ភ្នំពេញ៖ កើត​ក្នុង​គ្រួសារ​សកម្មជន អាដាណា សុវណ្ណរស្មី ម៉ម ឡឺហ្គ្រោស ជា​វិចិត្រករ​ស្រី​កូនកាត់​ខ្មែរ-បារាំង ​បាន​បន្ត​តួនាទី​នេះ​ក្នុង​ការ​ចែក​រំលែក​សារ​ទៅ​កាន់​ពិភព​លោក ដោយ​ភ្ជាប់​ការ​ពិព័រណ៍​សិល្បៈ​គំនូរ​អរូបី​ជាមួយ​នឹង​សកម្មភាព​តស៊ូ​មតិ​របស់​នាង។

កញ្ញា​បាន​បន្ត​នូវ​ចលនា «Generation C Cambodia» របស់​ខ្លួន ដោយ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​គំនូរ​បង្កប់​អត្ថន័យ ដែល​ត្រូវ​បាន​សម្ពោធ​កាលពី​ថ្ងៃ​សុក្រ ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ នៅ Plantation The Lounge។

ជា​ចលនា​ដែល​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​គិត​អ្វី​ថ្មី ដោយ​សង្កត់ធ្ងន់​ទៅ​លើ​ការ​សហការ ចិត្ត​មេត្តា ករុណា និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម ចលនា Generation C Cambodia។

សិល្បការិនី និង​សកម្មជន អាដាណា ដែល​ជា​ប្រធាន និង​ជា​សហ​ស្ថាបនិក​នៃ​ចលនា Generation C Cambodia ផង​ដែរ​បាន​ឱ្យ​ដឹង​ថា៖ «Generation C Cambodia គឺ​ខ្ញុំ​ប្រើ​សិល្បៈ​គំនូរ​ក្នុង​ការ​បញ្ជូនសារ​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ក្នុង​សង្គម។ រាល់​កម្មវិធី​ដែល​ខ្ញុំ​បាន​រៀបចំ​គោលដៅ​គឺ​ទាក់ទង​ទៅ​នឹង​ចិត្តសាស្ត្រ សង្គម បរិស្ថាន និង​សិល្បៈ»។

កញ្ញា​បន្ត​ទៀត​ថា៖ «លើក​នេះ​ខ្ញុំ​បាន​ផ្ដល់​សំឡេង​ជូន​ទៅ​អ្នក​និពន្ធ​ខ្មែរ​ម្នាក់​លោក Kyle Kao ដែល​បាន​សរសេរ​សៀវភៅ​កំណត់ហេតុ​មួយ​ក្បាល ហៅថា Black ដែល​ការ​តាំង​ពិព័រណ៍​របស់​ខ្ញុំ ជា​ការ​ផ្ដល់​ឱកាស​ឱ្យ​លោក​បាន​បង្ហាញ និង​ចែកចាយ​ការ​ព្រួយបារម្ភ​ទៅ​កាន់​កម្ពុជា​ដូចគ្នា»។

កម្រង​ស្នាដៃ​សិល្បៈ​ឈ្មោះថា «Origins and Becoming» (ដើម​កំណើត និង​ការ​ប្រែក្លាយ» នឹង​បង្ហាញ​តាម​សិល្បៈ​គំនូរ ៤ ផ្ទាំង​របស់​កញ្ញា ​អាដាណា ក្នុង​នោះ​មាន Parenthood (ភាព​ជា​មាតាបិតា) Femininity & Masculinity (ភាព​ជា​ស្ត្រី និង​បុរស) Honesty & Vulnerability (ភាព​ស្មោះត្រង់ និង​ភាព​ងាយ​រងគ្រោះ) និង Empathy & Compassion (ការ​យល់​ចិត្ត និង​ការ​អាណិតអាសូរ)។

កម្មវិធី​ពិព័រណ៍​នេះ កញ្ញា​ផ្ដោត​ទៅ​លើ​ភាព​ជា​ឪពុក-ម្ដាយ រួម​ទាំង​ទំនាក់ទំនង​ជាមួយ​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ។

​សិល្បការិនី និង​អ្នកតស៊ូមតិ អាដាណា​​។ រូបថត Jeremie Montessuis

រំលេច​ប្រធានបទ​នេះ​ឡើង កញ្ញា​បាន​បកស្រាយ​ថា ការ​រៀន​នៅ​តាម​សាលា​គ្រាន់​តែ​ជា​ការ​ផ្ដល់​ចំណេះ​ឱ្យ​កុមារ​សម្រាប់​ការងារ​នៅ​ថ្ងៃ​ខាង​មុខ តែ​វា​មិន​គ្រប់​លក្ខណៈ​ក្នុង​នាម​ជា​មនុស្ស​ម្នាក់ ឬ​ពលរដ្ឋ​ម្នាក់​នោះទេ។

ភាព​ជា​ឪពុក​ម្ដាយ ​គឺ​លើស​ពី​នោះ។ ភាព​ជា​ឪពុកម្ដាយ ​គឺ​ជា​​ការ​ផ្ទេរ​ចំណេះ​ជំនាញ​ពេញ​លេញ​មួយ​ជីវិត និង​បទពិសោធ​ជា​ច្រើន ទាំង​ដោយ​ចេតនា និង​អ​ចេតនា​ដល់​កូន។

ផ្សារ​ភ្ជាប់​ភាព​ជា​ឪពុក​ម្ដាយ និង​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ កញ្ញា​ក៏​បាន​រំលេច​នូវ​ចំណុច​ដែល​ប្រទេស​កម្ពុជា ​ធ្លាប់​ជួប​រឿង​រ៉ាវ​ភ័យ​រន្ធត់​កាល​ពី​សម័យ​របប​ប្រល័យ​ពូជសាសន៍។

របប​ខ្មៅ​ងងឹត​បាន​នាំ​​ឱ្យ​មាន​ដំបៅ​ដួងចិត្ត ការ​ធ្វើ​ទណ្ឌកម្ម​ទាំង​កាយ និង​ប៉ះពាល់​បញ្ហា​ផ្លូវ​ចិត្ត ការ​ភៀស​ខ្លួន ការ​មិន​ទទួល​បាន​ចំណេះដឹង​គ្រាប់គ្រាន់ និង​ជាពិសេស​ខ្វះ​ការ​ថែទាំ​ពី​ឪពុកម្ដាយ​ចាស់ៗ​ដែល ឆ្លង​កាត់​រឿង​ទាំង​អស់​នេះ​បាន​ផ្ទេរ​មក​កូនចៅ​តៗ​គ្នា​ដោយ​មិន​ដឹង​ខ្លួន។

វិបត្តិ​ផ្លូវ​ចិត្ត​ត​ជំនាន់​នេះ​ត្រូវ​បាន​អ្នក​និពន្ធ លោក កៅ សុខម៉ៅ (Kyle Kao) បាន​សរសេរ​ពី​កុមារភាព​របស់​លោក ដែល​ធំធាត់ ពីរ​បួស​ក្នុង​សម័យ​ក្រោយ​សង្គ្រាម​ស៊ីវិល​កម្ពុជា និង​បទពិសោធ​ការ​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ ដូចជា សុខភាព​ផ្លូវ​ចិត្ត ការងារ​នៅ​វ័យ​កុមារ និង​សម្ពាធ​គ្រួសារ។

សិល្បការិនី​រូប​បាន​រំឭក​ដែរ៖ «តាមរយៈ​សារ​ចែករំលែក​ទាំង​អស់​នេះ ខ្ញុំ​សង្ឃឹម​ថា ខ្មែរ​យើង​នឹង​បើក​ចិត្ត​ទទួល​ស្ដាប់​អ្នក​ដែល​រង​សម្ពាធ និង​កំពុងមាន​វិបត្តិ​ផ្លូវចិត្ត ដោយ​មិន​ចាត់​ទុក​ថា ពួក​គាត់​ឆ្កួត ហើយ​ព្យាយាម​ជួយ​គ្នា​ទាញ​ពី​ភាព​ខ្សោយ​មក​ជា​ភាព​ខ្លាំង​វិញ ដើម្បី​ឱ្យ​ពួក​គាត់​ហ៊ាន​បើក​ចំហ​ពី​ជំងឺ​ផ្លួវ​ចិត្ត​របស់​គាត់​ដូចគ្នា»។

កញ្ញា​បន្ត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា មនុស្ស​នឹង​ឃើញ​ពី​រឿងរ៉ាវ​របស់ Kyle ហើយ​មក​មើល ​និង​អាន​ពី​សិល្បៈ​គំនូរ និង​សញ្ជឹង​គិត​ពី​ជីវិត​របស់​ខ្លួន​ដោយ​ការ​តាំង​សមាធិ ពី​ព្រោះ​មាន​តែ​អ្នក​ដែលមាន​ចិត្ត​ស្រឡះ​ទេ​ទើប​អាច​ជះ​ឥទ្ធិពល​ដល់​ពិភព​លោក​ដោយ​ការ​យល់​ច្បាស់​ពី​សំណួរ​សាមញ្ញ​នេះ គឺ​ថា យើង​មក​ពី​ណា? ហើយ​យើង​នឹង​ទៅ​ណា? ដូច្នេះ​ការ​ស្គាល់​ពី​ប្រភព​កំណើត និង​ដឹង​ច្បាស់​ថា ខ្លួន​ធ្វើ​អ្វី​បន្ត​ទៀត មាន​សារៈសំខាន់​ណាស់»។

លោក សុខម៉ៅ អ្នក​សរសេរ​សៀវភៅ Black។ រូបថត សហ​ការី

កន្លង​មក​សារ​នៃ​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​របស់​កញ្ញា​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង និង​មាន​តែ​អ្នក​ដែល​លើក​ទឹក​ចិត្ត​ដល់​កញ្ញា ជា​ហេតុ​ធ្វើ​ឱ្យ​កញ្ញា​មាន​កម្លាំង​ចិត្ត និង​បន្ត​ធ្វើ​វា​ហើយ​ក៏​សង្ឃឹម​ថា ចលនា Generation C Cambodia របស់​កញ្ញា​បាន​ចែក​រំលែក​ទៅ​ដល់​អន្តរជាតិ​ផង​ដែរ។

ក្នុង​ដំណើរ​បន្ត​ចលនា​នេះ​ផង​ដែរ នៅ​ថ្ងៃ ៨ មីនា ​ខាង​មុខ ដែល​ត្រូវ​នឹង​សិទ្ធិនារី កញ្ញា​នឹង​មាន​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំ​មួយ​ស្ដីពី ស្ត្រី​ជាមួយ​នឹង​ស្ត្រី ដែល​ផ្ដោត​ទៅ​លើ​គំនិត​ថ្មី​នៃ​ស្ត្រី​សម័យ​ថ្មី​ដែល​នាង​ជឿ​ថា ការ​ផ្លាស់ប្ដូរ​សង្គម​គឺ​ទាល់​តែ​មាន​ការ​ផ្លាស់ប្តូរ​គំនិត។

កញ្ញា អាដាណា បាន​ចែក​រំលែក​សារ​ខ្លី​មួយ​ថា៖ «ខ្ញុំ​ចង់​ជា​អ្នក​ដែល​ចូលរួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​ការ​រស់នៅ​ជាមួយគ្នា ដែល​យើង​ត្រូវ​តែ​គិត​ជា​ថ្មី និង​មក​ជាមួយ​ដំណោះ​ស្រាយ​ថ្មី​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន»។

ពិព័រណ៍​សិល្បៈ​គំនូរ Origins and Becoming របស់ ​អាដាណា នៅ Plantation The Lounge នឹង​បន្ត​រហូត​ដល់​ថ្ងៃទី ៦ ខែ​មេសា៕