ភ្នំពេញ៖ ជាវិចិត្រសាលផ្ដោតសំខាន់លើសិល្បៈសហសម័យ និងផ្សារភ្ជាប់អ្នកផ្ដល់តម្លៃដល់សិល្បៈ ទៅនឹងការទ្រទ្រង់ជីវភាពសិល្បករ វិចិត្រសាល ស្រា អាត បានបន្តដាក់តាំងនូវស្នាដៃគំនូរ ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលនៃវប្បធម៌ប្រពៃណីខ្មែរមកលើសិល្បករសហសម័យសព្វថ្ងៃនេះ។
រឹតតែប្លែកទៅទៀតនោះ មិនខុសពីឈ្មោះវិចិត្រសាលនេះទេ ស្រា ត្រូវបានប្រើប្រាស់ជាភេសជ្ជៈដែលជំរុញញាណរបស់ទស្សនិកជន ឲ្យទទួលបានប្រតិកម្ម និងបទពិសោធដ៏អស្ចារ្យ អំឡុងពេលដើរទស្សនាស្នាដៃសិល្បៈក្រោមការពន្យល់យ៉ាងក្បោះក្បាយពីអ្នកជំនាញផងដែរ។
ស្ថាបនិកខ្មែរ-បារាំង អ្នកនាង Cecile Eap Berg បានឲ្យដឹងពីកម្មវិធី Art and Wine Pairing នៅវិចិត្រសាល ស្រា អាត ថា៖ «យើងផ្ដើមចេញពីគំនិតថា នៅពេលមនុស្សសម្លឹងស្នាដៃសិល្បៈ ពួកគេទទួលឥទ្ធិពលផ្នែកអារម្មណ៍ ដែលស្រដៀងនឹងបទពិសោធក្រេបស្រា ១ កែវដែរ»។
ជារឿយៗ វិចិត្រសាលតែងតែបង្កើតកម្មវិធី Art and Wine Pairing ដោយតម្រូវឲ្យអ្នកចូលរួមជាវសំបុត្រតម្លៃ ២០ ដុល្លារ សម្រាប់ការក្រេបស្រា អាហារសម្រន់ និងដំណើរទស្សនាគំនូរ ឬរូបថតសិល្បៈ ដោយមានមគ្គុទេសក៏បរិយាយប្រាប់យ៉ាងស៊ីជម្រៅអំពីស្នាដៃទាំងនោះផងដែរ។
ស្ថិតនៅវិចិត្រសាលដែលទើបបើកសម្ពោធកាលពីចុងឆ្នាំកន្លងទៅនេះ អ្នកនាង Eap ដែលបានពន្យល់ទៀតថា៖ «ស្រា និងសិល្បៈសុទ្ធតែជះឥទ្ធិពលដល់ផ្លូវអារម្មណ៍របស់យើង។ សិល្បៈ និងស្រា មានប្រតិកម្មដល់ញាណរបស់យើង និងបន្សល់នូវបទពិសោធដក់ជាប់ក្នុងអារម្មណ៍យើងយូរអង្វែង»។
អ្នកនាងបានជ្រើសរើសអ្នកជំនាញផ្គត់ផ្គង់ស្រា ដោយជ្រើសរើសនូវប្រភេទ និងរសជាតិ ស័ក្ដិសមទៅនឹងបរិយាកាសបែបសិល្បៈ និងអារម្មណ៍ទស្សនិកជន។
កម្មវិធី Art and Wine Pairing ដែលទើបតែធ្វើឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះទទួលបានការគាំទ្រ ដោយមានភ្ញៀវកក់ដំណើរទស្សនាគំនូរក្រេបស្រានេះ ពេញតែម្ដង។
ស្ថាបនិករូបនេះបានបន្តថា៖ «ដើម្បីឲ្យអ្នកចូលរួមទទួលបទពិសោធប្រសើរបំផុត យើងប្រើពេល ២ ម៉ោងកន្លះ ទៅ ៣ ម៉ោង ដោយមានការបម្រើអាហារសម្រន់។ អ្នកចូលរួម ១ ក្រុមៗត្រូវបានកំណត់ចំនួនត្រឹមតែ ២៥ នាក់ប៉ុណ្ណោះ ដើម្បីឲ្យពួកគេទទួលបានបទពិសោធនៅវិចិត្រសាលយ៉ាងពេញលេញ»។
ដោយឡែកពីកម្មវិធី Art and Wine Pairing វិចិត្រសាល ស្រា អាត តែងតែស្វាគមន៍ភ្ញៀវចូលទស្សនាស្នាដៃសិល្បៈដោយសេរី។ គំនូរសហសម័យជាច្រើន ដូចជាស្នាដៃវិចិត្រករបារាំង Williann ដែលបង្កប់ដោយនិមិត្តសញ្ញាខ្មែរ និងរូបសត្វបង្កប់គ្រប់កន្លែងក្នុងផ្ទាំងគំនូរ។ រីឯសិល្បករខ្មែរ បណ្ដូល បានផ្សារភ្ជាប់ដួងព្រលឹងបុព្វបុរសទៅនឹងការរចនាក្រាហ្វិកស្ថាបត្យកម្ម ជុំវិញកេរដំណែលរបស់ លោក វណ្ណ ម៉ូលីវណ្ណ។
ពិព័រណ៍ស្នាដៃទាំងនេះនឹងបន្តដាក់តាំងរហូតដល់ខែមីនា នៅវិចិត្រសាល ស្រា អាត ស្ថិតនៅផ្ទះលេខ 7/9E0 មហាវិថីសុធារស ចន្លោះផ្លូវ ១៧៨ និងវត្តឧណ្ណាលោម៕