ភ្នំពេញៈ ស្នាដៃ​ដំឡើង​ជា​រូបថត​ចំនួន ២០ ​សន្លឹក និង​ខ្សែ​វីដេអូ ២ ​ប៉ុស្តិ៍​របស់​វិចិត្រករ និង​អ្នក​ថត​ជាតិ​សិង្ហបុរី ២ ​រូប​បង្ហាញ​ពី​អាសនៈ​បូជា នៅ​ក្រោម​ដើមឈើ​នៃ​រូប​ព្រះ​ជាច្រើន​ដែល​បាន​រកឃើញ​នៅ​តាម​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​នៃ​ប្រទេស​សិង្ហបុរី​កំពុង​ដាក់តាំង​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​វិចិត្រសាល​ស-ស ក្រោម​ប្រធានបទ​មួយ​ថា «​នៅក្រោម​ដើមពោធិ៍​» មាន​រយៈពេល​ចំនួន ២ ​ខែ គឺ​តាំង​ថ្ងៃទី​ ២៦ ខែ​មេសា​បន្ត​ដល់​ថ្ងៃទី​ ២៦ ខែ​មិថុនា ឆ្នាំ​ ២០១៩ ខាងមុខ​។

បើ​តាម​សេចក្តី​បរិយាយ​គេហទំព័រ​នៃ​វិចិត្រសាល​ស-​ស បាន​ឲ្យ​ដឹងថា​៖ «​រូបចម្លាក់ និង​រូបភាព​ទាំង​នេះ​ភាគច្រើន​ស្តីពី​សាសនា​ហិណ្ឌូ សាសនា​ព្រះពុទ្ធ សាសនា​តៅ និង​សាសនា​ក្លាយ​ក្នុង​ស្រុក ហើយ​ជា​ញឹកញាប់​មាន​ទម្រង់​ជា​ព្រះគណេស ព្រះឥសូរ ហនុមាន ព្រះពុទ្ធ ព្រះម៉ែ​គង់ស៊ីអ៊ីម (​ព្រះលោកេស្វរៈ​) តា​ឥសី និង តួអង្គ​ព្រះ​ផ្សេង​ទៀត​។ សិល្បករ​សិង្ហបុរី​ ២ ​រូប​គឺ​លោក ជូ ហាវផី និង​លោក លី ឆាងមីង ទាំង​ ២ ​រូប​នេះ​បាន​ចងក្រង​ជា​ឯកសារ​រូបភាព និង​វីដេអូ​ស្តីពី​វត្តមាន​បណ្តោះអាសន្ន​រូបចម្លាក់ និង​រូបភាព​ព្រះ​ដែល​គេ​បំបោះបង់ នៅ​តាម​ក្រោម​ដើមឈើ​នានា​។ អាសនៈ​មិន​ផ្លូវការ​ទាំងនេះ​តាម​ធម្មតា​ត្រូវ​បាន​បង្កើត​ឡើង​ជា​អនាមិក​ពេល​ដែល​គេ​ប្រទះឃើញ​រូប​ព្រះ រសាត់​តាម​សមុទ្រ​មក​ទើរ​នៅ​ឆ្នេរ​នៃ​ប្រទេស​សិង្ហបុរី​។ បន្ទាប់មក​គេ​ក៏​រើស​យក​វា​ទៅ​ដាក់​នៅ​ក្រោម​ដើមពោធិ៍​នៅ​ក្បែរៗ​នោះ​ជា​ការគោរព​។

ការសម្ពោធ​ពិព័រណ៍​នៅ​វិចិត្រសាល​ស-ស នា​ថ្ងៃ​ទី​ ២៦ មេសា​។ Sa Sa Art Projects

គេ​ជឿ​ថា​រូបព្រះ​ទាំងនេះ​ត្រូវ​បាន​គេ​បំបោះបង់​ចោល​ដោយ​ហេតុផល​ផ្សេងៗ​ជាច្រើន​ដូចជា​ការផ្លាស់ប្តូរ​រូបព្រះ​ថ្មី ឬ​ការប្តូរ​សាសនា​ជាដើម​។ ទោះ​ជា​យ៉ាងណា​វត្តមាន​របស់​រូប​ព្រះ​ទាំង​នេះ​គឺ​មាន​រយៈពេល​ខ្លី ព្រោះ​តែ​គេ​ចាត់ទុក​ថា​ការដាក់​រូប​ព្រះ​នៅ​តាម​ដើមឈើ​នោះ​គឺជា​ទង្វើ​ខុស​ច្បាប់ ដូច្នេះ​ហើយ​រដ្ឋាភិបាល​សិង្ហបុរី​តែង​សម្អាត​វា​ចេញ​ជា​ញឹកញាប់​។ ការសម្អាត​រូប​ព្រះ​ទាំង​នេះ​បង្កើត​ឲ្យ​មាន​សំណួរ​សំខាន់​មួយ​សម្រាប់​សិល្បករ​ថា​៖ «​ព្រោះ​វា​បង្ហាញ​ថា ប្រហែល​ជា​គ្មាន​ទីកន្លែង ដើម្បី​គោរព​ប្រណិប័តន៍​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ ដែល​ក្រៅ​ពី​ស្ថាប័ន​សាសនា និង​ទីអាសនៈ​ជាប់លាប់​នោះ​ទេ​មើល​ទៅ​?»​។

តើ​កត្តា​នេះ​មាន​ឥទ្ធិពល​យ៉ាងណា​ទៅ​បុគ្គល និង​សហគមន៍​ក្នុង​ទំនាក់ទំនង និង​អត្ថន័យ​ជាមួយ​ទីកន្លែង​?

សេចក្តី​បរិយាយ​បន្ត​ថា​៖ «​ពិព័រណ៍​នៅ​ក្រោម​ដើម​ពោធិ៍​គឺ​ឆ្លុះបញ្ចាំង​ពី​រចនាសម្ព័ន្ធ​វប្បធម៌​សង្គម​សាសនា ជាតិសាសន៍ ក៏​ដូចជា​ទី​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​សិង្ហបុរី​។ វា​ក៏​ចង្អុល​បង្ហាញ​ផងដែរ ពី​ភាព​តានតឹង និង​ជម្លោះ​រវាង​ការអនុវត្ត​នូវ​វប្បធម៌​ដែល​បាន​ចាក់​ឫសគល់​ដ៏រឹងមាំ និង​ការព្យាយាម​គ្រប់គ្រង​សណ្តាប់ធ្នាប់​នៅ​សម័យ​សង្គម​ទំនើប​។ ស្នាដៃ​របស់ ហាវផី និង ឆាងមីង គឺជា​ភ័ស្តុតាង​មួយ ឬ​ភ្នាក់ងារ និង​ភាពរឹងមាំ​នៃ​ការអនុវត្ត​ជំនឿ​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​ផុត​ហួស​ពី​ព្រំដែន​នៃ​ពេលវេលា និង​ទីកន្លែង​ផងដែរ​៕