ភ្នំពេញ៖ ក្រោយ​ពី​បាន​សាង​អាជីព​ថ្មី​ជា​វិចិត្រករ​នៅ​ Open Cambodia Studio និង​បាន​​ដាក់​តាំង​បង្ហាញ​​ស្នាដៃ​​គំនូរ​ខ្លួន​​ជា​លើក​ដំបូង​​កាល​​ពី​ដើម​ខែ​កក្កដា ឆ្នាំ ​២០១៩ កន្លង​មក​នោះ អតីត​ជា​អ្នក​ប្រដាល់​ និង​រត់​​ម៉ូតូ​កង់ ​៣​ ឬ​រ៉ឺម៉ក​ម៉ូតូ​​លោក ឡុង ឡាវី កំពុង​តែ​ត្រៀម​ខ្លួន​បើក​ការ​តាំង​ពិព័រណ៍​ស្នាដៃ​គំនូរ​​ម្តង​ទៀត ​​ក្រោម​​ចំណង​ជើង​ថា «Voyage» ដែល​ចាប់​ផ្តើម​នៅ​​ថ្ងៃទី ​២១ ខែ ​ធ្នូ ឆ្នាំ ​២០១៩​ នេះ ​នៅ​វិចិត្រសាល​ Open Cambodia ​Studio និង​​វិចិត្រសាល​ Hotel Old Cinema ​ក្នុង​​​​ខេត្ត​​កំពត។​​

កញ្ញា Lauren Iida ជា​ស្ថាបនិក​​ Open Cambodia ​Studio បាន​ឲ្យ​ដឹង​​​ត្រួសៗ​ពី​ការ​បើក​តាំង​ពិព័រណ៍​ស្នាដៃ​​លើក​ទី ​២ របស់​វិចិត្រករ ឡុង ឡាវី នា​​ថ្ងៃទី ​២១ ខែ ​ធ្នូ ឆ្នាំ ​២០១៩ ​ក្នុង​សប្តាហ៍​​ក្រោយ​នេះ​ថា៖ «ពិព័រណ៍​​ក្រោម​​ចំណង​ជើង​ថា «Voyage» នេះ​មាន​ចំនួន ១៥ ផ្ទាំង​ដែល​ជា​ស្នាដៃ​របស់ ឡាវី ដែល​មាន​អត្ថន័យ​ស្តីពី​ជីវិត​​​រស់នៅ​របស់​គាត់​តាំង​ពី​សម័យ​សង្គ្រាម​ និង​ជា​ទស្សន​វិស័យ​ថ្មី​មួយ​ទៀត​​ សម្រាប់​គាត់​ក្នុង​ការ​ប្រើ​គំនិត​ឆ្លុះ​​បញ្ចំាង​នៅ​ក្នុង​ការ​បង្កើត​ស្នាដៃ​គំនូរ​​ទាំង​នេះ​។ ម្យ៉ាង​វិញ​ទៀត ​ស្នាដៃ​​គំនូរ​​គាត់ ក៏​​បង្ហាញ​អំពី​បទពិសោធ​ជិះ​យន្តហោះ​លើក​ដំបូង​របស់​​​គាត់​ផង​ដែរ​​ ខណៈ​រូប​គាត់​មាន​វ័យ​ជិត ​៤០ ឆ្នាំ​ទៅ​​ហើយ​នោះ​ ហើយ​​ការ​តាំង​ស្នាដៃ​លើក​នេះ ក៏​ជា​ការ​បង្ហាញ​ពី​គំនិត​បែប​​​សុទិដ្ឋិនិយម​បន្ថែម​ទៀត​សម្រាប់​​​គាត់ ​[ឡុង ឡាវី​] ក្នុង​កាលៈទេសៈ ដែល​បាន​​​ចាប់​អាជីព​​វិចិត្រករ​​នេះ ដោយ​សេចក្តី​រីករាយ​ និង​ខិតខំ​សម្រប​​ខ្លួន​ទទួល​យក​បទពិសោធ​ថ្មី​នានា​ ដោយ​មិន​ដែល​ភ្លេច​ឡើយ​ពី​អតីតកាល​របស់​ខ្លួន ​​ខណៈ​​​លោក​​​​ធ្លាប់​ជា​កីឡាករ​ប្រដាល់ និង​ជា​អ្នក​ប្រកប​របរ​រត់​រ៉ឺម៉ក​កង់ ៣ នោះ​»។​​

អតីតកីឡាករប្រដាល់ ឡុង ឡាវី ក្លាយជា​វិចិត្រករ​នៅ Open Studio​​។ រូប ហ្វេសប៊ុក​

សម្រាប់​ឆាក​ជីវិត​របស់​វិចិត្រករ​ ឡុង ឡាវី ដោយសារ​តែ​គ្រួសារ​លោក​មាន​​ជីវភាព​ក្រីក្រ បាន​ក្លាយ​ជា​រនាំង​​បាំង​​​ចំណូល​ចិត្ត​តាំង​ពី​វ័យ​ក្មេង និង​មុខ​របរ​ជា​ទី​ស្រឡាញ់​របស់​លោក និង​បាន​អូស​បន្លាយ​ពេល​ជាង ២០ ​ឆ្នាំ ទើប​សម្រេច​ក្តី​ស្រមៃ ​គឺ​ជា​វិចិត្រករ​នៅ​ Open Cambodia Studio និង​បាន​​ដាក់​តាំង​បង្ហាញ​​ស្នាដៃ​គំនូរ​ខ្លួន​ឯង​ជា​លើក​​ដំបូង​នៅ​ថ្ងៃទី ​៤ ខែ ​កក្កដា ឆ្នាំ​ ២០១៩ កន្លង​មក​នៅ​ឯ​វិចិត្រសាល​ «​ផ្ទះ​ចិន​» នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

នា​ពេល​នោះ​ស្នាដៃ​គំនូរ​របស់​លោក​មាន​ចំនួន​ ២០ ផ្ទាំង ​ដោយ​​លោក ឡុង ឡាវី បាន​រំលេច​ចេញ​ជា​ស្នាដៃ​​​ច្រើន​សណ្ឋាន ​គឺ​មាន​​​រូប​រ៉ឺម៉ក​កង់ ​៣ រូប​​ទេសភាព​ស្រុក​ស្រែ​មាន​វាល​ស្រូវ និង​ដើម​ត្នោត ហ្វូង​សត្វ​គោ​​ក្របី ហ្វូង​សត្វ​ស្លាប​​ហោះហើរ រូប​បណ្តាញ​ខ្សែ​ភ្លើង រូប​​ត្រពាំង​បឹង​ឈូក​ជាដើម​ ដែល​សុទ្ធ​សឹង​តែ​មាន​​ន័យ​​បង្ហាញ​ពី​ស្ថានភាព​នៃ​ការ​ប្រកប​មុខ​របរ​រក​ស៊ី​របស់​មនុស្ស និង​សត្វ​លើ​លោក​។

ចំពោះ​​អត្ថន័យ​នៃ​គំនូរ​រូប​រ៉ឺម៉ក​កង់​ ៣ ​ខ្មែរ ដែល​ឆ្លុះ​បញ្ចាំង​ពី​មុខ​របរ​ខ្លួន​ធ្លាប់​ប្រកប ១៤ ឆ្នាំ​នោះ លោក ឡុង ឡាវី ធ្លាប់​ប្រាប់​ឲ្យ​ដឹង​ថា​៖ «​ជា​ការ​ពិត​រូប​នេះ ខ្ញុំ​ចង់​រំឭក​ពី​មុខ​របរ​ ដែល​ខ្ញុំ​ធ្លាប់​​ចាប់​យក​មក​ចិញ្ចឹម​ជីវិត​នាពេល​ចុង​ក្រោយ​គេ ដែល​មាន​សភាព​លំបាក​ទាំង​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ និង​​ត្រូវ​ត្រាំ​ត្រែង​តស៊ូ​នឹង​អាកាសធាតុ​ក្តៅ​​ត្រជាក់​ទៀត​ផង​។ ម្យ៉ាង​ទៀត​ក៏​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​នៃ​ក្រុម​ប្រកប​មុខ​របរ​​រត់​រ៉ឺម៉ក​កង់​ ៣ ​ខ្មែរ នា​ពេល​ឥឡូវ​​នេះ​កំពុង​តែ​ធ្លាក់​ចុះ​ទាំង​ចំនួន​អ្នក​ប្រកប​របរ និង​ប្រជាប្រិយ​ពី​អ្នក​ជិះ​​ព្រោះ​​តែ​វត្តមាន​នៃ​យាន​ជំនិះ​ថ្មី​ជា​រ៉ឺម៉ក​​កង់ ​៣ ​ឥណ្ឌា (Pass Apps)»​។

ឡុង ឡាវី ក៏​​​បង្ហើប​ដែរ​​ថា​៖ «​ក្រោយ​ពី​​ប្រកបរបរ​ថ្មី​មួយ​រយៈ​មក ទោះបី​ជា​មិន​​ទាន់​មាន​អ្វី​ប្រែប្រួល​ខ្លាំង​មែន​ក្តី តែ​​បើ​ប្រៀបធៀប​នឹង​របរ​ចាស់​វិញ អាជីព​ថ្មី​នេះ​ គ្រាន់​បើ​ជាង​បន្តិច ទាំង​ការ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ និង​ទំហំ​ការងារ​ ហើយ​ការ​គូរ​គំនូរ​មាន​ភាព​​ធូរ​ស្រាល​ជាង​កាល​នៅ​រត់​រ៉ឺម៉ក​កង់​ ៣ គឺ​មិន​ត្រូវ​ទ្រាំ​​ជាមួយ​នឹង​​អាកាសធាតុ​ត្រជាក់​ក្តៅ​ដូចជា​កាល​ពី​មុន​​នោះ​ទៀត​ឡើយ​​»​៕​