ក្រុង​​បាត់ដំបង៖ ដោយសារ​តែ​ធ្លាប់​មាន​ភាព​ដិត​ដាម​ និង​ឆ្លង​កាត់​ជីវិត​រស់នៅ​ក្នុង​តំបន់​​ព្រៃ​តាំង​ពី​ក្មេង​ ខណៈ​ខ្លួន​​មាន​ឪពុក​ធ្វើ​ជា​​​​ទាហាន​​​​ជួរ​មុខ​នៃ​តំបន់​​ព្រំដែន​​នោះ វិចិត្រករ​មាន​ទំនោរ​ធម្មជាតិ​និយម​ និង​វិទ្យាសាស្រ្ត​និយម​ ហួរ សីហា តែងតែ​ប្រើ​​​នូវ​អារម្មណ៍​នឹក​ស្រមៃ​​សញ្ជឹង​គិត​ដើម្បី​​បង្កើត​​ស្នាដៃ​គំនូរ​​​​សហសម័យ​​ ដែល​មាន​ន័យ​​​​ឆ្លុះ​​បញ្ចាំង​ពី​​ធម្មជាតិ ជីវភាព​រស់នៅ​ក្នុង​ស្រុក​ខ្មែរ និង​នៅ​​លើ​​សកល​លោក​។​

វិចិត្រករ ហួរ សីហា វ័យ ​៣០​ ឆ្នាំ ដែល​កើត​នៅ​ជំរំ​សាយប៊ី ​​នៅ​ឯ​​តំបន់​ព្រំដែន​ខ្មែរ-ថៃ ដល់​ត្រឹម​វ័យ ៦ ខែ​ ក៏​ត្រូវ​បាន​ឪពុក​ម្តាយ​ បាន​​យក​មក​រស់នៅ​ជាមួយ​វិញ ​ក្នុង​​តំបន់​បន្ទាយ​ទាហាន ដែល​ឪពុក​លោក​ប្រចាំ​​​​​ការ​រហូត​ពេញ​វ័យ​ និង​បែក​ចេញ​ពី​ឪពុក​ម្តាយ​នៅ​ឆ្នាំ ​២០០៥ និង​​មក​រៀន​ជំនាញ​សិល្បៈ​នៅ​​​​ឆ្នាំ ​២០០៦ ហើយ​បញ្ចប់​​នៅ​ឆ្នាំ ​២០១៣ ​ជំនាញ​សិល្បៈ​សូន​រូប​ នៅ​សាលា​​ហ្វារ​​ពន្លឺ​​សិល្បៈ ខេត្ត​បាត់ដំបង។​

ចន្លោះ​​ឆ្នាំ ​២០០៦-២០០៩ ពេល​​កំពុង​រៀន​ជំនាញ​គំនូរ​នោះ ​លោក ហូរ សីហា ចូលចិត្ត​គូរ​គំនូរ​បែប​រូបី ឬ​​​ហៅ​ថា​គំនូរ​ដូចៗ​រូប​ពិត​។ តែ​ចាប់​ពី​បាន​​យល់​ដឹង​​ពី​សិល្បៈ​គំនូរ​ច្រើន​មក​នោះ ក៏​ជំរុញ​ចិត្ត​​​ឲ្យ​វិចិត្រករ​​​ ដែល​មាន​បទពិសោធ​ជីវិត​រស់​នៅ​ចល័ត​ច្រើន​ទីកន្លែង​ក្នុង​តំបន់​ព្រៃ​នានា​ ជាមួយ​ឪពុក​​ជា​​ទាហាន ដូច​ជា​​តំបន់​ព្រៃ​ក្នុង​ខេត្ត​ប៉ៃលិន តំបន់​ព្រៃ​ អូរស្មាច់ និង​តំបន់​ព្រៃ​​អន្លង់​វែង ជាដើម​រូប​នេះ​​​ងាក​មក​​​បង្កើត​ស្នាដៃ​​​បែប​សហសម័យ ឬ​គំនូរ​ទំនើប​វិញ​ចាប់​ពី​ឆ្នាំ ​២០០៩ ​រហូត​មក​ដល់​បច្ចុប្បន្ន​។​

ជា​ទូទៅ​ស្នាដៃ​គំនូរ​​សហសម័យ​​វិចិត្រករ​លោក​ ហួរ សីហា ភាគ​ច្រើន​មាន​លក្ខណៈ​គួរ​ឲ្យ​កត់​សម្គាល់​​ និង​​លេច​ធ្លោ​​ខ្លាំង​ នៅ​ត្រង់​ចំណុច​នៃ​ការ​​បង្ហាញ​អំពី​ធម្មជាតិ​​​នៃ​តំបន់​ព្រៃ​ឈើ​ ​​​ដុះ​​ច្រូងច្រាង​ដែល​​​​​គ្មាន​ស្លឹក និង​​ការ​រំលេច​ភ្ជាប់​ជាមួយ​​លំនៅឋាន​មាន​ជីវភាព​ក្រីក្រ​​របស់​ប្រជាជន​ នៅ​តាម​​តំបន់​ព្រៃ​​​នោះ ដោយ​មាន​ន័យ​ខ្លឹមសារ​ ចង់​​ឆ្លុះ​​បញ្ចាំង​ពី​បញ្ហា​គ្រោះ​ធម្មជាតិ និង​បញ្ហា​ជីវភាព​រស់នៅ​របស់​មនុស្ស​​​ក្នុង​តំបន់​សហគមន៍​ព្រៃ​ឈើ​ទាំង​នោះ​​។​

វិចិត្រ​ករ ហួរ សីហា ពេល​បង្កើត​ស្នាដៃគំនូរ​ខ្លួន​​​។ រូបថត Seyha Hour

លោក​ ហួរ សីហា បាន​ពន្យល់​ពី​ន័យ​ក្នុង​ស្នាដៃ​គំនូរ​លោក​នោះ​ថា៖ «ព្រោះ​តែ​ខ្ញុំ ធ្លាប់​ឆ្លង​កាត់​ជីវិត​រស់នៅ​​ក្នុង​ព្រៃ​ធម្មជាតិ​នានា​ក្នុង​ស្រុក​ខ្មែរ​តាំង​ពី​ក្មេង​ជាមួយ​ឪពុក និង​ម្តាយ​ ដែល​ឧស្សាហ៍​ផ្លាស់​ទី ឬ​ចល័ត​ពី​​តំបន់​មួយ​ទៅ​តំបន់​មួយ​ ទើប​អាច​ឲ្យ​ខ្ញុំ​បាន​​ឃើញ​នូវ​ទិដ្ឋភាព​ធម្មជាតិ​ព្រៃ​ឈើ​ប្លែកៗ​តាំង​ពី​ក្មេង​មក រួម​ទាំង​ជីវភាព​រស់នៅ​ផង​ដែរ​​។ ដូច្នេះ​ហើយ​ទើប​ទិដ្ឋភាព​ទាំង​នោះ​ តែងតែ​មាន​​ដិត​ជាប់​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​។ ​បច្ចុប្បន្ន​ ខ្ញុំ​ក៏​បង្កើត​ស្នាដៃ​គំនូរ​សហសម័យ​បែប​វិទ្យាសាស្រ្ត​​សកល​លោក​ដែរ​ ដោយ​ជា​​ការ​​ពណ៌នា​ពី​ភព​នានា​មាន​​​​ក្នុង​​​លោក​តាមរយៈ​​ការ​ស្រមៃ​​ចេញ​ពី​ចំណេះ​ដឹង​​ ដែល​ខ្ញុំ​បាន​រៀន និង​អាន​​ឯកសារ​​​រួច​មក​»។​

យ៉ាង​ណា​ការ​បង្កើត​ស្នាដៃ​គំនូរ​សហសម័យ​របស់​វិចិត្រករ ហួរ សីហា មិន​សូវ​មាន​ការ​គាំទ្រ​ និង​ជាវ​ពី​អតិថិជន​​ខ្មែរ​នោះ​ឡើយ ខណៈ​ការ​ជាវ​ភាគ​ច្រើន​នោះ​ជា​ភ្ញៀវ​បរទេស​ ដែល​កំពុង​តែ​មាន​ការ​​ជក់​ចិត្ត​ ដិត​​​​អារម្មណ៍​​​ទៅ​នឹង​ស្នាដៃ​​គំនូរ​បែប​សហសម័យ​របស់​លោក​។​ សម្រាប់​ការ​ជាវ​​គំនូរ​របស់​លោក ហួរ សីហា វិញ​គឺ​​​​​​ចន្លោះ​​​​ពី​ទាប​​បំផុត ១​ ផ្ទាំង តម្លៃ​​​ ៤៥០ ដុល្លារ រហូត​ដល់ ​១ ផ្ទាំង​ មាន​តម្លៃ ២ ០០០​ ដុល្លារ។​

លោក ​ហួរ សីហា បញ្ជាក់​ថា​៖​ «ស្នាដៃ​គំនូរ​​ខ្ញុំ​ភាគ​ច្រើន​ ភ្ញៀវ​បរទេស​គាំទ្រ និង​ជាវ ដោយ​ពួក​គាត់​អាច​រក​ជាវ​បាន​នៅ​ឯ​វិចិត្រសាល​ជនបទ (Romcheik5 Art Space)​ នៅ​ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង។ ភាគ​ច្រើន​សា្នដៃ​គំនូរ​ខ្ញុំ​លក់​នោះ​គឺ​គិត​ជា​ម៉ែត្រ​​ការ៉េ ដោយ​ទំហំ​ ១ ម៉ែត្រ​ការ៉េ​ តម្លៃ ១ ២៥០ ដុល្លារ ខណៈ​ស្នាដៃ​គំនូរ​ទាប​​បំផុត ១ ផ្ទាំង តម្លៃ​​​ ៤៥០ ដុល្លារ ​ដល់ ​១ ផ្ទាំង​ តម្លៃ ២ ០០០ ដុល្លារ»៕