល​វា​ឲ្យ​ស្ងួត​។ ពេលនោះ​ហើយ ខ្ញុំ​បាន​បទពិសោធ​ថ្មី​លើ​គុណភាព​នៃ​ស្លឹកត្នោត​។ ចំណែក​ដែក​ដុត​កម្លោច​វិញ ខ្ញុំ​បានការ​ពិសោធ​ពី​ពូ​ខ្ញុំ គាត់​ផ្តល់យោបល់​ឲ្យ​សាក​ប្រើ​ដែក​ស៊ី​ប៉ាប់​ម៉ូតូ​ជំនួស​ដែក​កាតា​យ៉េ​។ ពេល​សាក​ប្រើ​ទៅ​គឺ​ដែក​ស៊ីប៉ាប់​ម៉ូតូ ដុត​ឆ្លាក់​ជា​រូបភាព​ផ្សេងៗ​មាន​សុពលភាព​បាន​យូរ​ប្រមាណ ៧-៨ ខែ ឯណោះ ហើយ​មាន​ប្រសិទ្ធភាព​ជាង​ទៀតផង​»​។

ចំពោះ​ស្នាដៃ​គំនូរ​កម្លោច​លើ​ស្លឹកត្នោត​របស់​វិចិត្រករ រឿម ប៊ុនហាក់ មានតម្លៃ​ចន្លោះ​ពី ១ ​ផ្ទាំង ១០ ​ដុល្លារ​ទៅ​ដល់ ១ ​ផ្ទាំង ៣០០ ​ដុល្លារ ដែល​អាស្រ័យ​តាម​ទំហំ និង​តម្រូវការ​នៃ​ក្បាច់​គំនូរ​របស់​អ្នក​ជាវ​ដែល​អាច​រក​ជាវ​បាន​នៅ​វិចិត្រសាល​មានឈ្មោះ​ថា Khmer Art Connections នៅ​ខេត្តសៀមរាប​។

លោក រឿម ប៊ុនហាក់ ក៏បាន​ប្រាប់​ពី​ទំហំ​នៃ​ផ្ទាំងគំនូរ​លើ​ស្លឹកត្នោត​ដែរ​ថា​៖ «​សម្រាប់​ស្នាដៃ​នៅលើ​ទំហំ ២៥ តឹក x ៣០ ​តឹក ប្រើពេល​ពី ៣ ​ម៉ោង ទៅ​ដល់​ ៣ ​ម៉ោង​កន្លះ យើង​លក់​តម្លៃ​ ១០ ​ដុល្លារ ហើយ​ទំហំ ២៥​ តឹក x ៤០ ​តឹក លក់​តម្លៃ ២០ ​ដុល្លារ​។ ចំណែក​ទំហំ ៤០ ​តឹក x ៥០ ​តឹក លក់​តម្លៃ ៥០​ ដុល្លារ និង​ទំហំ ១២០ ​តឹក x ៧០ ​តឹក វិញ តម្លៃ ៣០០ ​ដុល្លារ​។ ចំពោះ​ផ្ទាំង​ធំៗ​គឺ​យើង​អាច​ប្រើពេល​វេលា​ពី ១ ​អាទិត្យ ដល់​កន្លះ​ខែ ទើប​គូរ​រួចរាល់ និង​អាស្រ័យ​តាម​ក្បូរក្បាច់​នៃ​គំនូរ​ផងដែរ​»៕

គំនូរ​ស្លឹកត្នោត​អប្សរា និង​ព្រហ្ម​មុខ​ ៤​។ សហការី

ឧបករណ៍​ដែក​ច្នៃ​សម្រាប់​ដុត​កម្លោច​ស្លឹកត្នោត​។ សហការី