ភ្នំពេញ៖ ថ្នាក់​សិក្សា​សិល្បៈ​សហសម័យ​ និង​ថ្នាក់​សិល្បៈ​ថតរូប​បែប​ឯកសារ​ និង​សហសម័យ​នៃ​គម្រោង​​សិល្បៈ​ស-ស ​រៀបចំ​ឡើង​ជា​​ពិសេស​​ សម្រាប់​និស្សិត​កំពុង​សិក្សា​ ឬ​ទើប​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​​នានា ដែល​មាន​ទេពកោសល្យ​ និង​​ក្តី​ស្រឡាញ់​​ផ្នែក​សិល្បៈ​។

បើ​​យោង​តាម​សេចក្តី​ជូន​ដំណឹង​ពី​គេហទំព័រ​របស់​គម្រោង​វិចិត្រសាល​ស-ស​ បាន​ឲ្យ​ដឹង​តាម​សេចក្តី​ប្រកាស​​ផ្តល់​អាហារូបករណ៍​នេះ​​ថា​៖ « ឆ្នាំ​សិក្សា​ថ្មី​​របស់​ថ្នាក់​សិល្បៈ​​​សហសម័យ​ ព្រម​ទាំង​ថ្នាក់​សិល្បៈ​រូបថត​បែប​ឯកសារ និងសហសម័យ បាន​ចាប់​ផ្តើម​បើក​ហើយ​សម្រាប់​អ្នក​​ចង់​​ស្វែង​រក និង​​អភិវឌ្ឍ​​ភាសា​សិល្បៈ​ឲ្យ​កាន់​តែ​រីក​ចម្រើន និង​ចង់​ក្លាយ​ជា​សិល្បករ​នោះ​។ សម្រាប់​ថ្នាក់​ទាំង ​២​ នេះ​​​ សម្របសម្រួល​​ដោយ​​សហស្ថាបនិក​នៃ​គម្រោង​សិល្បៈ​ស-ស គឺ​សិល្បករ​ ខ្វៃ សំណាង និង លឹម សុខចាន់លីណា ហើយ​មាន​គោលដៅ​​​ជួយ​​​ជំរុញ​ភាព​ច្នៃ​ប្រឌិត​ទៅ​លើ​ការ​អភិវឌ្ឍ​គំនិត​ និង​បង្កើត​ស្នាដៃ​សិល្បៈ​ទស្សន៍​ថ្មី (Visual Art)»។

ដោយ​ឡែក​ការ​សិក្សា​នេះ​ សិស្ស​ទាំង​អស់​​មាន​ការ​រួម​ពិភាក្សា​ ​អំពី​ទិដ្ឋភាព​នានា​នៃ​សិល្បៈ ប្រវត្តិសាស្រ្ត ទស្សនវិជ្ជា នរវិទ្យា​ បរិស្ថាន និង​សង្គម​ជាដើម​​។ល។​

ក្រុម​សិល្បករនាពេល​ធ្វើ​បទ​បង្ហាញ​ពីស្នាដៃ​ខ្លួន​ នៅ​ឯ​វិចិត្រសាល​នៃ​គម្រោង​សិល្បៈ​ស-ស​​។ រូបថត គម្រោងសិល្បៈ​ស-ស

តាម​ប្រភព​ដំណឹង​ដដែល​បាន​​បន្ត​ថា៖ «​លើស​​​ពី​នេះ​ យើង​នឹង​មាន​ការ​ជួប​​​ជាមួយ​​វា​គ្មិន​ជំនាញ​ថ្នាក់​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​មាន​ទស្សនកិច្ច​សិក្សា​​ទៅ​កាន់​វិចិត្រសាល​សិល្បៈ​ និង​​ស្ទូឌីយោ​របស់​ក្រុម​សិល្បករ​នានា​នៅ​ភ្នំពេញ​​ផង​ដែរ។ សិស្ស និស្សិត​ម្នាក់ៗ​ នឹង​​មាន​ឱកាស​បង្កើត​ស្នាដៃ​សិល្បៈ​ថ្មីៗ​ សម្រាប់​​​ដាក់​តាំង​​​ពិព័រណ៍​ជា​ក្រុម​ នា​ចុង​បញ្ចប់​​​​វគ្គ​នេះ។​ ​​​ខណៈ​​​​ឯកសារ​​​​ទាំង​​ឡាយ​ ដែល​សិស្ស ​និស្សិត ​តម្រូវ​ភ្ជាប់​​មក​ជាមួយ ​រួម​មាន​ប្រវត្តិរូប​​សង្ខេប រូបភាព​ស្នាដៃ​សិល្បៈ​កន្លង​មក​ និង​​​អត្ថបទ​​មួយ​ទំព័រ​​​ស្តីពី​ចំណាប់​​អារម្មណ៍​ស្នើ​សុំ​ចូល​រៀន និង​​ផែនការ​បង្កើត​គម្រោង​ស្នាដៃ​​ថ្មី។​ ​​​ការ​បង្រៀន​​ដោយ​​​សិល្បករ ខ្វៃ សំណាង និង លីម សុខចាន់លីណា រយៈពេល​​​ ១២ សប្តាហ៍​​ ចាប់​តាំង​​​ពី​ខែ​កញ្ញា ដល់​ខែ​វិច្ឆិកា ឆ្នាំ ​២០២០។ កាល​វិភាគ​សិក្សា​ ថ្នាក់​សិល្បៈ​​សហសម័យ​ រៀង​រាល់​ថ្ងៃ​​សៅរ៍ ពី​ថ្ងៃទី ៥ កញ្ញា ឆ្នាំ ​២០២០ និង​​​​​ថ្នាក់​សិល្បៈ​រូបថត​បែប​សហសម័យ ​និង​​ឯកសារ រាល់ថ្ងៃ​អាទិត្យ​ចាប់​ពី​ថ្ងៃ​ទី ៦ ខែ ​កញ្ញា ឆ្នាំ ​២០២០»​។​​

គម្រោង​សិល្បៈស-ស មាន​​អាសយដ្ឋាន​​នៅ​ផ្ទះលេខ ​៤៧ ផ្លូវលេខ ៣៥០ (កែង​​ផ្លូវ​លេខ ៩៥) នៅ​ជិត​សារ​​​មន្ទីរ​​ទួល​​ស្លែង។ ការ​ដាក់​ពាក្យ​​​ផ្ញើ​ទៅ​កាន់ lyna@sasaart.info និង​​​​ឈប់​ទទួល​ពាក្យ​នៅ​​​​ថ្ងៃទី ២៣ ខែ​ សីហា ​ឆ្នាំ​ ២០២០ ឬ​អាច​​ទាក់ទង​​​តាមរយៈ​ទូរស័ព្ទ​លេខ ០៩២ ៩៦១ ៩៧៤ / ០១០ ៨៩១ ៤៧០៕​