ភ្នំពេញ៖ មិនថា ថ្ងៃណាក៏ដូចជាថ្ងៃណា ទាំងនៅផ្ទះ កន្លែងការងារ សាលកម្មវិធីនានា សូម្បីតែពិធីអាពាហ៍ពិពាហ៍ វិចិត្រករស្រីគំនូរសហសម័យមកពីទឹកដីបាត់ដំបង អ្នកស្រី ខ្ចៅ ទូច នៅតែគ្រងសម្លៀកបំពាក់ខៀវមួយឈុតជារៀងរាល់ថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ម្ចាស់ពានរង្វាន់ប្រាក់ពីកម្មវិធីប្រកួតស្នាដៃគំនូរ White Canvas Cambodia 2020 ចំណងជើងថា «Family Flower» អ្នកស្រី ខ្ចៅ ទូច មិនមែនជាតួអង្គក្នុងភាពយន្ដហូលីវូដ «អវតារ» ឡើយ ខណៈអ្នកស្រីគ្រងតែឈុតពណ៌ខៀវ ជាអាវយឺត ខោថ្នេរ ៥ និងកន្សែងរុំប្លែកខុសពីគេ។
ធ្លាប់ជានារីដេញម៉ូដខោអាវថ្មីៗតាមសម័យកាល អ្នកស្រី ខ្ចៅ ទូច ស្រាប់តែយល់ថា ការលេងម៉ូដសម្លៀកបំពាក់ញឹកញាប់ គឺជារឿងគួរឱ្យនឿយហត់ ក៏ដូចជាខ្ជះខ្ជាយទាំងពេលវេលា និងលុយកាក់។
វិចិត្រករស្រីអាយុ ៣៨ ឆ្នាំ រូបនេះបានឱ្យដឹងថា៖ «រយៈពេល ២ ឆ្នាំចុងក្រោយនេះ ខ្ញុំស្លៀកតែ ១ ពណ៌នោះទេ គឺពណ៌ខៀវ។ វាពិតជាមានភាពងាយស្រួល ហើយខ្ញុំយល់ថា កន្លងមកខ្ញុំមានភាពខ្ជះខ្ជាយច្រើន។ ខ្ញុំក៏ចាប់ផ្ដើមកាត់បន្ថយ និងសម្រេចចិត្ដប្រើសម្លៀកបំពាក់តែ ១ ពណ៌ប៉ុណ្ណោះ»។
ពីកុមារភាព ម្ដាយរបស់អ្នកស្រី ខ្ចៅ ទូច ចូលចិត្ដពណ៌ខៀវ និងបានប្រាប់កូនថា ពណ៌ខៀវស័ក្ដិសមនឹងស្បែកកូន។
សម្ដីនេះដិតដាមអារម្មណ៍ រហូតដល់ពេលអ្នកស្រីចូលរៀនខាងគំនូរនៅអង្គការហ្វារ ទឹកថ្នាំភាគច្រើន អ្នកស្រីចូលចិត្ដពណ៌ខៀវ។ អ្នកស្រី ខ្ចៅ ទូច អះអាងថា វាធ្វើឱ្យអ្នកស្រីសប្បាយចិត្ដ និងពេញចិត្ដចំពោះស្នាដៃរបស់ខ្លួនឯង។
ដើមហេតុនៃការផ្លាស់ប្ដូរទម្លាប់ស្លៀកពាក់នេះចាប់ផ្ដើមនៅពេលអ្នកស្រីស្វែងរកការអប់រំផ្លូវចិត្ត និងអារម្មណ៍នៅមជ្ឈមណ្ឌលវិបស្សនាកម្មដ្ឋាន ធម្មលដ្ឋិកា ឯខេត្ដបាត់ដំបង។
អ្នកស្រីបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំបានទៅកន្លែងវិបស្សនានៅភ្នំទ្រុងមាន់ក្នុងខេត្ដបាត់ដំបង រយៈពេល ១០ ថ្ងៃ ខ្ញុំបានស្ដាប់ព្រះសង្ឃឆ្លើយនឹងសំណួរថា តើស្បង់ចីវរនេះពេលប្រើរួចត្រូវយកទៅធ្វើអី? ព្រះសង្ឃមានសង្ឃដីកាថា ពេលចាស់ទៅគេយកស្បង់ទៅកាត់ទ្រាប់ពូកអង្គុយ ឬដេរជាសម្ភារផ្សេងៗទាល់តែអស់»។
ខ្ចៅ ទូច បានបន្ដថា៖ «ពេលខ្ញុំស្ដាប់ទៅ វាពិតជាអស្ចារ្យណាស់ ដោយគ្រាន់តែស្បង់ ១ អាចប្រើបានជាប្រយោជន៍ច្រើនយ៉ាងបែបនេះ។ មើលមកខ្លួនឯងវិញ ខ្ញុំយល់ថា ការរស់នៅប្រចាំថ្ងៃពិតជាខ្ជះខ្ជាយណាស់។ ខ្ញុំមើលឃើញពីអត្ថប្រយោជន៍នៃការប្រើប្រាស់សម្ភារច្រើនយ៉ាង»។
មុនពេលចាប់ផ្ដើមមានការកែប្រែខ្លួនឯងអ្នកស្រីយល់ឃើញថា ទោះបីជាផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មីញឹកញយប៉ុនណា តែចិត្ដមនុស្សមិនប្រែប្រួលថ្មីទៅតាមឡើយ។ ទោះខិតខំផាត់ម្សៅយ៉ាងណា ក៏នៅតែកើតទុក្ខ ហើយបេះដូងក៏មិនបានធូរស្រាលឡើយ។
អ្នកស្រីបានបញ្ជាក់ថា៖ «មិនមែនមានន័យថា ការស្លៀកពាក់ខោអាវតែមួយធ្វើឱ្យធូរស្រាលចិត្ដនោះទេ។ តែវាបានកាត់បន្ថយខ្លះនូវភាពស្មុគស្មាញខាងក្រៅ»។
វិចិត្រករគំនូរសហសម័យរូបនេះសម្រេចចិត្ដជម្រុះសម្លៀកបំពាក់របស់ខ្លួនទាំងអស់ និងផ្ដើមវេចខ្ចប់ទុកដាក់យ៉ាងស្អាត និងធ្វើការបរិច្ចាគ។
អ្នកស្រីបន្ថែមថា៖ «សល់ខោអាវខ្លះ ខ្ញុំកាត់ច្នៃជារបស់របរប្រើប្រាស់ផ្សេងៗទៀត ដូចជារូបចម្លាក់ជាដើម។ ខ្ញុំពិតជាឆ្ងល់ខ្លួនឯង ហេតុអ្វីក៏មានសម្ភារអីច្រើនម្ល៉េះ ហើយហេតុអ្វីពេលទិញអត់បានគិតសោះអ៊ីចឹង»។
ជាមួយជម្រើសខោអាវពណ៌ខៀវតែ ៣ ឈុត សម្រាប់ផ្លាស់ប្ដូរប្រចាំថ្ងៃ ខ្ចៅ ទូច អះអាងថា ទាំងស្វាមី និងកូន គោរពតាមការសម្រេចចិត្ដរបស់អ្នកស្រី។
យ៉ាងណាមិញ អ្នកស្រី ខ្ចៅ ទូច ក៏គិតដល់ការស្លៀកពាក់ពេលចូលរួមកម្មវិធីមួយចំនួន ដូចជាមង្គលការជាដើម ដោយបារម្ភថា មិនគាប់ភ្នែក ឬត្រូវម្ចាស់ដើមការប្រកែប្រកាន់។
អ្នកស្រីលើកឡើងថា៖ «ប៉ុន្ដែជាទូទៅមិត្ដភក្ដិខ្ញុំ ពួកគាត់មិនប្រកែប្រកាន់អីដែរ។ ចំពោះកម្មវិធីធំដុំអី ខ្ញុំប្រហែលជាមិនហ៊ានចូលចិត្ដទេ ហើយក៏មិនចង់ផ្លាស់ប្ដូរការស្លៀកពាក់របស់ខ្លួនឯងដែរ»។
កត្ដានេះ បានជំរុញឱ្យវិចិត្រករគំនូរសហសម័យបង្កើតស្នាដៃរបស់ខ្លួនក្រោមចំណងជើងថា «What do I need to be me?» និងបានចូលរួមក្នុងការតាំងបង្ហាញនូវពិព័រណ៍ «ស្រី ២០២១»។
វិចិត្រករស្រីសហសម័យ ខ្ចៅ ទូច បានចង់បង្ហាញពីការផ្លាស់ប្ដូរលើរបៀបនៃការស្លៀកពាក់ឱ្យសមស្របទៅតាមចំណូលចិត្ដ បេះដូង និងមានអត្ថប្រយោជន៍ចំពោះខ្លួនឯង៕