ក្រុងសៀមរាបៈ ទោះបី​ជា​គ្មាន​សញ្ញាបត្រ​ជំនាញ​វិចិត្រកម្ម​មែន​ក្តី តែ​ថ្វីដៃ​គំនូរ​គូរ​លើ​វត្ថុ​ប្រើប្រាស់​តូចតាច​នានា​របស់​លោក មែ កក្កដា កំពុង​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវទេសចរ​បរទេស​ខ្លាំង​នៅ​ក្រុង​សៀមរាប​រហូត​ដល់​មាន​អ្នក​សុំ​រៀន​គូរ​ជាមួយ​នឹង​លោក​ទៀត​ផង​។

លោក មែ កក្កដា វិចិត្រករ​ខ្មែរ​វ័យ ៣៤ ​ឆ្នាំ​ដែល​មាន​ស្រុក​កំណើត​នៅឯ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​បាន​ទៅ​រស់នៅ​ក្រុង​សៀមរាប​នៅ​ឆ្នាំ​ ២០០៧ ហើយ​ធ្លាប់​បាន​រៀន​នូវ​ជំនាញ​សិល្បៈ​គំនូរ​តិចតួច​នៅ​អង្គការ​ឈ្មោះ Color of Cambodia នៅ​ក្រុង​សៀមរាប​នៅក្នុង​ឆ្នាំ​ ២០១៤ ដោយ​បាន​ចូលរៀន​ត្រឹមតែ ១ ​ខែ​ប៉ុណ្ណោះ ក្រៅពី​នេះ​ឆ្លៀត​រៀន​ពី​គ្រូសិល្បៈ​នេះ​បន្តិច​នោះ​បន្តិច ដោយសារ​តែ​គ្មាន​ពេល​ទៅ​រៀន​ព្រោះ​ជាប់រវល់​ប្រកបរបរ​គូរគំនូរ​ដើម្បី​រកប្រាក់​ចិញ្ចឹម​ជីវិត​។

វិចិត្រករ មែ កក្កដា ប្រាប់​ពី​ការផ្តើម​មាន​គំនិត​ច្នៃ​គំនូរប្រេង​លើ​វត្ថុ​ប្រើប្រាស់​នេះ​ថា​៖ «​ទើប​តែ​ត្រឹម ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ខ្ញុំ​បាន​បែក​គំនិត​ច្នៃ​គំនូរ​លើ​វត្ថុ​ផ្សេងៗ​មាន កែវ ចាន ពែង ត្រឡោក មួក​ការពារ អាវយឺត កែវ​កាហ្វេ កែវស្រា​បៀរ ហ្គីតារ​ និង​សម្បក​ទូរស័ព្ទ​ដែរ​។ ស្នាដៃ​គំនូរ​នេះ​ធ្វើឲ្យ​មាន​ការចាប់​អារម្មណ៍ និង​កោតសរសើរ​ពី​បងប្អូន​ខ្មែរ​នៅ​សៀមរាប​ខ្លាំង ជាពិសេស​គឺ​ក្រុម​ទេសចរ​ជា​បរទេស​តែ​ម្តង​»​។

ក្រុម​ទេសចរ​បរទេស​ចាប់អារម្មណ៍​ខ្លាំង​នឹង​គំនូរប្រេង​លើ​កែវ​របស់​វិចិត្រករ មែ កក្កដា នៅ​ផ្សារ​រាត្រី​ក្រុង​សៀមរាប​។ រូប សហការី

ក្រៅពី​គូរ​លើ​វត្ថុ​ប្រើប្រាស់​ខាង​លើ​នោះ​ហើយ វិចិត្រករ​គ្មាន​សញ្ញាបត្រ​តែ​មាន​ទេពកោសល្យ និង​ដុង​ពី​កំណើត​ក៏​អាច​គូររូប​ផ្សេងៗ​តាម​តម្រូវការ​ភ្ញៀវ​បាន​ដែរ មាន​រូប​ទង់ជាតិ​តំណាង​ប្រទេស រូប​ទេសភាព​ប្រាង្គ​ប្រាសាទបុរាណ​អង្គរវត្ត ឬ​បាយ័ន​ជាដើម រំលេច​ដោយ​សោភណភាព​ស្រស់ស្អាត​។ ស្នាដៃ​គំនូរ​ប្រើ​ថ្នាំ​ប្រេង​ទាំងនេះ​តម្លៃ​ទាប​បំផុត​ត្រឹម ២ ​ដុល្លារ ខណៈ​ថ្លៃ​បំផុត ១៥ ​ដុល្លារ ឬ ១៨ ​ដុល្លារ​។ លោក​បង្ហើប​ថា​៖ «​គូរ​លើ​វត្ថុ​តូចៗ ១ ​តម្លៃ ២ ដុល្លារ ខណៈ​កែវ​កាហ្វេ ឬ​កែវស្រា​បៀរ​ធំ ១ ​តម្លៃ​អាច ១៥ ដុល្លារ ឬ ១៨ ​ដុល្លារ ។ ហើយ​គូររូប​នៅលើ​សម្បក​ទូរស័ព្ទ​វិញ​ ១ ​តម្លៃ ៨ ​ដុល្លារ​សម្រាប់​ខ្មែរ និង​តម្លៃ ១២ ​ដុល្លារ សម្រាប់​បរទេស​»​។

តាមធម្មតា​សម្រាប់​ជីវភាព​វិចិត្រករ​ដែល​ពឹង​លើ​ការប្រើ​គំនិត​ច្នៃប្រឌិត និង​ជក់​គូរគំនូរ​ជា​មធ្យោបាយ​ចិញ្ចឹមជីវិត​នោះ​ហាក់​មាន​អ្នក​លើក​ឡើង​ថា មិន​កប ឬ​ពុំ​អាច​ពឹង​បាន​។ តែ​លោក មែ កក្កដា វិញ​បង្ហើប​ឲ្យ​ដឹងថា​៖ «​កាលពី​នៅ​គូររូប​លើ​ផ្ទាំង​ក្រដាស ឬ​ក្រណាត់​នោះ​ដូចជា​ពិបាក​ចិញ្ចឹម​គ្រួសារ​ណាស់ តែ​ចាប់​តាំងពី​ខ្ញុំ​ច្នៃ​រូប​នៅ​លើ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​ទាំងនេះ ប្រាក់ចំណូល​ប្រចាំ​ថ្ងៃ ឬ​ខែ អាច​ជួយ​សម្រួល​ជីវភាព​គ្រួសារ​ខ្ញុំ​ស្រួល​ជាង​មុន​»​។

សម្បក​ទូរស័ព្ទ​របស់​វិចិត្រករ មែ កក្កដា នៅ​ផ្សារ​រាត្រី​ក្រុង​សៀមរាប​។ រូប សហការី

ក្រោយពី​ប្រកប​អស់​រយៈពេល​ជាង ២ ​ឆ្នាំ​មក​ក៏​មាន​ការ​កុម្ម៉ង់​គូរ​លើ​រូប​លើ​វត្ថុ​ផ្សេងៗ​ច្រើន ហើយ​ប្រសិន​បើ​លោក​ម្នាក់ឯង​មិន​អាច​ធ្វើ​ទាន់​ទេ​។ លោក មែ កក្កដា បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ដូច្នេះ​ហើយ​ខ្ញុំ​បណ្តុះ​ប្អូនប្រុស ២ ​នាក់​ទៀត ដែល​ចូលចិត្ត​ជំនាញ​នេះ​ឲ្យ​គេ​ចេះ និង​អាច​ជួយ​សម្រួល​ខ្ញុំ​បាន ហើយ​ក៏​មាន​គម្រោង​លក់​បោះ​ដុំ​នៅ​ទីផ្សារ​ក្រៅ​ពី​ក្រុង​សៀមរាប​​ដែរ​។ គោលដៅ​នាំ​យក​ផលិតផល​គំនូរ​ច្នៃ​លើ​វត្ថុ​ប្រើប្រាស់​​រួមមាន ចាន កែវ​កាហ្វេ កែវ​ស្រាបៀរ ឬ​សម្បក​ទូរស័ព្ទ​នោះ ទៅ​បោះ​ដុំ​លក់​នៅ​ផ្សារ​ចំនួន​ ២ ក្នុង​រាជធានី​ភ្នំពេញ​គឺ​ផ្សារ​ទួលទំពូង និង​ផ្សារ​ធំថ្មី​»​។

ក្រៅពី​មមាញឹក​នឹង​ការងារ​គូរគំនូរ​នោះ​លោក មែ កក្កដា ក៏​ឆ្លៀត​បង្រៀន​ក្រៅ​ម៉ោង​ទៅ​ដល់​សិស្ស​ជា​បរទេស​ដែល​ចង់​ចេះ​គូរ​ផង​ដែរ​។ លោក មែ កក្កដា មាន​បងប្អូន ៥ ​នាក់​បន្ថែម​ថា​៖ «​ខ្ញុំ​ក៏​បាន​ឆ្លៀត​បង្រៀន​ជនបរទេស ក្រៅ​ម៉ោង​ដែរ​នាពេល​ពួកគាត់​ស្នើ​ឲ្យ​បង្រៀន​ពី​របៀប​គូរ​លើ​វត្ថុ​ប្រើប្រាស់​ដូចជា​កែវ ចាន ត្រឡោក កែវ​កាហ្វេ ឬ​កែវស្រា​បៀរ ជាដើម​នោះ​។ ការបង្រៀន​នេះ​ខ្ញុំ​តម្រូវ​ឲ្យ​ពួកគាត់​គិត​ជា​ម៉ោង​គឺ​ ១ ​ម៉ោង​តម្លៃ ១០ ​ដុល្លារ​តែ​ប៉ុណ្ណោះ​»៕