ភ្នំពេញ៖ វិចិត្រសាល​សហសម័យ​ ស្រា អាត បាន​ស្វាគមន៍​ពិព័រណ៍​ថ្មី​ក្រោម​ចំណង​ជើង​ថា «អប្សរា និង​រឿង​ព្រេង​កម្ពុជា» ដែល​ជា​ការ​ឧទ្ទិស​ដល់​​ សម្តេច​ព្រះរៀម​បុប្ផាទេវី​ ក្រោយ​ពី​ទ្រង់​សោយ​ទិវង្គត​កាល​ពី​ថ្ងៃទី ១៨​ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។

សម្តេច​ព្រះរៀម​បុប្ផាទេវី មាន​ព្រះកិតិ្តនាម​​ខ្ពង់ខ្ពស់ និង​ត្រូវ​បាន​គោរព​ចំពោះ​​ស្នាព្រះហស្ត​ក្នុង​ការ​អភិរក្ស និង​ច្នៃ​បង្កើត​របាំ​ព្រះរាជ​ទ្រព្យ ដោយ​ទ្រង់​បាន​ចូលរួម​សម្ដែង​របាំ​តាំង​ពី​​ចម្រើន​វ័យ​ជំទង់ នៅ​លើ​ឆាក​សិល្បៈ​ជុំវិញ​ពិភព​លោក។

ពិព័រណ៍​​នេះ​ នឹង​មាន​​ការ​​ដាក់​តាំង​ស្នាដៃ​រួម​គ្នា ដោយ​មាន​រូបថត និង​ផ្ទាំង​គំនូរ មិន​ត្រឹមតែ​ស្ដែង​ពី​ស្នាព្រះហស្ត​​របស់​ទ្រង់​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​កេរ​ដំណែល​កម្ពុជា​ដ៏​ថ្លៃថ្លា​កន្លង​មក។ កម្រង​រូបថត​​នឹង​តំណាង​ឲ្យ​ភាព​ស្រប​គ្នា​នៃ​នាដការី​របាំ​អប្សរា និង​ចម្លាក់​​ពី​បរមបុរាណ​នៃ​សម័យ​ចេនឡា។

តួអង្គ​ដ៏​សំខាន់​មួយ​ទៀត​នៃ​ពិព័រណ៍​នេះ រួម​មាន ទេវ​នាដ​និម្មិត ឯម ធាយ ដែល​ឈាន​ចូល​វ័យ ៨៧ ឆ្នាំ។

អ្នក​របាំ​វ័យ​ជ្រេ​រូប​នេះ​ធ្លាប់​បាន​និយាយ​ថា៖ «ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម សម្ដេច​ឪ​ទ្រង់​ឈ្វេង​យល់​ថា របាំ​ព្រះរាជទ្រព្យ គួរ​តែ​ស្វាគមន៍​មនុស្ស​ទូទៅ មិនមែន​សម្រាប់​តែ​រាជវង្ស​នៅ​ក្នុង​វាំង​នោះទេ»។

ដូច​គ្នា​ទៅ​នឹង​ទស្សនៈ​របស់​ស្ថាបនិក​វិចិត្រសាល ​ស្រា អាត អ្នកនាង Cecile ​Eap ការ​បើក​​វិចិត្រសាល​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ និង​ចែក​រំលែក​សិល្បៈ​សហសម័យ​ ជាមួយ​មនុស្ស​គ្រប់​រូប​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​វិស័យ​នេះ។

រូបថត និង​ផ្ទាំងគំនូរ​​អំពីអប្សរា និង​វប្បធម៌ខ្មែរ​ពីបុរាណ​ត្រូវបានដាក់តាំង​រួមគ្នា។ហុង មិនា

អ្នកនាង​បាន​ពន្យល់​ថា៖ «យើង​មាន​អារម្មណ៍​ថា នេះ​គឺ​ជា​ពេល​វេលា​ដ៏​ស័ក្ដិសម​បំផុត​ក្នុង​ការ​ដាក់​តាំង​ពិព័រណ៍​មួយ​នេះ។ វា​មិន​ត្រឹមតែ​ជា​ការ​សម្ដែង​ក្ដី​គោរព​ដល់​សម្ដេច​ព្រះរៀម​បុប្ផាទេវី​នោះ​ទេ ថែម​ទាំង​ជា​ការ​រំឭក​​នូវ​ប្រភព​នៃ​សិល្បៈ​ខ្មែរ និង​ឥទ្ធិពល​ពី​អតីតកាល​​មក​លើ​សិល្បករ​នា​សម័យ​បច្ចុប្បន្ន​នៅ​កម្ពុជា»។

ស្ថាបនិក​វិចិត្រសាល ស្រា អាត បាន​​បន្ត​ទៀត​ថា៖ «យើង​ពិត​ជា​ចង់​បង្ហាញ​នូវ​ឥទ្ធិពល​​ឥត​សាបសូន្យ​របស់​សម្ដេច​ព្រះរៀម មក​លើ​វប្បធម៌​កម្ពុជា តាមរយៈ​ពិព័រណ៍​ដែល​ស្វាគមន៍​សាធារណជន​មក​កាន់​ទី​នេះ​»។

ក្នុង​ចំណោម​ស្នាដៃ​ ដែល​ត្រូវ​បាន​ដាក់​តាំង​លើក​​នេះ រួម​មាន​​​គំនូរ​របស់ លោក ​គុណ កុលកតិកា ជា​វិចិត្រករ​កម្ពុជា ដែល​មាន​ការ​សិក្សា​ជ្រៅជ្រះ​ពី​ប្រវត្តិសាស្ត្រ​​អាណាចក្រ​កម្ពុជា និង​វប្បធម៌​ប្រទេស​នេះ​។

ក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​សិល្បៈ​ដ៏​​ប្រណីត​របស់​កម្ពុជា និង​ចំណាប់​អារម្មណ៍​របស់​លោក​ចំពោះ​សិល្បៈ​ប៉ែក​អឺរ៉ុប បាន​ធ្វើ​ឲ្យ​លោក​រំលេច​ជា​ស្នាដៃ​​តុល្យភាព​ពិភព​ទាំង ​២ គឺ​អាណាចក្រ​​កំណើត​របស់​លោក និង​ពិភព​លោក​ខាង​លិច។

វិចិត្រករ​​នៅ​ភ្នំពេញ​រូប​នេះ បាន​រំលេច​រូបភាព​ដែល​ជា​ឥទ្ធិពល​ប្រែប្រួល​​នៃ​ពន្លឺ និង​ពណ៌ ចេញ​ពី​ធាតុ​មេឃ ដី និង​ទឹក ដែល​ទ្រទ្រង់​ជីវិត​។​

ផ្ទាំង​គំនូរអប្សរា រំលេច​ទិដ្ឋភាព​បែប​ស្រមើស្រមៃ ដោយ​ប្រើ​ពណ៌យ៉ាង​ស្រទន់។ ហុង មិនា

សិល្បករ​មួយ​រូប​ទៀត ដែល​ចូលរួម​ពិព័រណ៍​នេះ ​គឺ​លោក Arjay Stevens ជា​អ្នក​វិទ្យាសាស្ត្រ​ធម្មជាតិ​ជនជាតិ​អាល្លឺម៉ង់ ដែល​បាន​ចាប់​អាជីព​ជា​អ្នក​ថតរូប និង​សិល្បករ។

លោក​បាន​ចាប់​ផ្ដើម​ជាប់​ចិត្ត​នឹង​សិល្បៈ​​អាស៊ីអាគ្នេយ៍​ ក្រោយ​ពី​លោក​បាន​មក​កាន់​ដែនដី​នេះ ​នៅ​ឆ្នាំ ១៩៩៦​។ រាប់​តាំង​ពី​ថ្ងៃ​ដំបូង លោក Stevens តែង​ផ្ដោត​លើ​ការ​ស្វែង​យល់​ពី​សិល្បៈ​ដ៏​រុងរឿង​របស់​ខ្មែរ។

អស់​រយៈកាល​ជាង​​ ២០ ឆ្នាំ លោក​បាន​ផ្ដិត​រូបថត​រាប់​ពាន់​សន្លឹក​នៅ​កម្ពុជា។ យោង​តាម​ការ​អះអាង​ពី​​រូប​លោក និង​នាយក​ផ្នែក​សិល្បៈ ​និង​ស្ថាបត្យកម្ម​ព្រះបរម​រាជវាំង​​ លោក Stevens គឺ​ជា​ជន​ដំបូង​ដែល​បាន​ថត​រូប​ឯកសារ​អំពី​ផ្ទាំង​គំនូរ​ពណ៌​អំពី​រឿង​រាមកេរ្តិ៍ ​នៅ​លើ​ជញ្ជាំង​វាំង ក្នុង​អំឡុង​ឆ្នាំ ១៩៩៦ និង ១៩៩៧។

សមិទ្ធផល​របស់​លោក ​គឺ​ជា​សៀវភៅ​​រូបថត ដែល​ផ្ដិត​យក​រឿង​រ៉ាវ​នារី​របាំ​អប្សរា​ដ៏​ល្បីល្បាញ​ពី​សម័យ​អង្គរ ដែល​មាន​ភាព​ខុស​គ្នា​ពី​អ្នក​របាំ​សហសម័យ​នា​ពេល​បច្ចុប្បន្ន។

ពិព័រណ៍ «អប្សរា និង​រឿង​ព្រេង​កម្ពុជា» ផ្ដើម​ស្វាគមន៍​សាធារណជន នៅ​ថ្ងៃ​អង្គារ ទី ៣ ខែ​ ធ្នូ ហើយ​នឹង​បន្ត​ដាក់​តាំង​រហូត​ដល់​ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ នៅ​វិចិត្រសាល ស្រា អាត ស្ថិត​នៅ​ផ្ទះលេខ ​7/9E0 មហាវិថី​សុធារស ក្បែរ​វត្ត​ឧណ្ណាលោម៕