ភ្នំពេញ៖ ថ្មី​​​ៗនេះ​ វិចិត្រករ ឈើន ចាន់នី ដែល​មាន​ស្រុក​កំណើត​ដូច​ នឹង​​អតីត​កវី​និពន្ធ​ចម្រៀង​ ​ដង​ស្ទឹងសង្កែ​​ដ៏​ល្បី​​​​លោក គង្គ ប៊ុនឈឿន ​បាន​​​​ចូលរួម​​ចែក​រំលែក​​​​​នូវ​បទពិសោធពី​​ជំនាញ​​សិល្បៈ​​ដល់​ក្រុម​​​សិល្បករ​​​នៅ​​​​ ​Open Studio Cambodia និង​សហការ​​​​​​បង្កើត​​គម្រោង​ស្នាដៃ​​សិល្បៈ​គំនូរ​​​​សម្រាប់​ឆ្នាំ ​២០២០។​

វិចិត្រករ​លោក ឈើន ចាន់នី មាន​​​ស្រុក​កំណើត​ នៅ​ភូមិ​ទួលល្វាង ឃុំ​អូរដំបង ២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ ដែល​ជា​អតីត​សិស្ស​រៀន​ចប់​​ជំនាញ​វិចិត្រកម្ម​ នៅ​សាលា​ហ្វារពន្លឺ​សិល្បៈ​ជំនាន់​ទី​ ៧ បាន​ចូល​​រៀន​​​ឆ្នាំ​ ២០០៦ និង​​​បាន​បញ្ចប់​ការ​សិក្សា​ឆ្នាំ​ ២០១៣ ហើយ​​លោក​ក៏​ធ្លាប់​បាន​ជោគជ័យ​នៅ​ក្នុង​ការ​តាំង​​ស្នាដៃ​គំនូរ​ខ្លួន​​ដំបូង​កាល​​ពី​ឆ្នាំ​ ២០១៦ នៅ​ខេត្ត​សៀមរាប និង​ បើក​​សម្ពោធ​ពិព័រណ៍​ស្នាដៃ​គំនូរ​​ចំនួន ១៣ ​ផ្ទាំង​ ក្រោម​ចំណង​ជើង​ថា «Out of Control»​​ នៅ​ឯ​វិចិត្រសាល​​នៃ​សណ្ឋាគារ​សូហ្វី​តែល​​ កាល​ពី​ចុង​ឆ្នាំ ​២០១៩ ​កន្លង​មក​​ផង​ដែរ។​​

ដោយ​ចង់​សហការ​ទាំង​ការ​បង្កើត​​គម្រោង​​សា្នដៃ​សិល្បៈ​គំនូរ​ខ្លួន និង​ចង់​ចែក​​​រំលែក​នូវ​បទពិសោធ​ជំនាញ​សិល្បៈ​​​គំនូរ​ដល់​ក្រុម​វិចិត្រករ​ជំនាន់​ក្រោយ​​មិន​មាន​ឱកាស​​រៀន​ជំនាញ​​នៅ​​សាលា​សិល្បៈ​ផង​នោះ ទើប​លោក ឈើន ចាន់នី បាន​ចូល​ជាមួយ​នឹង​ក្រុម​​វិចិត្រករ​នៅ​ Open Studio Cambodia​ ដែល​មាន​​វិចិត្រករ​ស្រី​ចិត្ត​ធម៌ ជា​កូន​កាត់​ជប៉ុន-អាមេរិក កញ្ញា ឡូរ៉េន អ៊ីអិដា ជា​សហស្ថាបនិក​​​ Open Studio Cambodia​។​

លោក ឈើន ចាន់នី វិចិត្រ​ករ​មាន​ស្នាដៃ​ល្អផ្នែក​គំនូរ​បង្កប់​ន័យ​អប់រំ​​។ រូបថត សហ​ការី

វិចិត្រករ ឈើន ចាន់នី ដែល​រមែង​​មាន​ការ​​រំលេច​ពី​ទេសភាព​​ធម្មជាតិ​​ព្រៃ​ព្រឹក្សា ឬ​តំបន់​ភ្នំ​នៃ​ទី​ជនបទ និង​បង្ហាញ​​​ពី​បញ្ហា​​សង្គម​នានា​​​ បាន​បង្កប់​ន័យ​​​អប់រំ​​នៅ​ក្នុង​ផ្ទាំង​គំនូរ​របស់​ខ្លួន​ជា​រឿយៗ​ ដោយ​​មាន​ចំណូល​ចិត្ត​ដើរ​​កម្សាន្ត​តាម​តំបន់​ព្រៃ​ភ្នំ មើល​សត្វ​ព្រៃ និង​​ស្វែង​យល់​ពី​បញ្ហា​សង្គម​នានា។​

គួរ​រំឭក​ដែរ​ថា បណ្តុំ​ស្នាដៃ​គំនូរ​ដែល​​​បាន​​បើក​សម្ពោធ​ពិព័រណ៍​កាល​ពី​​ថ្ងៃទី​ ៥ ខែ​ ​សីហា ឆ្នាំ​ ២០១៩ កន្លង​​មក ​នៅ​វិចិត្រសាល​នៃ​សណ្ឋាគារ​​សូហ្វីតែល​ នោះ​លោក ឈើន ចាន់នី បាន​​យក​ស្នាដៃ​សិល្បៈ​គំនូរ​​​​ខ្លួន ​គឺ​បាន​សម្រិត​សម្រាំង​ស្នាដៃ​​ចំនួន ១៣ ផ្ទាំង​ ​​មាន​​​ទំហំ​ខ្នាត និង​តម្លៃ​ខុស​គ្នា ខណៈ​គំនូរ​​​ដែល​មាន​​តម្លៃ​ទាប​បំផុត​ត្រឹម​ ១ ៦០០ ដុល្លារ និង​តម្លៃ​ខ្ពស់​បំផុត ៧ ៥០០ ដុល្លារ​ នោះ​​លក់​ដាច់​អស់​​ហើយ​មក​ដល់​ដើម​ឆ្នាំ ​២០២០ ​នេះ​។​

លោក ឈើន ចាន់នី បង្ហើប​​ពី​គោល​បំណង​នៃ​ការ​សហការ​ជាមួយ​នឹង Ope​n ​Studio Cambodia​​ នៅ​ដើម​ឆ្នាំ ​២០២០ ​នេះ​​ថា៖ «ដោយសារ​បាន​ដឹង​​​ថា ក្រុម​វិចិត្រករ​នៅ​ទីនេះ ពួក​គាត់​មិន​​​​មាន​ឱកាស និង​ពេល​វេលា​គ្រប់គ្រាន់​​​​រៀន​ជំនាញ​​វិចិត្រកម្ម​នោះ ទើប​ខ្ញុំ​បាន​ជួប​​ពិភាក្សា​​ជាមួយ​​នឹង​កញ្ញា Lauren Iida ក្នុង​គោល​បំណង ២ ​​យ៉ាង​។ ទី​១ ​ខ្ញុំ​កំពុង​តែ​មាន​គម្រោង​បង្កើត​ស្នាដៃ​សិល្បៈ​ក្រៅ​ម៉ោង​មួយ​នឹង​​ត្រូវ​យក​ទៅ​ដាក់​បង្ហាញ​នៅ​​ក្រៅ​ប្រទេស​​នា​ពេល​ឆាប់​នេះ​។

មួយ​ទៀត​គឺ​ខ្ញុំ​ចង់​ឆ្លៀត​ឱកាស​ខ្លះ​ចូល​រួម​ចែក​រំលែក​​បទពិសោធ​ផ្ទាល់​ខ្លួន​ក្នុង​ការងារ​​បង្កើត​ស្នាដៃ​គំនូរ​ជាមួយ​ក្រុម​វិចិត្រករ​នៅ​ Open Studio Cambodia ដោយសារ​​ពួក​គាត់​ ភាគ​ច្រើន​គឺ​​​​មិន​បាន​ឆ្លង​កាត់​ការ​រៀន​ជំនាញ​សិល្បៈ​​នៅ​តាម​សាលា​ឡើយ»​៕​