The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វិថី​អ្នក​សុំទាន​ឆ្ពោះ​ទៅ​ភ្នំ​តាម៉ៅ​នៅតែ​គ្មាន​ដំណោះស្រាយ




វិថី​អ្នក​សុំទាន​ឆ្ពោះ​ទៅ​ភ្នំ​តាម៉ៅ​នៅតែ​គ្មាន​ដំណោះស្រាយ

ច្រក​បត់​ចូល​ទៅ​វត្ត​ភ្នំ​តាម៉ៅ​មាន​អ្នក​សុំទាន​តាម​ផ្លូវ​។
ច្រក​បត់​ចូល​ទៅ​វត្ត​ភ្នំ​តាម៉ៅ​មាន​អ្នក​សុំទាន​តាម​ផ្លូវ​។ រូបថត Kimberley Mccosker

វិថី​អ្នក​សុំទាន​ឆ្ពោះ​ទៅ​ភ្នំ​តាម៉ៅ​នៅតែ​គ្មាន​ដំណោះស្រាយ

តាកែវ: ជា​ជម្រក​ដ៏ធំ​ល្វឹងល្វើយ និង​ជា​កន្លែង​ថែទាំ​សត្វ​ជាច្រើន​ប្រភេទ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ជា​ទី​កម្សាន្ដ​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង។ ​

ឆ្ពោះ​ទៅកាន់​សួន​សត្វ​នេះ លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ២ រួច​បត់​ស្ដាំ​តាម​ផ្លូវលំ​នៅ​ភូមិ​ត្រពាំងសាប​។ ​ប៉ុន្ដែ​ចូល​ដល់​ផ្លូវ​បត់​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​សង្វេគ​ គឺ​​​មនុស្ស​ចាស់​​អង្គុយ​ឈរ​ត្រសង​តាម​​ដងផ្លូវ​ហាក់​កំពុង​រង់ចាំ​ស្វាគមន៍​​ភ្ញៀវទេសចរ​ដែល​ពួកគេ​​បង្ខំ​ចិត្ដ​ត្រូវ​បង្អង់​ល្បឿន​យានយន្ដ​លើ​កំណាត់​ផ្លូវលំ​ប្រមាណ​ ៥ ​គីឡូម៉ែត្រ​។

ទិដ្ឋភាព​អ្នក​សុំទាន​លើ​​វិថី​ដីហុយ​មួយ​​នេះ​ត្រូវ​បាន​ផ្ដិត​ជា​រូបថត និង​វីដេអូ​បង្ហោះ​តាម​អ៊ីនធឺណិត​ជា​ញឹកញយ។ ភ្ញៀវទេសចរ​មួយ​ចំនួន​បាន​​សរសេរ​អំពី​ក្ដីកង្វល់​របស់​ខ្លួន​លើ​គេហទំព័រ​មគ្គុទេ្ទសក៍ Trip Advisor ដោយ​ផ្លូវ​ចូល​ភ្នំ​តាម៉ៅ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ​«វិថី​អ្នក​សុំទាន​» ​ទៀត​ផង​។

ដំបូង​ឡើយ​អ្នក​សុំទាន​ទាំងនោះ​គឺជា​អ្នកភូមិ​ត្រពាំងសាប​ដែល​តែងតែ​ដើរ​ប៉ុន្មាន​គីឡូ​ដី​ពី​ផ្ទះ​របស់​ពួកគេ​ទៅ​បោះ​ទីតាំង​ដោយ​ការ​យក​ចប និង​បង្គី​កាប់​ដី​បន្ដិចបន្ដួច​មក​លុប​ជង្ហុក​តូចៗ ឬ​ដង​ទឹក​ស្រោច​ផ្លូវហុយ​ដើម្បី​ងាយស្រួល​អ្នក​ដំណើរ​បរ​ឆ្លងកាត់​ជា​ថ្នូរ​នឹង​ការ​បរិច្ចាគ​ប្រាក់​ពី​ភ្ញៀវ​មក​វិញ។ ប៉ុន្ដែ​ពេល​នេះ​អ្នក​ភូមិ​ឆ្ងាយៗ​បាន​ធ្វើ​ដំណើរ​ថ្មើរ​ជើង​មាន​ទាំង​សាច់ញាតិ​ជូន​មក​សុំទាន​នៅ​ទី​នេះ​ផង​ដែរ។

នៅ​ថ្ងៃ​ចុង​សប្ដាហ៍ និង​​ថ្ងៃ​បុណ្យ​ចំនួន​អ្នក​សុំទាន​បាន​កើន​ដល់​ជាង​ ១០០ ​នាក់​ឯណោះ​។

យាយ ម៉ី អិត អាស្រ័យ​ទាន​​នៅ​ផ្លូវ​ភ្នំ​តាម៉ៅ​ ២០ ​ឆ្នាំ​។
យាយ ម៉ី អិត អាស្រ័យ​ទាន​​នៅ​ផ្លូវ​ភ្នំ​តាម៉ៅ​ ២០ ​ឆ្នាំ​។ រូបថត Kimberley Mccosker

លោក​យាយ ​ឥត​ធ្មេញ​វ័យ​ ៨០ ឆ្នាំ ម៉ី អិត គឺជា​មនុស្ស​ដំបូង​ដែល​​ប្រកបរបរ​សុំទាន​កាលពី​ ២០ ​ឆ្នាំ​ពេល​ផ្លូវ​ទៅកាន់​​ភ្នំ​តាម៉ៅ​ចាប់ផ្ដើម​សាងសង់​។

លោកយាយ​បាន​និយាយ​ដោយ​ចង្អុល​ទៅកាន់​លោកយាយៗ​ជាច្រើន​នាក់​ទៀត​ថា​៖ «​យើង​ជួប​គ្នា​នៅ​វត្ដ​ហើយ​នាំ​គ្នា​​មក​រក​ប្រាក់​នៅ​ទី​នេះ​»។

លោកយាយ អិត បាន​បន្ដ​ថា​កាលពី​មុន​អ្នក​ដំណើរ​ឆ្លងកាត់​តែងតែ​​បោះ​លុយ​ ២ ឬ​ ៣ ​រយ​រៀល​ នៅពេល​ពួកគេ​ឃើញ​លោកយាយ​លើក​ដី​ចាក់​ជង្ហុក។ ឥឡូវ​នេះ លោកយាយ​ប្ដូរ​មក​ប្រើ​វិធី​សាច​ទឹក​វិញ​ខណៈ​យានយន្ដ​មក​ដល់​ដើម្បី​បង្ហាប់​ផ្លូវ​កុំ​ឲ្យ​ហុយ​។

តាំងពី​លោកយាយ​ដើរ​លែង​រួច ចៅប្រុស​ជា​អ្នក​ទទួល​បន្ទុក​ជូន​ទៅ​ដល់​កន្លែង និង​អង្គុយ​សុំទាន​រយៈពេល​ ១២ ​ម៉ោង​ដោយ​លោកយាយ អិត ពោល​ថា​៖ «​កូន​របស់​ខ្ញុំ​មិន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ​ដោយសារ​តែ​អាកាសធាតុ​ក្ដៅ​ពេក។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​មក​ទី​នេះ​ដោយសារ​តែ​ក្រពះ​ខ្ញុំ​នៅ​តែ​ឃ្លាត​»​។

មេភូមិ​ត្រពាំង​សាប លោក អ៊ុំ ថន តែងតែ​ព្យាយាម​បញ្ឈប់​អ្នក​ប្រកបរបរ​សុំទាន​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ភ្នំតាម៉ៅ ដោយ​លោក​មិន​ពេញ​ចិត្ដ​នឹង​ឈ្មោះ​អសោច​របស់​ភូមិ​ដែល​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​នឹង​អ្នក​សុំទាន​។

អង្គុយ​ក្នុង​ចម្ការ​ស្វាយ​មិន​ឆ្ងាយ​​ពី​ផ្លូវលំ​នោះ មេភូមិ​អាយុ​ ៧១ ​ឆ្នាំ​រូប​នេះ​និយាយ​ថា​៖ «​ខ្ញុំ​មាន​ការ​ខ្មាសអៀន​ខ្លាំង​ណាស់​នៅពេល​ខ្ញុំ​ជួប​អ្នក​នៅ​ភ្នំពេញ​ហើយ​ពួកគេ​និយាយ​ថា​ អូ! លោកតា​មកពី​ភូមិ​អ្នក​សុំទាន!»។

បើ​ទោះបី​ជា​លោកតា​លើក​ឡើង​ថា​បញ្ហា​អ្នកភូមិ​ឈរ​សុំទាន​អាច​មក​ពី​កង្វះ​ទឹក​ភ្លៀង​បង្ក​បង្កើន​ផល​យ៉ាងណា​ក៏ដោយ ក៏​លោកតា ថន បាន​ប្រាប់​ហេតុផល​ផ្សេង​​ថា​៖ «កូនចៅ​របស់​ពួកគេ​មាន​ការងារ​ដើម្បី​ចិញ្ចឹម​ពួកគេ​។ ពួកគេ​គ្រាន់តែ​មិន​ចង់​នៅ​ផ្ទះ​ដោយ​អត់​ធ្វើ​អ្វី​សោះ​នោះ​ទេ​»។

លោក​មេភូមិ ថន បាន​បន្ត​ថា​លោក​ធ្លាប់​សាកល្បង​ជួល​មនុស្ស​​ក្បែរ​ច្រក​ចូល​ដើម្បី​ចែក​ខិត្តប័ណ្ណ​ដល់​ភ្ញៀវទេសចរ​កុំ​ឲ្យ​ប្រាក់​ដល់​អ្នក​សុំទាន ប៉ុន្ដែ​ឥតប្រយោជន៍​ទេ​។

លោក​បាន​ប្រាប់​ថា​ ដំណោះស្រាយ​ដ៏ល្អ​គឺ​ការ​ធ្វើ​ផ្លូវ​ឲ្យ​ស្អាត​ដូច្នេះ​អ្នក​ដំណើរ​មិន​បាច់​បង្អង់​ល្បឿន​ឡើយ​។

លោកតា​បាន​ពន្យល់​​ថា​៖ «​ខ្ញុំ​តែងតែ​ស្នើ​ឲ្យ​គេ​ជួយ​កសាង​ផ្លូវ​បេតុង​ទើប​លែង​មាន​លេស​អ្វី​ត្រូវ​ឲ្យ​អ្នក​ដំណើរ​បន្ថយ​ល្បឿន​បរិច្ចាគ​ប្រាក់​ទៀត​»។

ប៉ុន្ដែ​ជួន​កាល​បញ្ហា​ស្មុគស្មាញ​ចាក់​ឫស​ជ្រៅ​ជាង​ចម្ងល់​នៃ​ការ​ជួសជុល​ផ្លូវ​ទៅ​ទៀត​។ លោក ទុំ វីរ៉ា នាយក​ប្រតិបត្ដិ​ជាន់ខ្ពស់​នៅ​អង្គការ​​ Help Age Cambodia ដែល​ធ្វើ​ការងារ​លើ​ផ្នែក​រោគ​មនុស្ស​ចាស់​បាន​ថ្លែង​ថា៖ «​កម្ពុជា​មិន​ទាន់​មាន​អង្គការ​ណា​ធ្វើ​កិច្ចការ​ជួយ​មនុស្ស​ចាស់​ឡើយ​»។

លោក​សង្កត់​ធ្ងន់​ថា​ការ​ដោះស្រាយ​បញ្ហា​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បញ្ជូល​មនុស្ស​ចាស់​ផង​ដែរ ពិសេស ឪពុក​ម្ដាយ​ត្រូវ​វេច​បង្វេច​មក​ទីក្រុង​​ដើម្បី​​ស្វែងរក​ការងារ​ធ្វើ​ដោយ​បន្សល់​ទុក​កូនៗ​ឲ្យ​មនុស្ស​ចាស់​មើល​ថែ​។

លោក​បន្ដ​ថា​៖ «​យើង​ចង់​ឲ្យ​មនុស្ស​គ្រប់​រូប​​មើល​ឃើញ​ថា មនុស្ស​ចាស់​គឺជា​ផ្នែក​មួយ​នៃ​ជំនាន់​មនុស្ស​នា​ពេល​អនាគត​ផង​ដែរ​»។

លោកយាយ ឈិត យេម អាយុ​ ៦៤ ឆ្នាំ បាន​និយាយ​ថា៖ «មុន​នេះ​មាន​អង្គការ​មួយ​មក​កាន់​ភូមិ និង​សាងសង់​ផ្ទះ ១០ ខ្នង​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត ប៉ុន្ដែ​ពួកគេ​មិន​បាន​ផ្ដល់​ការងារ​ចិញ្ចឹម​ជីវិត​ឡើយ»។

លោកយាយ​ដែល​ប្រកបរបរ​សុំទាន​លើ​ផ្លូវលំ​នោះ​បាន​បន្ដ​ថា៖ «គ្មាន​អង្គការ​ណា​មក​ជួយ​អ្នក​សុំទាន​លើ​ផ្លូវ​នេះ​ឡើយ គ្រាន់តែ​សម្បុរសជន​មកពី​វៀតណាម​ដែល​បាន​ផ្ដល់​អាហារ សាប៊ូ​បោក​ខោអាវ សាប៊ូ​កក់សក់ និង​សំពត់​ប៉ុណ្ណោះ»។

អ្នក​សុំទាន​ភាគច្រើន​ត្រូវ​បាន​កូនចៅ​ចាកចោល​មិន​ធ្លាប់​ផ្គត់ផ្គង់​ប្រាក់កាក់​អ្វី​ឡើយ​ដោយ​ហេតុ​ថា ពួកគេ​ក្រីក្រ ឬ​បង្ខំ​ចិត្ដ​លក់​ដី​កេរ​របស់​ខ្លួន​។

ឈរ​ចម្ងាយ​ ២០០ ​​ម៉ែត្រ​​ពី​បងប្អូន​ថ្លៃ​​ឈ្មោះ ឈិត យេម លោក ឈិត យ៉ន អាយុ​ ៧៨ ​ឆ្នាំ ក្លាយ​ជា​អ្នក​សុំទាន​ក្រោយ​ពី​លក់ដី​យក​ប្រាក់​មក​វះកាត់​ភ្នែក​នោះ​បាន​ត្អូញត្អែរ​ថា​៖ «បើ​យើង​មិន​អាច​រក​ប្រាក់​បាន​ទេ យើង​ប្រាកដ​ជា​ដាច់​ពោះ​ស្លាប់​»។

ទាំង​លោកយាយ និង​សាច់​ថ្លៃ​ម្នាក់​វ័យ​ជរា​ដូច​គ្នា​មិន​សង្ឃឹម​ថា ១០ ​ឆ្នាំ​ទៅ​មុខ​ទៀត​នឹង​មាន​អ្វី​ប្រែប្រួល​ដែរ​ដោយ​លោកយាយ​ប្រាប់​រំឭក​រឿង​មេភូមិ​ណែនាំ​​​​អ្នក​សុំទាន​ឲ្យ​ចេញ​ឆ្ងាយ​ពី​មុខ​ផ្លូវ​គណៈប្រតិភូ​ឆ្លងកាត់​ដែល​បង្ហាញ​ពី​មុខមាត់​ភាព​ក្រីក្រ​មិន​អាច​ដោះស្រាយ​បាន​។

ដោយ​ចង្អុល​ប្រាប់​ទីកន្លែង​សម្រាក​ក្រោម​គុម្ពោត​ព្រៃ​ពេល​ទំនេរ​លោកយាយ​រំឭក​ថា​៖ «​វា​បាន​កើតឡើង​ ២ ឬ​ ៣ ​ដង​ក្នុង​មួយ​ឆ្នាំ​។ ពួកគេ​មិន​ចង់​ឲ្យ​គណៈប្រតិភូ​ដែល​ឆ្លងកាត់​ឃើញ​ជនក្រីក្រ​ទាំងនោះ​ទេ​»៕ HR

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។