
លោក បូរ ហាក់ ជាមួយស្នាដៃគំនូរឈើឆេះស្តីអំពីការប្រតិបត្តិសាសនា។ គំនូរឈើឆេះស្តីពីសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរក្នុងសង្គម។ សហការី
ក្រុងបាត់ដំបង៖ ក្រោយពីខំរិះរកឃើញវិធីសាស្រ្តថ្មី ដើម្បីកែច្នៃ បង្កើតគំនូរប្លែកៗខុសពីគេ ឃើញថា ប្រភេទគំនូរឈើឆេះ របស់វិចិត្រករ បូរ ហាក់ កំពុងតែទទួលបានការគាំទ្រ និងមានចំណាប់អារម្មណ៍ខ្លាំងពីភ្ញៀវបរទេស ខណៈលោកក៏ត្រៀមស្នាដៃបន្ថែមទៀត ដើម្បីយកទៅតាំងពិព័រណ៍នៅឯទីក្រុងស៊ីថល រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅខែឧសភា ឆ្នាំ ២០២០។
លោក បូរ ហាក់ (Bor Hak) ជាវិចិត្រករគំនូរ និងអ្នកជំនាញគំនូរជីវចលវ័យ ២៩ ឆ្នាំ មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ និងមករៀនជំនាញគំនូរនៅសាលាហ្វារពន្លឺសិល្បៈនៅឆ្នាំ ២០០៤ និងចប់នៅឆ្នាំ ២០១០ ហើយក៏ចាកចេញពីស្រុកកំណើតកំពង់ធំ មកធ្វើការនៅខេត្តបាត់ដំបង តាំងពីឆ្នាំ ២០១៣ ខណៈឆ្នាំ ២០១៤ លោកក៏ឆ្លៀតរៀនជំនាញផលិតគំនូរជីវចល នៅសាលាហ្វារពន្លឺសិល្បៈបន្ថែមទៀត ដោយបញ្ចប់នៅឆ្នាំ ២០១៧។
ការបង្កើតស្នាដៃគំនូរថ្មី ដែលលោក បូរ ហាក់ ហៅថា «គំនូរឈើឆេះ» នេះ ទើបតែបានចាប់ផ្តើមនៅប៉ុន្មានឆ្នាំចុងក្រោយ គឺនៅត្រឹមឆ្នាំ ២០១៧ ក្រោយពីលោកបញ្ចប់ជំនាញទី ២ គឺជាអ្នកផលិតគំនូរជីវចល។ ចំពោះស្នាដៃវិញលោកក៏ប្រើពណ៌លាប ឬផាត់ សំខាន់មួយចំនួន ដើម្បីឆ្លុះបញ្ចាំងពីខ្លឹមសារ ឬអត្ថន័យស្នាដៃនីមួយៗរបស់លោក មានដូចជាពណ៌ស ពណ៌ក្រហម និងពណ៌ខ្មៅជាដើម ខណៈលោកក៏បានលើកពីភាពមិនសម្បូរអ្នកយល់ពីអត្ថន័យស្នាដៃគំនូរឈើឆេះនេះផងដែរ។
លោក បូរ ហាក់ ក៏បានឲ្យដឹងថា៖ «សម្រាប់បងប្អូនខ្មែរយើងមិនសូវជាមានអ្នកយល់ពីអត្ថន័យនោះទេ ហើយស្នាដៃថ្មីដែលហៅថា «គំនូរឈើឆេះ» ក៏មិនសូវមានការគាំទ្រ និងជាវដែរ។ ដូច្នេះខ្ញុំនៅបន្តបង្កើតសា្នដៃនេះទៀត ដែលជាការឆ្លុះបញ្ចាំងពីសកម្មភាពប្រតិបត្តិសាសនា ក៏ដូចជាសកម្មភាពជាបញ្ហាសង្គមផ្សេងៗឲ្យច្រើន។ សម្រាប់ការគាំទ្រ និងជាវស្នាដៃវិញ សម្បូរតែជនបរទេសតែប៉ុណ្ណោះ ភាគច្រើនពួកគាត់និយមជាវខ្នាតមានទំហំ ១ ផ្ទាំង តម្លៃ ២៥០ ដុល្លារ។ ស្នាដៃគំនូរឈើឆេះ គឺភាគច្រើនមានទំហំ ៥០x៣០ សង់ទីម៉ែត្រ និងទំហំ ៥០x៤០ សង់ទីម៉ែត្រ ខណៈតម្លៃលក់មានតម្លៃចន្លោះចាប់ពី ១ ផ្ទាំង ២៥០ ដុល្លារ រហូតទៅដល់ ១ ផ្ទាំង មានតម្លៃ ៤៥០ ដុល្លារ។
វិចិត្រករ បូរ ហាក់ ក៏បានបង្ហើបឲ្យដឹងពីអត្ថន័យនៃពណ៌ ដែលមានក្នុងស្នាដៃគំនូរជាចម្បងខ្លួនផ្តោតលើការប្រតិបត្តិសាសនា ក្នុងសង្គមខ្មែរថា៖ «ខ្ញុំបានប្រើពណ៌ស ជានិមិត្តរូបតំណាងនូវភាពល្អបរិសុទ្ធនៃព្រះធម៌ ក្នុងព្រះពុទ្ធសាសនា ពណ៌ក្រហមជាតំណាងឲ្យភាពរស់រាន មានជីវិតនៃសាសនាតាមរយៈការប្រតិបត្តិរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទនៅក្នុងសង្គមខ្មែរយើង។ ចំណែកឯពណ៌ខ្មៅវិញនោះ គឺតំណាងឲ្យសកម្មភាពនៃការប្រព្រឹត្ត ឬប្រតិបត្តិ បែបមិនល្អ ឬមិនសូវជាត្រូវទៅតាមគន្លងនៃព្រះពុទ្ធសាសនារបស់មនុស្សលោកក្នុងសង្គមខ្មែរ មានទាំងព្រះសង្ឃ ឧបាសកឧបាសិកាជាពុទ្ធបរិស័ទផងដែរ»។
បច្ចុប្បន្នលោក បូរ ហាក់ ក៏កំពុងតែបង្កើតស្នាដៃគំនូរឈើឆេះមានចំនួនប្រមាណ ១៧-១៨ ស្នាដៃ ត្រៀមនាំយកខ្លះទៅចូលរួមនៅក្នុងការតាំងពិព័រណ៍នៅឯវិចិត្រសាល Artxchange Gallery នៅទីក្រុងស៊ីថល់ (Seattle) រដ្ឋវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក នៅក្នុងខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ ជាមួយនឹងក្រុមវិចិត្រករជាច្រើនទៀត៕