ភ្នំពេញៈ វិចិត្រករ​ជា​និសិ្សត​ពេទ្យ​​លោក​ ហួរ សុបិន ដែល​ធ្លាប់​ឈ្នះ​ការ​ប្រកួត​ប្រជែង​ទេពកោសល្យ​គំនូរ​​ប្រចាំ​នៅ​ឆ្នាំ​ ២០១៨ កំពុង​តែ​ប្រមែ​ប្រមូល​ស្នាដៃ​​​​ខ្លួន​តាំង​ពី​ចាប់​ផ្តើម​បង្កើត​​មក និង​បង្កើត​ថ្មី​​ ដើម្បី​រៀបចំ​ការ​តាំង​​ពិព័រណ៍​ទោល​​ ​នៅ​ឯ​​​វិចិត្រសាល​ Khbach​ Gallery នា​ចុង​​ខែ​ វិច្ឆិកា ឆ្នាំ ​២០១៩​ ជា​​លើក​ដំបូង។​

ខណៈ​សព្វ​ថ្ងៃ ​ខ្លួន​ជា​និស្សិត​កំពុង​តែ​​​ចាប់​យក​ការ​សិក្សា​​ជំនាញ​​គិលានុបដ្ឋាក​មែន​ក្តី តែ​ទេពកោសល្យ​​​ជា​ដុង​ពី​កំណើត​បូក​ផ្សំ​នឹង​​ការ​ធ្លាប់​រៀន​សិល្បៈ​វិចិត្រកម្ម​ខ្លះ​ កាល​នៅ​រៀន​វិទ្យាល័យ​​នោះ បន្ត​ជំរុញ​​ទឹក​​ចិត្ត​ឲ្យ​លោក ហួរ សុបិន ចងក្រង​​ និង​ប្រមែប្រមូល​​ស្នាដៃ​​សិល្បៈ​ខ្លួន​​ ត្រៀម​រៀបចំ​ដាក់​តាំង​ពិព័រណ៍​ទោល ​​ជា​លើក​ដំបូង​របស់​ខ្លួន​ ដែល​​មាន​លក្ខណៈ​ជា​ស៊េរី​​​​ នៅ​​​ចុង​ឆ្នាំ ​២០១៩ ​នេះ។

ទោះបី​​ជា​មិន​សូវ​មាន​ពេល​​សម្រាប់​បង្កើត​ស្នាដៃ​គំនូរ​ច្រើន​មែន​​​ក្តី ក៏​​លោក ហួរ សុបិន នៅ​តែ​​​អាច​ឆ្លៀត​បង្កើត​ស្នាដៃ​គំនូរ​ប្រេង​​យ៉ាង​ល្អ​​​ស្អាត​ តាម​គំនិត​បែប​​​ស្រមើស្រមៃ​​ផ្ទាល់​ខ្លួន​​ ដោយ​​ឆ្លុះ​បញ្ចាំង​​​ពី​ទស្សនៈ​ ឬ​បង្កប់​ន័យ​​អប់រំ​ផ្នែក​​ណា​មួយ​នៅ​​ក្នុង​សង្គម​ដូច​​ជា​ស្នាដៃ​ចុង​ក្រោយ​​ខ្លះ​​ដូចជា​ស្នាដៃ​ឈ្មោះ​​​ថា​ ​«នាង​ទេពមច្ឆា​ដ៏​រីករាយ» និង​​​​ឈ្មោះ​ «ក្តី​ស្រមៃ»​​។​

ផ្ទាំង​គំនូរ​ឈ្មោះថា «នាងទេព​មច្ឆាដ៏រីករាយ»​ ​។ រូបថត ហ្វេសប៊ុក​

លោក ហួរ សុបិន ជា​និស្សិត​រៀន​ជំនាញ​គិលានុបដ្ឋាក​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​មាន​វ័យ ២១ ឆ្នាំ​មាន​​​​ស្រុក​កំណើត​ពី​ក្រុង​​សៀមរាប​ បង្ហើប​​​ពី​គម្រោង​រៀបចំ​ការ​បើក​​ពិព័រណ៍​ទោល​ខ្លួន​ខាង​​មុខ​​ថា៖ «​សម្រាប់​​​គម្រោង​​​​ពិព័រណ៍​ទោល​របស់​ខ្ញុំ​ នៅ​ថ្ងៃ​ខាង​​មុខ​នោះ គឺ​ខ្ញុំ​មាន​គម្រោង​ប្រមូល​ និង​បង្កើត​ស្នាដៃ​ជា​លក្ខណៈ​​ស៊េរី ហើយ​នឹង​​ត្រៀម​​​​ចំនួន ​១២ ផ្ទាំង​​​ ដើម្បី​ដាក់​​តាំង​នៅ​​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​នេះ​​តែ​ម្តង​។​នេះ​ជា​​ការ​បើក​តាំង​​ពិព័រណ៍​​ស្នាដៃ​ទោល​​​ដំបូង​​ខ្ញុំ ​មាន​ទាំង​ស្នាដៃ​ចាស់ និង​​​បង្កើត​ថ្មី​​»។​

វិចិត្រករ​​ ហួរ សុបិន ​បាន​​បន្ត​​​ថា​៖ «​ដូច​​គំនូរ​ ​«នាង​ទេពមច្ឆា​​ដ៏​រីករាយ» ​ស្តីពី​មច្ឆាដ៏​ស្រស់​ស្អាត​​បំផុត​ក្នុង​មហា​សមុទ្រ​​ហើយ​​នាង​ក៏​​ទទួល​បាន​ការ​ស្រឡាញ់​យ៉ាង​ខ្លាំង​ពី​មនុស្ស​​គ្រប់​គ្នា។ ​ស្នាម​ញញឹម​​​​នាង​មាន​​តម្លៃ​​សម្រាប់​មនុស្ស​គ្រប់​គ្នា​​ ហើយ​ក្តី​ស្រឡាញ់​​នាង​​គឺ​​ភ្លឺ​ជាង​​ព្រះអាទិត្យ។ ​ខ្ញុំ​ប្រើ​ពណ៌​ក្រហម ​តំណាង​ឲ្យ​​ក្តី​ស្រឡាញ់​​​​នាង​ដែល​​​ភ្លឺ​ដូច​ជា​ព្រះ​អាទិត្យ​​ ​ខណៈ​ពណ៌​ខៀវ​​​​តំណាង​ឲ្យ​ក្តី​សប្បុរស​​ដែល​ត្រជាក់​ដូច​ជា​​មហា​​សមុទ្រ និង​ពណ៌​បៃតង​ ​តំណាង​ឲ្យ​ជីវិត​ត្រូវ​ការ​ពន្លឺ និង​ទឹក​​​​​ដើម្បី​រស់នៅ​​។​

រី​ឯ​ស្នាដៃ​​ ស្តីពី ​«ក្តី​ស្រមៃ»​ ​​និយាយ​ពី​ការ​ស្រមៃ​​របស់​នារី​របាំ​ម្នាក់​ ដែល​​​ចង់​ក្លាយ​ជា​អ្នក​របាំ​ដ៏​​ជោគជ័យ​ និង​ល្បីល្បាញ​​ម្នាក់​ ដើម្បី​អភិរក្ស​​​​ក៏​ដូច​​ថែរក្សា​​វប្បធម៌​អរិយធម៌​ពី​ដូនតា និង​​​អ្វី​ដែល​នាង​​ស្រឡាញ់​​​យូរ​​​មក​ហើយ។ ​មិន​យូរ​ប៉ុន្មាន​ នាង​ក៏​ក្លាយ​ជា ​នារី​របាំ​​ដ៏​ល្បី​​ម្នាក់​ កេរ្តិ៍ឈ្មោះ​​​នាង​​​ល្បី​​សុសសាយ​ដូចជា​មេអំបៅ​​ហើរ​​​បាន​ខ្ពស់ នៅ​គ្រប់​ទី​​កន្លែង ​គឺ​ជា​​វប្បធម៌​ អរិយធម៌ ​ដែល​​ស្រឡាញ់​ និង​ថែរក្សា​ឲ្យ​បាន​​យូរយារ​ហើយ និង​​​បាន​​សាយភាយ​ដល់​ពិភព​​​លោក​ ធ្វើ​ឲ្យ​​មនុស្ស​ម្នា​ បាន​​ស្គាល់​ប្រទេស​​​​​នេះ​​​​ កាន់​តែ​ច្បាស់​ ​និង​​ឆាប់​រហ័ស​ លូតលាស់​ដូចជា​​ផ្កា​​ឈូក​ដ៏​កម្រ​មួយ»៕