ភ្នំពេញ៖ ដោយសារ​​​​​វត្តមាន​នៃ​ការ​រីក​រាល​ដាល​​របស់​ជំងឺ​ឆ្លង​ថ្មី​មាន​ឈ្មោះ​កូវីដ ១៩ នោះ​ទើប​បាន​ជា​​កម្មវិធី​បាឋក​ថា ក្រោម​ប្រធាន​​បទថា​ ​«ស្វែង​​យល់​ពី​លក្ខណៈ​បុគ្គលការណ៍ និង​លក្ខណៈ​សង្គម​ការណ៍​នៅ​ក្នុង​ស្នា​ដៃ​អក្សរ​សិល្ប៍​ និង​ភាពយន្ត​រឿង​រាជិនី​ភូមិគ្រឹះ» ​សម្រាប់​ប្រចាំ​ខែ​មីនា ត្រូវ​បាន​លើក​ពេល​ពន្យារ​​រហូត​មក​ដល់​​ថ្ងៃទី ​២២ ខែ ​មេសា ឆ្នាំ ​២០២០ ដែល​ប្តូរ​មក​ធ្វើ​តាម​អនឡាញ​​នៅ​​​អគារ ថ្មី​ជាប់​សួន​ច្បារ​សម្តេច​ ហ៊ុន ​សែន​ ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ​ភ្នំពេញ។

ខណៈ​បាឋកថា​​​ប្រចាំ​ខែ​មីនា ​ឆ្នាំ ​២០២០ ដែល​ត្រូវ​ប្តូរ​មក​រៀបចំ​នៅ​​ថ្ងៃទី ​២២ ខែ ​មេសា ឆ្នាំ ​២០២០ តាម​អនឡាញ​វិញ ដោយសារ​តែ​​វិបត្តិ​កូវីដ ​១៩ រៀបចំ​​ដោយ​​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ខណៈ​​វា​គ្មិន​​ជា​​​​​អ្នក​និពន្ធ​កុន​ភាគ​រឿង​​​ «រាជិនី​ភូមិគ្រឹះ» ដែល​ទើប​តែ​ចាក់​​បញ្ចាំង​ចប់​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​រស្មី​ហង្សមាស​ ​គឺ​លោក​សាស្រ្តាចារ្យ យូ សុភា ដោយ​ចាប់​ពី​ម៉ោង ៩ ព្រឹក​​តទៅ។​

បើ​​តាម​លោក ស សុខនី ប្រធាន​​​​ពុទ្ធសាសន​បណ្ឌិត្យ​បង្ហើប​ប្រាប់​ពី​គោល​បំណង​សំខាន់ៗ​នៃ​​ការ​រៀបចំ​បាឋកថា​​នេះ​ផង​ដែរ​​ថា៖ «​តាម​​ពិត​ទៅ​បាឋកថា​នេះ​​ជា​ការ​ធ្វើ​ប្រចាំ​​ខែ​​មីនា ខណៈ ​​ខាង​​វិទ្យាស្ថាន​​ពុទ្ធ​សាសន​បណ្ឌិត្យ​តែងតែ​រៀបចំ​រាល់​ខែ​ តាម​​ប្រធាន​​​​បទ​​ផ្សេងៗ​គ្នា​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្រាវជ្រាវ​រឿង​វប្បធម៌​នានា​រួម​មាន​ដូចជា អក្សរសាស្រ្ត អក្សរសិល្ប៍ ប្រវត្តិសាស្រ្ត និង​​​​បុរាណវិទ្យា​ជា​ដើម​ ហើយ​ប្រធានបទ​ខែ​មីនា យើង​​គឺ​និយាយ​ពី​ការ​ស្វែង​​យល់​​​ពី​លក្ខណៈ​ បុគ្គលការណ៍ និង​​​លក្ខណៈ​សង្គម​​​​ការណ៍​ក្នុង​ស្នាដៃ​អក្សរសិល្ប៍​ និង​ភាពយន្ត​​រឿង​ «រាជិនី​ភូមិគ្រឹះ» ដែល​ជា​ស្នាដៃ​របស់​អ្នក​និពន្ធ​លោក យូ​ សុភា​»។​​

លោក យូ សុភា កាល​ទទួល​ពាន​រង្វាន់ផ្នែក​និពន្ធ​​​។ រូបថត ហ្វេសប៊ុក

ប្រធាន​ពុទ្ធសាសន​បណ្ឌិត្យ​លោក ស សុខនី បាន​​បន្ត​ថា៖ «​​គោល​បំណង​សំខាន់​របស់​យើង​​នៃ​ការ​រៀបចំ​​បាឋកថា​នេះ​ គឺ​ចង់​បង្ហាញ​អំពី​តួនាទី​នៃ​​ពុទ្ធសាសន​បណ្ឌិត្យ​​​នៅ​ក្នុង​ការ​​លើក​​ស្ទួយ​វិស័យ​អក្សរ​​​សាស្រ្ត​​ខ្មែរ​តាំង​ដើម​មក​។​

ម្យ៉ាង​ទៀត​ យើង​ក៏​ចង់​រំឭក​ពី​ការ​ជិត​មក​​ដល់​នៃ​​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​អក្សរសិល្ប៍​នៃ​​ពុទ្ធសាសន​បណ្ឌិត្យ​លើក​ទី ​៣ ដែល​​​កាន់​តែ​ខិត​​ចូល​មក​ដល់​​ហើយ​គឺ​នៅ​ចុង​​​ខែ​ឧសភា ឆ្នាំ ​២០២០​ ខាង​​មុខ​ ដែល​នេះ​ជា​សារ​មួយ​ សម្រាប់​អ្នក​និពន្ធ​ទាំង​ផ្នែក​កំណាព្យ និង​រឿង​ខ្លី​ អាច​​​រួស​រាន់​ដាក់​ពាក្យ និង​ស្នាដៃ​ខ្លួន​ចូល​មក​ប្រកួត​​។​ ​

ចង់​ឲ្យ​មហាជន​ដែល​បាន​​​ទស្សនា​​ភាពយន្ត​ភាគ​​រឿង​ «រាជិនី​ភូមិ​គ្រឹះ» ដែល​​​​បាន​ចាក់​បញ្ចាំង​ចប់​នៅ​ឯ​ទូរទស្សន៍​ហង្សមាស​​នោះ គឺ​ប្រិយមិត្ត​ដែល​មាន​ចម្ងល់​ផ្សេងៗ​ អាច​ចោទ​សួរ​​ផ្ទាល់​ជាមួយ​នឹង​​​អ្នក​និពន្ធ​លោក យូ សុភា ​​​តែ​ម្តង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ​២២ ខែ ​មេសា ឆ្នាំ ​២០២០ ខាង​​មុខ​នេះ​ ខណៈ​យើង​បាន​រៀបចំ​ធ្វើ​តាម​​​អនឡាញ​​។​

គួរ​រំឭក​ដែរ​ថា​ លោក យូ សុភា ក្លាយ​ជា​អ្នក​និពន្ធ​រឿង​ប្រលោម​លោក​នៅ​ក្នុង​ឆ្នាំ ២០០០ ដោយ​ស្នាដៃ​ល្បីៗ​រួម​មាន​រឿង ​«​កញ្ញា​​​ម្ទេស​ខ្មាំង» រឿង «​រាជ​កញ្ញា» រឿង​«បើ​បេះដូង​ជាប់​ឈាម»​ រឿង «​បង​ជា​ស្វាមី​ក្រៅ​បេះដូង» រឿង ​«ជា​កំណប់​ស្នេហ៍​អូន​​​​ថែ​​ជូន​បង» ​រឿង ​«សច្ចៈ​សីលគុណ» រឿង «កុំ​ផ្តាច់​និស្ស័យ​កុំ​ប្រល័យ​ស្នេហ៍​បង» រឿង ​«ទុក​បរិញ្ញាបត្រ​ឲ្យ​មេឃ​មើល» រឿង​​ «ស្ពាន​កោះពេជ្រ​ផ្តាច់​ស្នេហ៍»​ រឿង ​«ព្រលឹង​ខ្មោច​ស្រី​​បំបែក​ក្តី​ឃាតកម្ម» រឿង​ «ស្អប់​អូន​ចុះ​បើ​បង​ដឹង» រឿង «​រាជិនី​ភូមិ​គ្រឹះ» និង​រឿង​ខ្លីៗ​ជាច្រើន​ ចុះ​ផ្សាយ​តាម​ទស្សនាវដ្ដី​នានា​ ហើយ​លោក​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា ជាអ្នក​និពន្ធ​ដែល​ទទួល​​បាន​ពាន​រង្វាន់​ច្រើន​ជាង​គេ​ដែល​ទទួល​បាន​ជាង ​១០ លើក​ឯ​ណោះ​ក្នុង​ប្រទេស ​កម្ពុជា​​​៕