ភ្នំពេញ៖ ជា​សិល្បករ​មាន​ពិការភាព​មួយរូប​លោក ហេង ភូន ជា​សិល្បករ​ផ្នែក​សិល្បៈ​គំនូរ​សហសម័យ និង​ច្នៃប្រឌិត​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍ ដើម្បី​រៀន​ជំនាញ​ផ្នែក 3D Printing Design នៅ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​ជា​អង្គការ​មាន​អាយុកាល​ដ៏ចំណាស់​ធ្វើ​កិច្ចការ​លើកកម្ពស់​វិស័យ​សិល្បៈ​នៅ​កម្ពុជា។

កម្មវិធី​អាហារូបករណ៍​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ជួយ​ដល់​សិស្សានុសិស្ស ឬ​និស្សិត អភិវឌ្ឍ​ជំនាញ​ភាពជា​អ្នកដឹកនាំ ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការរៀបចំ​ផែនការ​អាជីព​ការងារ និង​ផ្តល់ជូន​កញ្ចប់​ថវិកា ដើម្បី​ចំណាយ​លើ​ថ្លៃ​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​ចំណាយ​ផ្សេងៗ​ទៀត​ផង ដែលមាន​រយៈពេល​តិច ឬ​ច្រើន​ឆ្នាំ​អាស្រ័យ​ទៅ​លើ​ការស្នើសុំ​លើ​មុខជំនាញ​របស់​បេក្ខជន​តាម​ជំនាញ។

បេក្ខជន​អាទិភាព​ជា​ស្ត្រី ជនពិការ ជនជាតិភាគតិច ឬ​អ្នក​មកពី​សហគមន៍​សំឡេង​តិច​នឹង​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ដាក់​ស្នើសុំ​អាហារូបករណ៍​សិល្បៈ​ អមតៈអាន ចនផន ឆ្នាំ ២០២១ ដើម្បី​បន្ត​អាជីព​ការងារ​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ។

សិល្បករ ហេង ភូន ក៏​លើកទឹកចិត្ត​ទៅ​ដល់​អ្នក​រាល់គ្នា ដែល​ត្រូវការ​ឱកាស​ដ៏ល្អ​នេះ​ឱ្យ​មាន​ភាពក្លាហាន និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ក្នុង​ការដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍ ដើម្បី​ឈាន​ទៅ​រក​គោលដៅ​របស់ខ្លួន។

ជាពិសេស​លោក ភូន សូម​លើក​ទឹកចិត្ត​ដល់​អ្នក ដែល​មាន​ពិការរភាព កុំ​មាន​ការខ្មាសអៀន និង​ភ័យខ្លាច ត្រូវតែ​ហ៊ាន​ដាក់ពាក្យ​ស្នើសុំ ដើម្បី​ឈានទៅរក​គោលដៅ​ពិតប្រាកដ។

ពិការភាព​មិនមែន​ជា​ឧបសគ្គ​របស់​យុវជន​វ័យ ២៥ ឆ្នាំ​ក្នុង​ការស្វែងរក​ក្ដី​ស្រមៃ​លើ​វិថី​សិល្បៈ​គំនូរ​ឡើយ។ សហការី

វិចិត្រករ ហេង ភូន បាន​លើកឡើង​ថា៖ «នៅក្នុង​រយៈពេល ១ ឆ្នាំ ដែល​ខ្ញុំ​ទទួល​បាន​អាហាររូបករណ៍​នេះ​ខ្ញុំ​មាន​ការអភិវឌ្ឍ​ខ្លួនឯង​ល្អ ជាង​មុន​ច្រើនណាស់ ដូចជា​ជំនាញ​របស់​ខ្ញុំ ចំណេះដឹង ការអប់រំ និង​សុជីវធម៌ ជាដើម ដោយសារ​តែ​ខ្ញុំ​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល មាន​គុណតម្លៃ​បន្ថែម​ពី​អាហារូបករណ៍​សិល្បៈ​ខ្មែរ​អមតៈ អានចនផន»។

ការទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​សិល្បៈ​ អមតៈ អាន ចនផន ឆ្នាំ ២០២១ ចាប់​ទទួល​ពាក្យ​ហើយ​សម្រាប់​សិល្បករ សិស្ស ឬ​និស្សិត​សិល្បៈ និង​អ្នក​បម្រើការ​ក្នុង​វិស័យ​សិល្បៈ។

សូមកុំ​ខកខាន​ឱកាស​ទទួលបាន​អាហារូបករណ៍​នេះ ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ទាំង​ក្នុង និង​ក្រៅ​ជំនាញ​សិល្បៈ។

សូម​ទាក់ទង​មកកាន់​ក្រុមការងារ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ តាមរយៈ​លេខ​ទូរស័ព្ទ 010 941 224 ពីថ្ងៃ​ចន្ទ-សុក្រ (៨ ព្រឹក ៥.៣០ ល្ងាច) ខណៈ​ព័ត៌មាន និង​ពាក្យស្នើសុំ ដែល​បាន​បំពេញ​រួចរាល់​នោះ សូម​ផ្ញើ​ទៅកាន់ sormanak@cambodianlivingarts.org ឬ​យកពាក្យ​នៅឯ​ការិយាល័យ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ឬ​ទាញយក​ពាក្យស្នើសុំ​តាមរយៈ https://www.cambodianlivingarts.org/.../scholarship... ។

ការផ្តល់​ការឧបត្ថម្ភ​ថវិកា​ដល់​សិស្ស​សម្រេច​ផ្តល់ជូន​ជា​កញ្ចប់​ធំ​តម្លៃ ១២០០ ដុល្លារ សម្រាប់​សិស្ស​ជាប់​អាហារូបករណ៍​សិល្បៈ​អតមៈ អាន ចនផន នៅ​ឆ្នាំ ២០២១ នេះ។

ចំពោះ​ការផ្តល់ជូន​វិញ​អាចមាន​តិច​ឆ្នាំ ឬ​ច្រើន​ឆ្នាំ​អាស្រ័យ​ការស្នើសុំ​របស់​បេក្ខជន​គឺ​អាច​មាន​រយៈពេល ១ ឆ្នាំ ឬ ២ ឆ្នាំ ឬ​អាច​សម្រាប់​ការសិក្សា​ជា​កម្រិត​បរិញ្ញបត្រ (៤ ឆ្នាំ) ក៏មាន។

ចំណែកឯ​បេក្ខជន​ដាក់ពាក្យ​រួច​នោះ​ខាង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​នឹង​មាន​ក្រុម​គណៈកម្មការ​វាយតម្លៃ ដើម្បី​ធ្វើការ​ជម្រុះ និង​ចម្រាញ់​យក​សិស្ស​អាហារូបករណ៍​មាន ៣ ដំណាក់កាល​ផងដែរ ទើប​ឈាន​ដល់​ការសម្រេច​ចុងក្រោយ​ចំនួន ១០ នាក់៕