ភ្នំពេញៈ កើត​ចេញ​ពី​ឆន្ទៈ និង​មនសិការ​ចង់​បន្សល់​ទុក​នូវ​ស្នាដៃ​ជា​គំរូ​ទុក​ដល់​ក្រុម​វិចិត្រករ​ខ្មែរ​ជំនាន់​ក្រោយ និង​បង្ហាញ​ពី​សមិទ្ធផល​ដ៏​ត្រចះ​ត្រចង់​របស់​ថ្នាក់​ដឹកនាំ នា​សម័យ​បច្ចុប្បន្ន​នេះ ទើប​វិចិត្រករ មាន​ទេពកោសល្យ និង​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​លោក លាង ស៊ីកន នឹង​នាំ​យក​នូវ​បណ្តំ​ស្នាដៃ​គំនូរ​សហ​សម័យ​ទាំង​តូច និង​ធំ​ចំនួន​ជាង ១០ ផ្ទាំង ទៅ​តាំង​បង្ហាញ​នៅ​ឯ​វិចិត្រសាល​នៃ​វិទ្យាស្ថាន​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី ២៦ ខែ មេសា ដល់​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ ២០១៨ ខាងមុខ​នេះ។

នេះ​ក៏​ជាការ​ប្រកាស​ខ្លួន​ដើម្បី​ចូលរួម​ចំណែក​បង្កើត​ស្នាដៃ​គំនូរ​បែប​សហ​សម័យ​សាជាថ្មី​ម្តង​ទៀត​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​វិចិត្រករ​រូប​នេះ បាត់​មុខ​មួយ​រយៈ​នៅ​ក្នុង​ស្រុក​ដោយ​លោក​ជាប់​រវល់​កិច្ចការ​ផ្ទាល់​ខ្លួន និង​ដោយសារ​មួយ​រយៈ​នេះ លោក​ច្រើន​តែ​នាំយក​ស្នាដៃ​នានា​ទៅ​ដាក់​តាំង​បង្ហាញ​នៅ​ឯ​ក្រៅ​ប្រទេស​មក​នោះ។

បណ្តុំ​ស្នាដៃ​គំនូរ​សហ​សម័យ​នានា​ទាំងនោះ នឹងដាក់​តាំង​រយៈពេល​មួយខែ នៅ​ឯ​វិចិត្រសាល​នៃ​វិទ្យាស្ថាន​ប្រទេស​បារាំង ក្រោម​ប្រធាន​បទ​ធំ​មួយ ដែល​មាន​ចំណង​ជើង​ថា «ពិភព​របស់​សិល្បករ»។

វិចិត្រករ​ខ្មែរ​ លាង ស៊ីកន កំពុងបង្ហើយស្នាដៃខ្លួន​។ ហេង ជីវ័ន

អ្វីដែល​អស្ចារ្យ និង​មាន​លក្ខណៈ​ថ្មី​សន្លាង សម្រាប់​ស្នាដៃ​វិចិត្រកម្ម​បែប​សហសម័យ​របស់​វិចិត្រករ​វ័យ ៤៨ ឆ្នាំ មាន​ស្រុក​កំណើត នៅ​ភូមិ​មេលប់ ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង​លោក លាង ស៊ីកន បាន​រំលេច​ចេញ​នូវ​គំនូរ​មួយ​ដ៏​កម្រ និង​ខុស​ប្លែក​ពី​វិចិត្រករ​នានា​តែម្តង​គឺ​ផ្ទាំង​គំនូរ​មាន​រូប​ថ្នាក់​ដឹកនាំ​កំពូល​នាពេល​បច្ចុប្បន្ន​គឺ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ដោយ​លោក​បាន​ដាក់​ចំណង​ជើង​ថា «ចំណង​ស្ពាន​ព្រះ​គន្លង​អវតារ Wi-Fi»។

វិចិត្រករ​ដ៏​ចំណាន​លោក លាង ស៊ីកន ដែល​ទើបតែ​បាន​វិល​ពី​ការនាំយក​ស្នាដៃ​គំនូរ​សហ​សម័យ​ចំនួន ៤២ ផ្ទាំង ក្រោម​ប្រធាន​បទ «ស្លាប់​ហើយ​រស់​ឡើង​វិញ» របស់​លោក​ទៅ​តាំង​នៅ​ឯ​អគារ​វិចិត្រសាល​ដ៏​ប្រណីត​លំដាប់​អន្តរជាតិ​នៃ​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០១៧ បាន​បង្ហើប​ឲ្យ​ដឹង​ពី​អត្ថន័យ​នៃ​ផ្ទាំង​គំនូរ​ដ៏​ពិសេស​នេះ​ថា៖ «បន្ទាប់​ពី​មាតុភូមិ​កម្ពុជា បាន​បែក​បាក់​ដោយ​សង្គ្រាម​មក នៅ​ដើម ទសវត្សរ៍​ទី ៩០ ខ្ញុំ​មើល​ឃើញ​សមិទ្ធផល​ជា​អនុស្សាវរីយ៍​នៃ​ស្ពាន​ទី ១ គឺ​ស្ពាន​ព្រះ​គន្លង​បាន​ស្ថាបនា ក្រោម​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ខ្មែរ​មាន​សម្តេច​តេជោ​ហ៊ុន សែន ដែល​ជា​ការ​កសាង​ដើម្បី​ភ្ជាប់​ចំណង​តំបន់​ទំនាប​កណ្តាល ជួយ​សម្រួល​ដល់​ដំណើរ​ឆ្លង​កាត់ និង​ដឹក​ជញ្ជូន​ភោគ​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ ហើយ​ស្ពាន​នេះ​ដែរ ជា​ការ​ជួយ​សម្រេច​បំណង​របស់​ខ្ញុំ​ផង​ដែរ ដោយសារ​តែ​ស្ពាន​ព្រះ​គន្លង បាន​ជួយ​ចម្លង​រូប​ខ្ញុំ​ពី​ស្រុក​កំណើត​មក​ក្រុង​ភ្នំពេញ មាន​ឱកាស​បាន​រៀន​សូត្រ​នូវ​មុខ​ជំនាញ​សិល្បៈ​វិចិត្រកម្ម​នៅ​សាលា​រចនា ដែល​ជា​ជោគជ័យ និង​ក្លាយ​មុខរបរ​ខ្ញុំ​សព្វថ្ងៃ​នេះ»។

លោក​បន្តថា៖ «មួយទៀត​មកដល់​សព្វ​ថ្ងៃនេះ សន្តិភាព និង​ការអភិវឌ្ឍ​ដ៏​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​សំណង់​អគារ​ខ្ពស់ៗ ដែល​ខ្ញុំ​បង្ហាញ​នៅ​ខាង​ក្រោយ​សម្តេច​នោះ គឺ​ចង់​បង្ហាញ​ពី​ការប្តូរ​មុខ​មាត់​ថ្មី និង​ការ​លូត​លាស់​របស់​រាជ​ធានី​ភ្នំពេញ គួរ​ឲ្យ​ភ្ញាក់ផ្អើល។ ចំពោះ​អវតារ Wi-Fi គឺជា​និមិត្តរូប​បូក​រួម​បញ្ចូល​គ្នា​នៃ​តួអង្គ​បុព្វបុរស​តាមរយៈ​រូប​ចម្លាក់​សម័យ​អង្គរ ដែល​ទទួល​បាន​វិល​ត្រឡប់​មក​វិញ​ពី​ប្រទេស​អង់គ្លេស ជា​តំណាង​ឲ្យ​វប្បធម៌​ដ៏​ខ្ពង់ខ្ពស់​នៃ​ខ្មែរ និង​ជា​អ្នកគាំទ្រ​ការពារ​ព្រលឹង​វប្បធម៌​ជាតិ​ឲ្យ​គង់វង្ស​ជា​អមតៈ និង​ជា​ឥស្សរិយយស​ដ៏​អស្ចារ្យ មាន​មុខងារ​បំពេញ​បន្ថែម​នៅ​ក្នុង​សម័យ​តេជោ សែន និង​ជា​ពាន​រង្វាន់​ដល់​ប្រជាជន​ខ្មែរ ហើយ​តាមរយៈ Wi-Fi នេះ​បាន​ដាស់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ភ្ញាក់​រឭក​ពួត​ដៃ​គ្នា​ជួយ​កសាង​ជាតិ​ទាំង​អស់​គ្នា​ឲ្យ​បាន​រុង​រឿង»៕

គំនូរ​សហសម័យ​ស្តី​ពី​ឥទ្ធិពលសាសនាដោយសារ Wi-Fi។ ហេង ជីវ័ន