ភ្នំពេញ៖ ថ្លែងដោយសេចក្តីរីករាយ និងរំភើបចិត្ត សម្រាប់កម្រងស្នាដៃគំនូរផ្តោតសំខាន់ទៅលើខ្លឹមសារស្តីពីសត្វស្លាបដ៏កម្រនៅប្រទេសកម្ពុជា ដោយបង្កើតឡើងនៅក្នុងគោលបំណងបណ្តុះគំនិតកូនខ្មែរ ឱ្យមានការស្វែងយល់អំពីសត្វស្លាបរបស់ប្រទេសខ្លួន ដែលកំពុងតែរងភាពជិតផុតពូជ និងចង់ណែនាំដល់វិចិត្រករខ្មែរជំនាន់ក្រោយៗឱ្យចេះប្រើស្នាដៃសិល្បៈគំនូរខ្លួនបង្កប់ន័យអប់រំផ្នែកវប្បធម៌ក្នុងសា្នដៃគំនូរ។
នេះគឺជាការចាប់ផ្តើមបើកទំព័រសករាជថ្មីនៅដើមឆ្នាំ ២០២១ ក្នុងការតាំងពិព័រណ៍សា្នដៃគំនូររបស់វិចិត្រការិនី ធ្លាប់ទទួលបានពានរង្វាន់ Young Artist Award នៅប្រទេសថៃ នៅឆ្នាំ ២០១៦ អ្នកនាង ឆន ឌីណា ដែលបានបើកសម្ពោធពិព័រណ៍ស្នាដៃគំនូរទោលមានចំណងជើងថា «ទេសន្តរប្រវេសន៍ ឬ Migration» នៅវិចិត្រសាលចាវ៉ាកាហ្វេ សាខាទួលគោក។ បណ្តុំស្នាដៃចម្រុះស្តីពីធម្មជាតិ ឬជីវិតសត្វស្លាបដ៏កម្រនៅកម្ពុជា ដែលមានចំនួនប្រមាណជិត ២០ ផ្ទាំង បានយកទៅដាក់តាំងនៅឯវិចិត្រសាលខាងលើនេះ រយៈពេល ៣ ខែ គឺចាប់ផ្តើមពីថ្ងៃទី ១៤ ខែមករា ដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១។
វិចិត្រករស្រីដែលមានបទពិសោធផ្នែកគំនូរអរូបីច្នៃប្រឌិតបែបខ្មែរជាង ១០ ឆ្នាំរូបនេះ បានប្រាប់ពីការតាំងពិព័រណ៍ពីជិវិតសត្វស្លាបដ៏កម្រ មានប្រធានបទរួមថា «ទេសន្តរប្រវេសន៍ ឬ Migration» នោះថា៖ «រឿងចម្បងសម្រាប់ការបង្កើតស្នាដៃនានា គឺតាមរយៈចំណុចពិសេសផ្ទាល់ខ្លួនដែលស្តីអំពីបញ្ហាបរិស្ថាន និងតែងរំលេចជារូបសត្វនានានោះ គឺចង់បង្ហាញពីក្តីរំភើបចិត្តសម្រាប់ក្រុមវិចិត្រករខ្មែរ នាពេលបានឃើញស្នាដៃគំនូរខ្លួនត្រូវបានប្រជាជនខ្មែរមានការនិយមគាំទ្រ និងលើកស្ទួយស្នាដៃវិចិត្រករខ្មែរខ្លាំងជាងមុន ជាពិសេសមានបងប្អូនខ្មែរយើងចាប់ផ្តើមមើលឃើញ និងយល់ពីតម្លៃនៃស្នាដៃគំនូររបស់វិចិត្រករខ្មែរបណ្តើរៗហើយ ដោយជាវទុកលម្អ ឬដាក់តាំងតាមគេហដ្ឋាន»។
អ្នកនាង ឆន ឌីណា ក៏បានបន្តថា៖ «ដោយឡែកការដាក់តាំងនៅឯចាវ៉ាកាហ្វេនេះ ខ្ញុំគិតថា ជាលើកដំបូង ទោះបីជាមិនសូវមានការកត់សម្គាល់ពីអត្ថន័យពីរឿងសត្វស្លាបនៅកម្ពុជា យ៉ាងណាក្តីក៏ខ្ញុំនៅតែគិត កាលណាមនុស្សគ្រប់វ័យ ឬស្រទាប់ ដែលឧស្សាហ៍ចេញចូលនៅហាងកាហ្វេនេះ នឹងងាកមកចាប់អារម្មណ៍ពីវានៅថ្ងៃណាមួយមិនខាន។ ជាពិសេសការយល់ដំណឹងពីសត្វស្លាបដ៏កម្ររបស់ដូនតាខ្មែរយើង ដែលមានតាំងពីបុរាណកាលមកនោះ ហើយចូលរួមជួយថែរក្សា ឬអភិរក្ស ដោយបោះបង់ចោលនូវទង្វើនានា ដែលប៉ះពាល់ពីជីវិតសត្វស្លាបទាំងនោះវិញ»។
ការតាំងពិព័រណ៍ស្នាដៃគំនូរនេះ ក៏ជាឱកាសដ៏ល្អមួយសម្រាប់បងប្អូន និងសិស្ស និសិ្សត ដែលមានបំណងចូលទស្សនាការតាំងបង្ហាញសិល្បៈគំនូរ និងចង់សិក្សាស្វែងយល់អំពីសិល្បៈបែបសហសម័យ និងអាចចូលទៅទស្សនាបានដោយសេរី និងឥតគិតថ្លៃ ដោយមានរយៈពេលយូរ ៣ ខែ។
វិចិត្រករស្រីឆ្នើម ដែលធ្លាប់ទទួលបានពានរង្វាន់ជា Young ArtistAward នៅប្រទេសថៃ កាលពីឆ្នាំ ២០១៦ អ្នកនាង ឆន ឌីណា ក៏បង្ហើបឱ្យដឹងពីមូលហេតុរៀបចំការតាំងពិព័រណ៍ និងចំណុចពិសេស ដែលខ្លួនបានជ្រើសរើសយកស្នាដៃគំនូរប្រភេទអរូបីស្តីអំពីជីវិតសត្វ ដោយប្រើបច្ចេកទេសគូរទឹកថ្នាំខ្មៅរបស់ចិននោះថា៖ «គោលបំណងចង់ឱ្យក្រុមសិល្បករជំនាន់ក្រោយទទួលបាននូវចំណេះដឹងមួយផ្នែក ខាងសិល្បៈគំនូរបែបអរូបី ដែលផ្តោតទៅលើការបង្កើតស្នាដៃពួកគេទៅថ្ងៃក្រោយ។ ប្រការសំខាន់នោះ ក្នុងនាមជាសិល្បករផ្នែកគំនូរ ត្រូវចេះទាញយកចំណុចពិសេសណាមួយអំពីធម្មជាតិ ឬបរិស្ថាន ដែលខ្លួនយើងបានជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃ។ តាមរយៈសិល្បៈគំនូរនេះ គឺយើងពិតជាអាចបង្កើតនូវស្នាដៃណាមួយ ដែលរូបខ្លួនយើងចង់ឆ្លុះបញ្ចាំង ឬផ្តល់ជាសារអប់រំទៅដល់អ្នកទស្សនាបាន។ ម្យ៉ាងវិញទៀត កាលណាយើងទាំងអស់គ្នា សហការរួមគ្នាផ្តោតសំខាន់លើបញ្ហាសង្គមណាមួយឱ្យបានស្រុះស្រួលគ្នា ឬរួបរួមគ្នានោះ ខ្ញុំគិតថា វាអាចនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ផ្សព្វផ្សាយផ្តល់ព័ត៌មានអប់រំ ឬជាសារអប់រំមួយផងដែរ សម្រាប់បងប្អូនខ្មែរយើង តាមរយៈសិល្បៈវិចិត្រកម្មមួយនេះ។ តួយ៉ាងនោះ ដូចជាបញ្ហាបរិស្ថាន អ៊ីចឹងគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្ស និងសត្វនានា នៅក្នុងប្រទេសយើងក៏ដូចជានៅក្នុងពិភពផែនដីរបស់យើង»។
គួរបញ្ជាក់ផងដែរថា ស្នាដៃគំនូរពីសត្វស្លាបដ៏កម្រ ដែលបាននូវបច្ចេកទេសទឹកខ្មៅចិនសម្រាប់គូរមានចំណងជើង «Flying Across» ធ្លាប់ដាក់តាំងនៅវិចិត្រសាល The Kbach Gallery កាលពីពេលកន្លងមកនោះ ត្រូវបានស្ថានទូតប្រទេសអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា បានជាវគំនូរ ១ ផ្ទាំងនោះ ក្នុងតម្លៃជិត ២ ០០០ ដុល្លារ៕