
ក្រុមទេសចរបរទេស និងខ្មែរ បានចូលទស្សនានៅវិចិត្រសាល SPACE FOUR ZERO ហើយបានជាវស្នាដៃគំនូរ ឬថាសចម្រៀងតាមចំណូលចិត្ត។ រូបថត សហការី
ភ្នំពេញ៖ ខណៈដែលលោកអ្នកបានធ្វើដំណើរដល់ត្រង់ចំណុចនៃវិថីឧកញ៉ាឈុន (ផ្លូវលេខ ២៤០) និងផ្លូវលេខ ២៤៤ ឬម្តុំចំហៀងខាងក្រោយមន្ទីរពេទ្យគន្ធបុប្ផាទី២ នៅក្បែរព្រះបរមរាជវាំង ហើយក្រឡេកចក្ខុមើលជុំវិញនោះ នឹងប្រទះឃើញនូវបណ្តុំគំនូរចម្រុះពណ៌ តាមជញ្ជាំងនៅខាងក្រៅនៃវិចិត្រសាល SPACE FOUR ZERO ជាស្នាដៃរបស់វិចិត្រករវ័យក្មេងល្បីឈ្មោះ យី កក្កដា និងនៅខាងក្នុង គឺជាបណ្តុំនៃគ្រឿងសិល្បៈនានា ដែលដាក់បង្ហាញមានតាំងពីសម័យនៃទសវត្សរ៍ទី៦០-៧០ រហូតដល់សម័យទំនើប។
នៅលើជញ្ជាំងខាងឆ្វេងដៃលោកអ្នកនឹងឃើញផ្ទាំងគំនូរស្រ្តីខ្មែរចោមពុងសារុង កំពុងតែលើកអាល់ទែរ ជាតំណាងនូវភាពរឹងមាំរបស់ស្រ្តីដែលជាស្នាដៃលេចធ្លោរបស់វិចិត្រករខ្មែរមកពីខេត្តបាត់ដំបង រួមជាមួយផ្ទាំងគំនូរសហសម័យតូចធំជាច្រើនទៀត ហើយនៅក្បែរនោះ ក៏មានដាក់តាំងអាវយឺតរំលេចរូបភាពសិល្បៈកែច្នៃយ៉ាងស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ ដែលគ្មានលក់នៅទីកន្លែងណាផ្សេងឡើយ ក្រៅពីទីនេះ។
ចំណែកឯលើជញ្ជាំងម្ខាងទៀត ជាផ្ទាំងរូបភាពចម្រុះពណ៌ឆើតស្រស់នៃអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងរាជិនីសំឡេងមាស រស់ សេរីសុទ្ធា ក៏ទាក់ទាញក្រសែភ្នែកអ្នកទស្សនាទាំងឡាយមិនឱ្យរំលងនេត្រានោះឡើយ។
បើលោកអ្នកសម្លឹងមកក្រោមបន្តិច នឹងប្រទះនូវគ្រឿងសមុច្ច័យសិល្បៈ ជាថាសចម្រៀងពណ៌ខ្មៅ កាលពីសម័យមុនមួយចំនួនរហូតដល់ខ្ទង់ជាង ៥០០ ដែលត្រូវបានតម្រៀបគ្នាជាជួរនៅក្នុងប្រអប់មានរបៀបរៀបរយ ត្រូវបានបែងចែកទៅតាមប្រភេទ ពោលគឺ ថាសបទចម្រៀងខ្មែរនៅដោយឡែកឯថាសបទចម្រៀងបរទេសនៅដោយឡែកតែម្តង។

បណ្តុំគ្រឿងសមុច្ច័យសិល្បៈនៅក្នុងវិចិត្រសាល SPACE FOR ZERO។ រូបថត សហការី
អេនថូនី ឡេហ្វហ្វើតស៍ (Anthony Lefferts) ជាស្ថាបនិកនៃវិចិត្រសាល ដែលចំណាយពេលរហូត ៤០ ឆ្នាំ ក្នុងការសន្សំរបស់របរទាំងនេះ បានបញ្ជាក់ប្រាប់ថា នៅទីនេះមានសមុច្ច័យស្នាដៃសិល្បៈប្រមាណ ៥០០ ផ្ទាំង និងថាសចម្រៀងទាំងខ្មែរ និងបរទេស សរុបចំនួនប្រមាណ ១ ០០០ ថាស។ ចំពោះផ្ទាំងរូបគំនូរ បានប្រមូលពីសិល្បករជនបរទេស នៅស្រុកខ្មែរ និងសិល្បករជាតិខ្មែរ មកពីបណ្តាខេត្តនានាផងដែរ។
រីឯថាសចម្រៀង លោកបានសន្សំទិញតាមសមុច្ច័យសិល្បៈនានាតាមលទ្ធភាពជាក់ស្តែង ខណៈលោកមិនជ្រើសរើសរបស់ណាដែលមានតម្លៃថ្លៃកប់ពពកពេកនោះទេ។ ជាទូទៅលោកចំណាយថវិកាផ្ទាល់ខ្លួនទិញត្រឹមតែតម្លៃ ១០០-២០០ ដុល្លារ ហើយយូរៗម្តង ទើបលោកដាច់ចិត្តហ៊ានចំណាយទិញវត្ថុខ្លះដែលមានតម្លៃខ្ទង់ ២ ០០០ ដុល្លារ ដែលលោកចាត់ទុកថា ជារឿងកម្រសម្រាប់លោក។
ថ្វីដ្បិតតែ វិចិត្រសាល SPACE FOUR ZERO ស្ថិតនៅដាច់ពីផ្លូវធំបន្តិចមែនក្តី តែបើតាមមើលការតុបតែងលម្អ ប្រកបដោយសោភណភាព ទាំងក្រៅ និងខាងក្នុង មានការទាក់ទាញអារម្មណ៍ចង់ទៅកាន់ពិភពសិល្បៈតន្រ្តីរ៉ុកខេនរ៉ូល (Rock & Roll) របស់ខ្មែរនាទសវត្សរ៍ឆ្នាំ ៦០-៧០ មួយរំពេចពេលដើរទៅក្បែរនោះ។
គួរបញ្ជាក់ដែរថា លោក អេនថូនី ឡេហ្វហ្វើតស៍ ហៅ តូនី មានស្រុកកំណើតនៅឯទីក្រុងអូស្ទីន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ហើយលោកបានចូលសិក្សានៅសាលាភាពយន្តនៅទីនោះ មុននឹងលោកផ្លាស់មករស់នៅទីក្រុងញូវយ៉ក និងទីក្រុងកាលីហ្វ័រនីញ៉ា អស់រយៈពេល ៥ ឆ្នាំ។
កាលពេលនោះ លោកធ្លាប់ធ្វើជំនួញក្នុងវិស័យតន្រ្តីក្នុងតំណែងជាអ្នកសម្របសម្រួលគម្រោងប្រចាំផលិតកម្ម PACE Entertainment LIVE Nation) ដែលធ្លាប់ទទួលជោគជ័យជាប់ចំណាត់ថ្នាក់ក្នុងកំណត់ត្រាល្អនៃផ្នែកក្រុមតន្រ្តី Austin Fat Angel Records។

បន្ទាប់មក លោកក៏បានធ្វើដំណើរមករស់នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ ២០១៣ មុននឹងលោក និងមិត្តភក្តិឈ្មោះលោក ជូលាន ប៉ូលសុន (Julien Poulson) សហការគ្នាបង្កើតទីតាំង Space Four Zero នៅក្នុងឆ្នាំ ២០១៤។
អេនថូនី ឡេហ្វហ្វើតស៍ ក៏បានបញ្ជាក់ថា៖ «មូលហេតុដែលបង្កើតវិចិត្រសាលនេះឡើង គឺដោយសារតែស្រឡាញ់ដក់ចិត្តដិតអារម្មណ៍នឹងសិល្បៈតន្រ្តីខ្មែរ នាទសវត្សរ៍ឆ្នាំ ៦០-៧០ ហើយក៏ធ្លាប់ជាផលិតករ និងអ្នកគ្រប់គ្រងតន្រ្តីទេសចរណ៍នៃក្រុមតន្រ្តី Cambodian Space Project ដែលជាក្រុមតន្រ្តីជំរុញឱ្យតន្រ្តីរ៉ុកខេនរ៉ូលបែបខ្មែរ នាទសវត្សរ៍ទី ៦០ ឡើងវិញ បង្កើតឡើងនៅក្នុងឆ្នាំ ២០០៩ ហើយខ្ញុំបានចេញទៅសម្តែងជាច្រើនលើកនៅជុំវិញពិភពលោក។
ខ្ញុំមិនចាត់ទុកកន្លែងនេះ គ្រាន់តែជាទីតាំងលក់ស្នាដៃគំនូរ និងថាសចម្រៀងធម្មតានោះ ប៉ុន្តែវាជាទីកន្លែងមួយដែលធ្វើឱ្យមនុស្សបង្កើតបាននូវទស្សនវិស័យវែងឆ្ងាយ ក្នុងការបើកថ្នាក់បណ្តុះបណ្តាលកូនខ្មែរ ឱ្យយល់ដឹងអំពីគន្លឹះល្អក្នុងការជ្រើសរើសទិញនូវសមុច្ច័យសិល្បៈ (Art Collections) ឱ្យបានត្រឹមត្រូវ»។
ព័ត៌មានលម្អិតសម្រាប់ជាវស្នាដៃគំនូរ និងគ្រឿងសិល្បៈនានា នៅឯ SPACE FOUR ZERO អាចទាក់ទងតាមរយៈទូរស័ព្ទ 069 571 100 ឬ spacefourzero.com៕