ភ្នំពេញ៖ ជាវិចិត្រករបារាំងផ្ញើប្រាណនៅទឹកដីកម្ពុជា លោក Bruno KOK បានចាប់អារម្មណ៍ស្វែងយល់ពីលក្ខណសម្បត្តិនារីខ្មែរ និងរំលេចជាស្នាដៃគំនូរ ដោយប្រើបច្ចេកទេសគំនូរសហសម័យផ្គុំបណ្ដុំចំណុចចម្រុះពណ៌ជាវង់ភក្ត្រនារីបង្កប់ទៅដោយអត្ថន័យពីសម្រស់ និងពណ៌សម្បុរ។
កម្រងស្នាដៃគំនូរអំពីស្ត្រីរបស់លោកមានឈ្មោះថា Make a Point ត្រូវបានដាក់តាំងនៅវិចិត្រសាល ស្រាអាត ជាទីរួមចំណែកលើកស្ទួយសិល្បៈសហសម័យ និងសិល្បករក្នុងស្រុក ដែលត្រូវបានបង្កើតឡើងដោយស្ត្រីខ្មែរ-បារាំង កាលពីឆ្នាំ ២០១៩។
ស្ថាបនិកវិចិត្រសាល អ្នកនាង Cecile Eap បានឲ្យដឹងពីការដាក់តាំងកម្រងគំនូរស្ត្រីខ្មែរនេះថា៖ «នេះគឺជាពិព័រណ៍ដំបូងបង្អស់របស់យើង ចាប់តាំងពីការបើកទ្វារវិចិត្រសាលឡើងវិញ ក្រោយពីសម្រាកដោយសារវិបត្តិកូវីដ ១៩។ នេះក៏ជាពិព័រណ៍ទី ១ របស់យើងក្នុងវគ្គប្រធានបទ «អន្តរកម្មរវាងមនុស្ស» ដែលប្រធានបទនេះនឹងបន្តរហូតដល់ដាច់ឆ្នាំ»។
ជាអ្នករស់នៅប្រទេសកម្ពុជា ជាច្រើនឆ្នាំវិចិត្រករ KOK បានជាប់ចិត្តនឹងទឹកដីនេះ ហើយតាមរយៈស្នាដៃរបស់លោក លោកចង់បន្សាបការរើសអើងពណ៌សម្បុរក្នុងសង្គម។
ផ្នត់គំនិតរបស់លោកផ្ដោតសំខាន់លើការផ្ដល់តម្លៃដល់ស្ត្រីគ្រប់រូប ជាពិសេសស្ត្រីអាស៊ីដោយពុំមានការរើសអើងរូបសម្បត្តិ។
លោកមានបំណងចូលរួមលុបបំបាត់ការចាត់ទុកស្ត្រីក្នុងលោកជាវត្ថុអាចបំពានបានតាមចិត្ត។
ស្ថាបនិកវិចិត្រសាលបានលើកឡើងទៀតថា៖ «ពិព័រណ៍ដែលជាបណ្ដុំគំនូរអំពីស្ត្រីសុទ្ធសាធនេះ ផ្ដល់នូវការផ្សារភ្ជាប់យ៉ាងល្អរវាងគំនូរដែលយើងបានដាក់តាំងមុននេះស្តីអំពីការលើកកម្ពស់ស្ត្រី Women Of the World»។
ការដាក់តាំងបង្ហាញពិព័រណ៍របស់លោក KOK ក៏សមស្របនឹងស្ថានការណ៍នៅលើពិភពលោក ដែលកំពុងប្រឈមនឹងប្រធានបទប្រឆាំងនឹងការរើសអើងពូជសាសន៍ ហិង្សា ក្ដីបារម្ភជុំវិញភាពអយុត្តិធម៌ចំពោះមនុស្សអាស្រ័យទៅលើជាតិសាសន៍ពណ៌សម្បុរ។
ពិព័រណ៍ Make a Point របស់លោក នឹងបន្តរំលេចកម្រងគំនូរស្ត្រីខ្មែរនៅវិចិត្រសាលនេះ រហូតដល់ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២០។
ស្រាអាត មានទីតាំងនៅចន្លោះសារមន្ទីរជាតិ និងព្រះបរមរាជវាំង តាមបណ្តោយវិថីសុធារស។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក @sraartstudio អ៊ីនស្តាក្រាម @sraart_studio វេបសាយwww.sraarstudios.com និងទូរស័ព្ទលេខ ០៨១ ៤៦១ ៧១១៕