ភ្នំពេញ៖​ មិន​ខុស​ពី​អាជីវកម្ម​ដទៃ​ដែល​ត្រូវ​ផ្អាក​ដំណើរការ​​ វិចិត្រសាល​ «ស្រា​អាត»​ កំពុង​ព្យាយាម​រិះ​រក​វិធីសាស្ត្រ​ផ្សេងៗ ដើម្បី​​ផ្តល់​សេវាកម្ម​​ ទស្សនីយភាព ​និង​ភាព​សប្បាយ​រីករាយ ជា​ការ​​​រក្សា​ទំនាក់​ទំនង​ជាមួយ​អតិថិជន​ និង​បណ្ដា​​អ្នក​ស្នេហា​សិល្បៈ​​​​។

វិចិត្រសាល​នេះ​បាន​បង្កើត​សកម្មភាព​​​ដូចជា​ វីដេអូ​និយាយ​​ពី​សិល្បៈ​គំនូរ​របស់​វិចិត្រករ​ច្រើន​រូប​ ការ​បង្ហោះ​​រូប​គំនូរ​ និង​អត្ថន័យ​របស់​វា​ ក៏​ដូចជា ​កម្មវិធី​ប្រកួត​ប្រជែង​ផ្សេងៗ ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់​សិល្បៈ​អាច​ចូលរួម​បាន​នៅ​តាម​ផ្ទះ​។

សកម្មភាព​នេះ ជា​ស្ពាន​សម្រាប់​ឲ្យ​អ្នក​ចូលចិត្ត​គំនូរ​អាច​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សិល្បករ​ ស្វែងយល់​ពី​បទពិសោធ បច្ចេកទេស​គូរ​រូប​ និង​គម្រោង​ថ្មីៗ​ ដែល​នឹង​ត្រៀម​ចេញ​​ពី​បណ្ដា​​សិល្បករ​ទាំង​នោះ​។

ស្រាអាត​ ឆាលេង​ ​(#sraartchallenge) គឺ​ជា​ការ​ប្រកួត​ប្រជែង​លើ​ការ​ប្រើប្រាស់​វត្ថុ​ផ្សេងៗ​ ជាមួយ​នឹង​ក្តី​ស្រមើ​ស្រមៃ​របស់​អ្នក​ ដើម្បី​​ធ្វើ​ត្រាប់​តាម​រូប​គំនូរ​ណាមួយ ​ដែល​អ្នក​ស្រឡាញ់​ពេញ​ចិត្ត​។

អ្នកនាង Cecile Eap ​ស្ត្រី​ខ្មែរ-បារាំង​​ ជា​ស្ថាបនិក​វិចិត្រសាល​​បាន​ឲ្យ​ដឹង​ថា​៖ «នៅ​ពេល​​ការ​ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​​នៅ​វិចិត្រសាល​ដោយ​ផ្ទាល់​ មិន​ត្រូវ​​បាន​អនុញ្ញាត​​​ដូច​កន្លង​​មក​ យើង​បាន​បង្កើត​ការ​ប្រកួត​ប្រជែង​នេះ​ឡើង​ សម្រាប់​អ្នក​ដែល​ស្រឡាញ់​សិល្បៈ​ ទាំងឡាយ​​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ ព្រោះ​ការ​ប្រកួត​នេះ​ជា​គំនិត​ច្នៃ​ប្រឌិត​ថ្មី ​របស់​បុគ្គល​នីមួយៗ​នៅ​តាម​ផ្ទះ​»។​

អ្នកចូលរួមគ្រាន់តែ​​រៀបចំ​ស្ទីលថត​រូបទៅតាម​គំនូរ​ ដែល​ខ្លួន​ស្រឡាញ់ រួច​បង្ហោះ​រូបថត​ជាមួយ #sraartchallenge​​។ រូបថត សហ​ការី

ជាមួយ​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ លើ​វិស័យ​សិល្បៈ​ នាង​បាន​ប្រាប់​ថា​ នាង​ព្យាយាម​​រិះរក​សកម្មភាព​ថ្មីៗ ​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អ្នក​ទស្សនិកជន​ នៅ​ពេល​ដែល​វិចិត្រសាល​កំពុង​បិទ។

ស្រាអាត​ ឆាលេង គឺ​កម្មវិធី​​មាន​ទម្រង់​ដូច​ទៅ​នឹង​​​សកម្មភាព​ផ្ដួច​ផ្តើម​​ដោយ​សារមន្ទីរ Getty ជា​កន្លែង​ប្រមូល​ផ្តុំ​ស្នាដៃ​សិល្បៈ​ និង​ការ​ស្រាវជ្រាវ​របស់​ J. Paul Getty Trust។

អ្នកនាង​បាន​រៀបរាប់​ថា៖ «ដើម្បី​ចូលរួម​ការ​ប្រកួត​នេះ​ លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​ផេក​របស់​ស្រាអាត​ រួច​ជ្រើស​រើស​រូប​គំនូរ​ពី​ស្នាដៃ​វិចិត្រករ​ណាមួយ​ ហើយ​ចូរ​ស្រមើ​ស្រមៃ​ ​និង​ធ្វើ​ត្រាប់​តាម​ រូប​គំនូរ​នោះ​ បន្ទាប់​មក​ថតរូប​នោះ​ភ្ជាប់​ជាមួយ​រូប​ដើម​រួច​ផ្ញើ​មក​កាន់​ពួក​យើង​ ឬ​អាច​ផុស​នៅ​លើ​ផេក​របស់​ស្រាអាត​ ដោយ​គ្រាន់​តែ​វាយ ​#sraartchallenge ជា​ការ​ស្រេច​»។

អ្នកចូលរួមគ្រាន់តែ​​រៀបចំ​ស្ទីលថត​រូបទៅតាម​គំនូរ​ ដែល​ខ្លួន​ស្រឡាញ់ រួច​បង្ហោះ​រូបថត​ជាមួយ #sraartchallenge​​។ រូបថត សហ​ការី

ការ​ប្រកួត​ប្រជែង​នេះ​​នឹង​បញ្ចប់​នៅ​ចុង​ខែ​ឧសភា​ រូបភាព​​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​ ចំនួន ​៣​ នឹង​ទទួល​បាន​រង្វាន់​ Sip and Paint មាន​តម្លៃ​​ប្រហែល​ ២៥ ​​ដុល្លារ​ នៅ​ ស្រាអាត​ រួម​ជាមួយ​នឹង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា​ ផ្ទាំង​គំនូរ​ក្រណាត់​ រូប​គំនូរ​ ស្រា​ និង​សម្ភារ​ផ្សេង​ទៀត​ពី​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​។

អ្នកនាង ​Cecile បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ប្រកួត​ប្រជែង​នេះ​​ទើប​​តែ​ចាប់​ផ្តើម​​ តែ​មាន​អ្នក​ចូលរួម​ច្រើន​ ព្រម​ទាំង​មាន​រូបថត​​​ជាច្រើន​ ត្រូវ​បាន​ថត​ រួច​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​ស្រាអាត​កាល​ពី​ពេល​​ថ្មីៗ​នេះ​។

វិចិត្រសាល​ដែល​​សម្ពោធ​​​ដំណើរការ​កាល​ពី​ខែតុលា ឆ្នាំ ២០១៩ នេះ ក៏​មាន​គម្រោង​នឹង​បើក​ដំណើរការ​សាជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍​ទី ៩ ខែ​ឧសភា ស្អែក​នេះ ប្រសិន​​​បើ​មិន​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ ​១៩។

ការ​បើក​ដំណើរការ​វិចិត្រសាល​​ឡើង​វិញ​ នឹង​រៀបចំ​ឡើង​ដោយ​វិចិត្រករ​ចំណានៗ​ជា​ច្រើន​រូប​ដោយ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មីៗ​ផង​ដែរ​ ជាមួយ​នឹង​ការ​រៀបចំ​កម្មវិធី​ដាក់​តាំង​បង្ហាញ​ គំនូរ​ និង​ការ​គូរ​គំនូរ​ដោយ​ផ្ទាល់​​ នៅ​លើ​កែវ​កាហ្វេ​ ដប​ទឹក​ ស្បែក​ជើង​ ប្រអប់​ដាក់​វ៉ែនតា​ សម្បក​ទូរស័ព្ទ ជាដើម ។

ការ​ប្រកួត​ថត​ត្រាប់តាមគំនូរ​នឹង​បញ្ចប់​​​នៅ​ចុង​ខែ​ឧសភា​ខាង​មុខ​នេះ​។ រូបថត សហ​ការី

ស្ថាបនិក​ដែល​មាន​ឆន្ទៈ​ផ្ដល់​ឱកាស​ឲ្យ​សិល្បករ​ខ្មែរ​បញ្ចេញ​ស្នាដៃ​នៅ​វិចិត្រសាល​សហសម័យ​រូប​នេះ ក៏​បាន​បង្ហាញ​គោល​ជំហរ​ទៅ​ថ្ងៃ​មុខ​ថា​៖ «បច្ចុប្បន្ន យើង​គ្រាន់​តែ​ជា​​​វិចិត្រសាល​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ យើង​សង្ឃឹម​ថា​ យើង​អាច​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​សិល្បៈ​កម្ពុជា ​និង​ជំរុញ​ឲ្យ​មនុស្ស​គ្រប់​គ្នា​​កាន់​តែ​ស្គាល់​ច្បាស់​អំពី​វប្បធម៌​ដ៏​អស្ចារ្យ​របស់​ខ្មែរ​ ដែល​កំពុង​ត្រឡប់​មក​មាន​ពន្លឺ​ បន្ទាប់​ពី​ត្រូវ​បាន​បំផ្លាញ​ចោល​នា​អតីតកាល​។ យើង​ក៏​រំពឹង​ថា​ សកម្មភាព​របស់​យើង​នឹង​ផ្លាស់​ប្តូរ​គំនិត​​ និង​ជួយ​ឲ្យ​ប្រជាជន​ជួយ​ថែរក្សា​វប្បធម៌​​ក៏​ដូច​ជា​បេតិកភ័ណ្ឌ​​ជាតិ​ផង​ដែរ​»។

ស្រាអាត មាន​ទីតាំង​នៅ​ជិត​សារមន្ទីរជាតិ​ និង​ព្រះ​បរមរាជវាំង​ នៅ​លើ​បណ្តោយ​វិថី​សុធារស​។ សម្រាប់​ព័ត៌មាន​លម្អិត​សូមចូល​ទៅ​កាន់​ហ្វេសប៊ុក​ផេក​ @sraartstudio ឬ​​អ៊ីនស្តាក្រាម​ @sraart_studio ឬចូល​ទៅ​កាន់​ វេបសាយ​www.sraarstudios.com ឬ​ខល​ទៅ​កាន់​លេខ ០៨១ ៤៦១ ៧១១៕