ភ្នំពេញៈ វេលា​ល្ងាច​ថ្ងៃ​នេះ វិចិត្រករ កំលោះ ឈើន ចាន់នី ដែល​មាន​ស្រុកកំណើត​ដូចគ្នា​ទៅ​នឹង​អតីត​កវីនិពន្ធ​ចម្រៀង​នៃ​ម្ចាស់​ដងស្ទឹង​សង្កែ​ដ៏ល្បី​គឺ​លោក គង្គ ប៊ុនឈឿន ដែរ​នោះ​នឹង​បើក​សម្ពោធ​ពិព័រណ៍​ស្នាដៃ​គំនូរ​របស់​ខ្លួន​ចំនួន ១៣ ​ផ្ទាំង​ក្រោម​ចំណងជើង​ថា «Out of Control» ដោយ​ចាប់ពី​ម៉ោង ៦ ល្ងាច​ទៅ​នៅ​វិចិត្រសាល​នៃ​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ-ភូគីត្រា​។

វិចិត្រករ​លោក ឈើន ចាន់នី មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ទួលល្វាង ឃុំ​អូរដំបង ២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ដែល​ជា​អតីត​សិស្ស​រៀន​ចប់​នូវ​ជំនាញ​វិចិត្រកម្ម​នៅ​សាលា​ហ្វារពន្លឺ​សិល្បៈ​ជំនាន់​ទី​ ៧ បាន​ចូលរៀន​ឆ្នាំ​ ២០០៦ និង​បាន​បញ្ចប់​ការសិក្សា​ឆ្នាំ​ ២០១៣ ហើយ​លោក​ក៏​ធ្លាប់​បាន​ជោគជ័យ​នៅក្នុង​ការតាំង​ស្នាដៃ​គំនូរ​ខ្លួន​ដំបូង​កាលពី​ឆ្នាំ​ ២០១៦ នៅឯ​ខេត្ត​សៀមរាប​ផង​ដែរ​។

ដោយសារ​មាន​ចំណូលចិត្ត​ដើរ​កម្សាន្ត​តាម​តំបន់​ព្រៃភ្នំ មើល​សត្វព្រៃ និង​ស្វែងយល់​ពី​បញ្ហា​សង្គម​ទើប​សង្កេត​ឃើញ​រាល់​ការ​រំលេច​ចេញ​ស្នាដៃ​គំនូរ​របស់​វិចិត្រករ ឈើន ចាន់នី រមែង​មាន​រំលេច​ពី​ទេសភាព​ធម្មជាតិ​ព្រៃព្រឹក្សា ឬ​តំបន់ភ្នំ​នៃ​ទីជនបទ និង​បង្ហាញ​ពី​បញ្ហា​សង្គម​នានា​ដែល​បាន​បង្កប់​ន័យ​អប់រំ​នៅក្នុង​ផ្ទាំង​គំនូរ​របស់​ខ្លួន​ជារឿយៗ​ផង​ដែរ​។

គំនូរ​បង្ហាញ​ពី​ជីវចម្រុះ​នៃ​សត្វ​ស្លាប​ក្នុង​ប្រទេស​កម្ពុជា​របស់​វិចិត្រករ ឈើន ចាន់នី ។ រូបថត សហការី

វិចិត្រករ ចាន់នី បាន​បញ្ជាក់​ថា​៖ «​កាលពី​ដើម​ឡើយ ខ្ញុំ​មិន​សូវ​បាន​ចាប់​អារម្មណ៍​បញ្ហា​សង្គម​ប៉ុន្មាន​នោះទេ តែ​ចាប់​តាំងពី​ខ្ញុំ​បាន​ចូលរៀន​ផ្នែក​គំនូរ​មក ខ្ញុំ​ក៏​ចាប់ផ្តើម​ប្រែប្រួល​ដោយសារ​សង្កេត​ឃើញ​ថា​ខ្លួនឯង​ចេះ​មាន​ការតាមដាន និង​ស្វែងយល់​ពី​បញ្ហា​សង្គម និង​បញ្ហា​សត្វព្រៃ ព្រៃព្រឹក្សា ឬ​បរិស្ថាន​ច្រើនជាង​មុន​។ ជាក់ស្តែង​សម្រាប់​ស្នាដៃ​គំនូរ​ទាំង ១៣ ​ផ្ទាំង​ដែល​នឹង​ត្រូវ​យក​ទៅ​ដាក់​តាំង​នេះ​គឺ​សុទ្ធតែ​បាន​បង្កប់ន័យ​អប់រំ​ពី​បញ្ហា​សង្គម​នានា​ដូចជា​បញ្ហា​ញៀន​ស្រា ញៀនបារី និង​បញ្ហា​បរិស្ថាន​ដែល​កំពុងតែ​ប្រឈម​ដូចជា​ពូជ​សត្វ​ទាំងឡាយ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​បាត់បង់​ពូជ​ស្ទើរ​អស់ ហើយ​សព្វ​ថ្ងៃនេះ​ក្មេងៗ​ជំនាន់​ក្រោយ​ភាគច្រើន​ក៏​លែង​ស្គាល់​ប្រភេទ​សត្វ​ទាំងនោះ​ទៀត​ផង​។ អ៊ីចឹង​ហើយ​បាន​ជា​ស្នាដៃ​គំនូរ​ខ្ញុំ តែង​ពណ៌នា​ពី​សត្វ​នោះ និង​បាន​រៀបរាប់​ពី​ឈ្មោះ​សត្វ​ទៀត​ដោយសារ​តែ​ចង់​ណែនាំ​ឲ្យ​អ្នក​ទស្សនា ឬ​ក្មេង​ជំនាន់​ក្រោយ​អាច​ស្គាល់​ឈ្មោះ​ពពួកសត្វ​ទាំងឡាយ​នោះ​ឡើង​វិញ​»​។

បណ្តុំ​ស្នាដៃ​គំនូរ​ដែល​ត្រូវ​បើកសម្ពោធ​ពិព័រណ៍​នាល្ងាច​ថ្ងៃទី​ ៥ ខែ​សីហា ឆ្នាំ​ ២០១៩ នៅឯ​វិចិត្រសាល​នៃ​សណ្ឋាគារ​សូហ្វីតែល​នោះ​លោក ឈើន ចាន់នី នឹង​យក​ស្នាដៃ​សិល្បៈ​គំនូរ​របស់​ខ្លួន​គឺ​បាន​សម្រិតសម្រាំង​ចំនួន ១៣ ផ្ទាំង​ដែល​មាន​ទំហំ​ខ្នាត និង​តម្លៃ​ខុស​គ្នា ខណៈ​គំនូរ​ដែល​មាន​តម្លៃ​ទាប​បំផុត​ត្រឹម ១៦០០ ដុល្លារ និង​តម្លៃ​ខ្ពស់​ថ្លៃ​បំផុត ៧៥០០ ដុល្លារ​។

គំនូរ​បញ្ហា​ពី​សង្គម​ដែល​មនុស្ស និង​សត្វ​កំពុង​តែ​ប្រឈម​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។ រូបថត សហការី

លោក ឈើន ចាននី បាន​បង្ហើប​ប្រាប់​ថា​៖ «​តាមពិត​ទៅ​គេ​ចង់​ឲ្យ​ខ្ញុំ​បង្កើត​សា្នដៃ​គំនូរ​ចំនួន ១៥ ផ្ទាំង​ដើម្បី​ដាក់តាំង​លើក​នេះ តែ​ខ្ញុំ​ធ្វើ​មិន​ទាន់ ដូច្នេះ​មាន​តែ ១៣ ផ្ទាំង ប៉ុណ្ណោះ​សម្រាប់​ដាក់តាំង​លើក​នេះ​ដែល​មាន​រយៈពេល​ដល់​ទៅ ៣ ខែ​ឯណោះ​គឺ​ចាប់ពី​ថ្ងៃ​ទី​ ៥ ខែ​សីហា​នេះ​តទៅ​។ ចំពោះ​តម្លៃ​ផ្ទាំងគំនូរ​របស់​ខ្ញុំ​គឺ​មាន​តម្លៃ​ខុសៗ​គ្នា គឺ​អាស្រ័យ​តាម​ទំហំ​និមួយៗ ខណៈ​តម្លៃ​ចន្លោះ​ពី ១៦០០ ដុល្លារ ដល់ ៧៥០០ ដុល្លារ​»​។

គួរ​រំឭក​ដែរ​ថា ខណៈ​កាលពី​ចូលរៀន​ដំបូង​លោក ឈើន ចាន់នី ត្រូវ​ឪពុក​ជំរុញ​ឲ្យ​រៀន​ផ្នែក​ភ្លេងខ្មែរ ដោយសារ​តែ​ឪពុក​លោក​គឺជា​តន្ត្រីករ​ភ្លេងខ្មែរ​ស្រាប់ ហើយ​ចង់​ឲ្យ​កូន​រៀន​ជំនាញ​នេះ​បន្ត​ពី​គាត់​។ តែ​និស្ស័យ​ចូលចិត្ត​តែ​ស្តាប់ភ្លេង​ខ្មែរ​ប៉ុណ្ណោះ មិន​ចូលចិត្ត​លេង​ឧបករណ៍​នេះ​ឡើយ​គឺ​លោក​មាន​ការចូលចិត្ត​ផ្នែក​គូររូប​តាំងពី​ក្មេង​មក ដូច្នេះ​ក៏​សម្រេច​ចាប់​ការសិក្សា​តាម​ចំណូល​ខ្លួន​វិញ​អត់​តាម​គន្លង​ឪពុក​ឡើយ​។

វិចិត្រករ​វ័យ ៣១ ​ឆ្នាំ​ដែល​មាន​បងប្អូន​បង្កើត ៥ ​នាក់ ខណៈ​លោក​គឺជា​កូនច្បង​នៅក្នុង​គ្រួសារ តែ​ចូលចិត្ត​សិល្បៈ​គំនូរ​មាន​តែ​ខ្លួន​ប៉ុណ្ណោះ​បាន​រៀបរាប់​រំឭក​ពី​ប្រវត្តិ​ការសិក្សា​ខ្លួន​ដែរ​ថា​៖ «​កាល​ដំបូង​ខ្ញុំ​បាន​ចូល​ផ្នែក​ភ្លេងខ្មែរ តាម​ការណែនាំ​ពី​ឪពុក​គឺ​ជំនាញ​ភ្លេងខ្មែរ​។ តែ​ខ្ញុំ​ចូលរៀន​បាន​តែ ១ អាទិត្យ​ប៉ុណ្ណោះ​ក៏​គេច​ម៉ោង​រៀន​លើ​ជំនាញ​នេះ​តែ​ម្តង ព្រោះ​ដឹង​ថា​ខ្លួនឯង​គឺ​ពិតជា​មិន​អាច​បន្ត និង​បាន​ចាប់​យក​ជំនាញ​ភ្លេងខ្មែរ​តាម​បំណង​ឪពុក​បាន​ទេ ហើយ​ក៏​សុំ​គាត់​មក​រៀន​ជំនាញ​ដែល​ខ្លួន​បាន​ស្រឡាញ់​តាំងពី​ក្មេង​មកវិញ​គឺ​ផ្នែក​គូរគំនូរ​នេះ​»៕