បាត់ដំបងៈ បណ្តុំ​ស្នាដៃ​គំនូរប្រេង​មាន​លក្ខណៈ​ល្អឆើតឆាយ និង​គួរ​ឲ្យ​ចង់​គយគន់ ជា​រូប​ទេសភាព​ព្រៃព្រឹក្សា រូប​ដើមត្នោត ស្រុកស្រែ​ចម្ការ ទេសភាព​តាម​ដង​ទន្លេ ស្ទឹង បឹងបួ សកម្មភាព​កសិករ​ប្រមូលផល​តាម​វាលស្រែ រូប​នារី​ចោមពង់​ចុះ​ងូតទឹក​នៅ​ទីជនបទ រូប​នារី​ខ្មែរ​ច្រូតស្រូវ ទេសភាព​ផ្កាឈូក ឬ​ផ្ការំចេក​រំចង់​ក្នុង​ត្រពាំង រូប​ផ្ការំដួល​ រូបអប្សរា​រេរាំ ក្មេងឃ្វាលគោ និង​រូប​សត្វ​ផ្សេងៗ កំពុង​ទទួលបាន​នូវ​ការចាប់អារម្មណ៍ និង​កោតសរសើរ​យ៉ាងខ្លាំង​ពី​មហាជន ចំពោះ​ទឹកដៃ​ដ៏ល្អ​ចំណាន​របស់​វិចិត្រករ ស្រី បូរ៉ា​។

លោក ស្រី បូរ៉ា គ្រាន់តែ​អតីត​ធ្លាប់​ជា​សិស្ស​រៀន​គូរគំនូរ​ខ្មៅ​ដៃ​កាលពី​ឆ្នាំ​ ១៩៩៧ ដែល​អង្គការ​យូណេស្កូ បាន​បើក​ង្រៀន​វគ្គខ្លី​បណ្តុះបណ្តាល​ផ្នែក​គំនូរ និង​ផ្តើម​គូរវាស​រូបគំនូរ​ទេសភាព​ប្លែកៗ​អំឡុង​ឆ្នាំ​ ២០០៤-២០០៥ និង​ទើបតែ​ចាប់ផ្តើម​បង្កើត​ស្នាដៃ​លក់ដូរ​រកប្រាក់​កម្រៃ​អាច​ចិញ្ចឹម​គ្រួសារ​តាំងពី​ឆ្នាំ ​២០១៤ ក្រោយពី​មហាជន​ទទួល​ស្គាល់​ស្នាដៃ​ដ៏ល្អ​វិចិត្រ​របស់​លោក​មក​។

ជាទូទៅ​វិចិត្រករ​មាន​ស្រុកកំណើត​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង វ័យ ៣៨ ​ឆ្នាំ​រូបនេះ​មាន​ទឹកដៃ​ល្អឯក​ផ្នែក​គំនូរប្រេង​បែប​សេចក្តី​ស្រមៃ​គិត ដើម្បី​បង្កើត​ស្នាដៃ​ដ៏ល្អ​ប្រណីត ដែល​មើល​ទៅ​ស្រស់ស្អាត និង​ល្អឥតខ្ចោះ​គួរ​ឲ្យ​ចង់​គយគន់​។

ដោយសារ​ពុំទាន់​មាន​លទ្ធភាព​អាច​បើក​វិចិត្រសាល​ផ្ទាល់ខ្លួន​បាន​នៅឡើយ​នោះ ទើប​រាល់​ការ​ជាវ​ស្នាដៃ​គំនូរ​លោក​តម្រូវ​ឲ្យ​កុម្ម៉ង់​មុន ដោយ​ស្នាដៃ​គំនូរ​ទាំងនោះ​មាន​តម្លៃ​ចាប់ពី​ ១ ផ្ទាំង ៥០ ​ដុល្លារ​ដល់​ជាង ១ ពាន់ ដុល្លារ​។ រីឯ​ស្នាដៃ​ផ្សេងៗ​ទៀត​របស់​លោកស្រី បូរ៉ា ក៏ត្រូវ​បាន​លក់ដុំ​ទៅ​ឲ្យ​បណ្តា​វិចិត្រសាល ឬ​ទីកន្លែង​ទទួល​លក់​ស្នាដៃ​វិចិត្រកម្ម​នានា​ផងដែរ​។

គំនូរទេសភាព​នៅ​តំបន់​ស្រុកស្រែ​ជា​ស្នាដៃ​ដ៏ល្អ​ឯក​របស់​វិចិត្រករ ស្រី បូរ៉ា ដែល​មើលទៅ​មាន​លក្ខណៈ​ស្រស់ស្អាត​ដូចជា​រូបថត​ផ្តិត​ពិតៗ​។ រូបថត សហការី

លោក ស្រី បូរ៉ា បង្ហើប​ឲ្យ​ដឹង​ពី​តម្លៃ​គំនូរ​តាម​ទំហំ​ឲ្យ​ដឹងថា​៖ «​កាលពី​មុន​គំនូរ​តូច​បំផុត ១ ​ផ្ទាំង​មាន​តម្លៃ ៥០ ដុល្លារ ប្រើពេល​កន្លះ​ថ្ងៃ ខណៈ​ទំហំ​មធ្យម ១ ផ្ទាំង តម្លៃ ៥០០ ​ដុល្លារ ប្រើពេល ៣-៤ ថ្ងៃ និង​ ១ ​ផ្ទាំង​តម្លៃ​ជាង ១ ពាន់​ដុល្លារ ដោយ​ត្រូវ​ប្រើពេល​វេលា ១ អាទិត្យ ខណៈ​ទំហំ​ធំ​អាច​មាន​ទំហំ ១,៥ ម៉ែត្រ x ៣ ម៉ែត្រ និង​ទំហំ ២ ម៉ែត្រ x ៤ ម៉ែត្រ គឺអាច​កុម្ម៉ង់​ជាវ​តាម​ទំហំ​ដែល​ត្រូវការ​បាន​»​។

កាលពី​ដំបូង​អាជីព​ជាងគំនូរ​លោកស្រី បូរ៉ា គ្មាន​ទីផ្សារ​ល្អ​អាច​រកប្រាក់​ចិញ្ចឹម​គ្រួសារ​បានឡើយ តែ​ចាប់តាំងពី​មាន​អ្នក​ស្គាល់​ពី​ទឹកដៃ​គំនូរ​ដ៏ល្អ​វិចិត្រ​លោក​ត្រឹម​ឆ្នាំ​ ២០១៤ មក​នោះ​មុខរបរ​ជាជាង​គំនូរ​ក៏​ឲ្យ​មាន​ភាពជា​ទីពឹង និង​ជា​ប្រភព​សេដ្ឋកិច្ច​រកប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ មាន​ប្រពន្ធ និង​កូន ២ ​នាក់​នៃ​គ្រួសារ​របស់​លោក​បាន​តរៀងមក​។

លោក ស្រី បូរ៉ា ក៏​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​៖ «​ចាប់​តាំងពី​ឆ្នាំ​ ២០១៤ មក ការប្រកប​របរ​ជាង​គំនូរ​របស់ខ្ញុំ​អាច​រកប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់ និង​ចិញ្ចឹម​គ្រួសារ​ខ្ញុំ​បាន​។ ដោយសារ​តែ​ស្នាដៃ​គំនូរ​របស់ខ្ញុំ​ក្នុង​ ១ ​ខែ គឺអាច​លក់​ចេញ​ចន្លោះ​ពី ៧-៨ ផ្ទាំង​គំនូរ បាន​ដោយ​មាន​លក្ខណៈ​ចម្រុះ​គឺ​ទាំង​តូច និង​ធំ​»​។

ប្រសិនបើ​ចង់បាន​ស្នាដៃ​គំនូរ​ដ៏ល្អ​វិចិត្រ​ដែល​មើលទៅ​ល្អ​ដូចជា​រូបថត​ពិតៗ​នោះ​អាចទាក់ទង​វិចិត្រករ ស្រី បូរ៉ា ផ្ទាល់​តាម​លេខ​ទូរស័ព្ទ 012 8181 63/ 081 529 095៕