ភ្នំពេញៈ ក្រោយពី​ស្នាដៃ​គំនូរ​ចំនួន​ ២ ​ផ្ទាំង​របស់​ខ្លួន​ទទួល​បាន​ការចាប់​អារម្មណ៍ និង​កោតសរសើរ​ពី​ទឹកដៃ​ថា​ល្អ​ពី​ការចូលរួម​តាំងពិព័រណ៍​ស្នាដៃ​គំនូរ​នៅឯ​ប្រទេស​ចិន​ពេល​កន្លង​មក​ថ្មីៗ​នោះ​ក៏​ជំរុញ​ឲ្យ​វិចិត្រករ​ស្រី​ខ្មែរ​អ្នកនាង ឆន ឌីណា បង្កើត​បាន​បណ្តុំ​ស្នាដៃ​ថ្មី​ដែល​ប្រើ​បច្ចេកទេស​គំនូរ​ថ្មី​ដោយ​ប្រើ​ទឹក​ថ្នាំ​ខ្មៅ​របស់​ចិន​បាន​ចំនួន​ ១២ ​ផ្ទាំង និង​មាន​ស្នាដៃ​គំនូរ​សិស្ស​ ២០​ ផ្ទាំង​នឹង​បើក​សម្ពោធ​តាំងពិព័រណ៍​ស្នាដៃ​ក្រោម​ចំណងជើង​ថា «Flying Higher» នា​ចុង​សប្តាហ៍​នេះ នៅឯ​វិចិត្រសាល​នៃ The Plantation Urban Resort & Spa ។

វិចិត្រករ​ស្រី​ដែល​ធ្លាប់​បាន​ពានរង្វាន់ Young Artist Award នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំ​ ២០១៦ អ្នកនាង ឆន ឌីណា ពន្យល់​ត្រួសៗ​ឲ្យ​ដឹង​ពី​អត្ថន័យ​ចំណងជើង «Flying Higher» នៃ​បណ្តុំ​ស្នាដៃ​គំនូរ​ប្រើ​ទឹកខ្មៅ​ចិន ដំបូង​គេ សម្រាប់​វិស័យ​វិចិត្រកម្ម​ខ្លួន​ថា​៖ «​ពិព័រណ៍​ដែល​ចាត់ទុក​ថា​គឺជា​ការប្រើ​ស្ទីល​នៃ​ទឹក​ថ្នាំ​ខ្មៅ​ចិន នាង​ខ្ញុំ​ជា​លើក​ដំបូង​នេះ​គឺ​ចង់​ផ្តោត​សំខាន់​ទៅលើ​ការផ្សព្វផ្សាយ​ឲ្យ​មាន​ការស្វែងយល់ និង​ជួយ​ការពារ​ទៅ​លើ​ធនធាន​សត្វ​ស្លាប​របស់​ប្រទេស​កម្ពុជា​។ នាង​ខ្ញុំ​មាន​ស្នាដៃ​ចំនួន ១២ ផ្ទាំង ខណៈ​កូនសិស្ស​របស់​ខ្ញុំ​ចំនួន ២០ ​នាក់​ក៏​មាន​ស្នាដៃ​គំនូរ​ម្នាក់​ ១ ​ផ្ទាំង​ដែល​ស្តីពី​បញ្ហា​សត្វ​ស្លាប​ផង​ដែរ សម្រាប់​ការចូលរួម​តាំងពិព័រណ៍​នៅ​វិចិត្រសាល​ក្នុង The Plantation Urban Resort & Spa ដែល​មាន​រយៈពេល​ ១ ​ខែ​គឺ​ចាប់​ថ្ងៃទី​ ១៦ ខែ​មីនា​ទៅ​ដល់​ទី​ ១៥ ខែ​មេសា ឆ្នាំ​ ២០១៩ ខាង​មុខ​ហើយ​ខ្ញុំ​ក៏​សប្បាយចិត្ត​ដែរ សម្រាប់​សមិទ្ធផល​ស្នាដៃ​ថ្មី​នេះ​។ វា​មាន​លក្ខណៈ​ថ្មី​ប្លែក​នៅក្នុង​ទឹកដៃ​គំនូរ​របស់​ខ្ញុំ​»​។

ឆន ឌីណា បង្ហាញ​ស្នាដៃ​គំនូរ​មាន​ចំណងជើង​ថា «Flying Higher»​។ហុង មិនា

ថ្លែង​ដោយ​ក្តី​រីករាយ និង​រំភើប​ក្នុង​ចិត្ត​សម្រាប់​កម្រង​ស្នាដៃ​គំនូរ​របស់​ខ្លួន ដែល​ផ្តោត​សំខាន់​ទៅ​លើ​ខ្លឹមសារ​ស្តីពី​សត្វ​នៅ​ប្រទេស​កម្ពុជា​បាន​ផុស​ចេញ​ឡើង​ក្នុង​គោលបំណង​បណ្តុះ​គំនិត​កូន​ខ្មែរ​ឲ្យ​មាន​ការស្វែងយល់​ពី​សត្វស្លាប​របស់​ប្រទេស​ខ្លន ដែល​កំពុង​តែ​រង​ភាព​ជិត​ផុត​ពូជ និង​ចង់​ណែនាំ​ដល់​វិចិត្រករ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ប្រើ​ស្នាដៃ​សិល្បៈ​គំនូរ​ខ្លួន​បង្កប់​ន័យ​អប់រំ​ទៅ​លើ​ផ្នែក​វប្បធម៌​នានា​របស់​ខ្លួន​ផង​ដែរ​។

វិចិត្រករ​ស្រី​ដែល​មាន​បទពិសោធ​ផ្នែក​គំនូរ​អរូបី​ច្នៃប្រឌិត​បែប​ខ្មែរ​ជាង ១០ ឆ្នាំ​រូបនេះ​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា​៖ «​ចំពោះ​គោលបំណង​ចម្បង​នោះ​គឺ​ចង់​បង្ហាញ​ពី​ក្តីរំភើប​ចិត្ត​សម្រាប់​ក្រុម​វិចិត្រករ​ខ្មែរ​នៅ​ពេល​បាន​ឃើញ​ស្នាដៃ​គំនូរ​ខ្លួន​ត្រូវ​បាន​ប្រជាជន​ខ្មែរ​មាន​ការនិយម​គាំទ្រ និង​លើកស្ទួយ​ស្នាដៃ​ខ្លាំង​ជាង​មុន ជាពិសេស​នោះ​មាន​ខ្មែរ​ចាប់ផ្តើម​មើល​ឃើញ និង​យល់​ពី​តម្លៃ​នៃ​ស្នាដៃ​គំនូរ ហើយ​បាន​ជាវ​ទុក​លម្អ ឬ​បាន​ទិញ​ទៅ​ដាក់តាំង​តាម​គេហដ្ឋាន​ខ្លួន​ជា​បណ្តើរៗ​ហើយ​»៕