ក្រុង​ញូវដែលី៖ កសិករ​នៅ​កាស្មៀរ សុខ​ចិត្ដ​ទុក​ឲ្យ​ផ្លែ​ប៉ោម​របស់​ខ្លួន​ស្អុយ​​រលួយ​ចោល​ ដែល​ធ្វើ​ឲ្យ​ខូច​នូវ​​​ផលិតផល​នាំចេញ​ដ៏​មាន​តម្លៃ​បំផុត​ ដោយសារ​ពួក​គេ​មាន​ការ​ខឹង​សម្បា​នឹង​រដ្ឋាភិបាល​ឥណ្ឌា។​

ក្រុង​ញូវដែលី បាន​ដាក់​ពង្រាយ​កងទ័ព​រាប់​ម៉ឺន​នាក់​បន្ថែម​តាំងពី​ដើម​ខែ​សីហា ពេល​មាន​ជម្លោះ​ក្នុង​ដែន​ដី​ស្វយ័ត​ដ៏​តូច​មួយ​នេះ​ ហើយ​វា​ធ្វើ​ឲ្យ​កាត់​ផ្ដាច់​ទំនាក់​ទំនង​រវាង​កាស្មៀរ និង​ពិភព​លោក​។ មេ​ដឹកនាំ​នយោបាយ​ និង​ជន​ស៊ីវិល​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​ការ​ចោទ​​អំពើ​​ទារុណកម្ម​ និង​រំលោភ​បំពាន​សំដៅ​លើ​​​អាជ្ញាធរ​មូលដ្ឋាន​​ ហើយ​ការ​តវ៉ា​កាន់​តែ​មាន​សភាព​ព្រៃ​ផ្សៃ​។

ទាំង​កំហឹង​ ឬ​ជម្លោះ​ជាមួយ​កង​ជីវពល​មូលដ្ឋាន ប្រជាកសិករ​បាន​ចូលរួម​ក្នុង​ការ​រិះគន់​វិធានការ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ដែល​បំផ្លាញ​ដល់​ដំណាំ​ដ៏​មាន​តម្លៃ​ដែល​ស្ទួយ​សេដ្ឋកិច្ច​សហគមន៍​។

តំបន់​ដី​ដ៏​មាន​ជីជាតិ​នៃ​ភ្នំ​ហេមពាន្ដ តែងតែ​រក​ចំណូល​រាប់​រយ​លាន​ដុល្លារ​ពី​ដំណាំ​ផ្លែ​ប៉ោម​ក្នុង ​១ ឆ្នាំ​ៗ​ និង​ជាង​ពាក់​កណ្ដាល​នៃ​ប្រជាជន​តំបន់​កាស្មៀរ សុទ្ធតែ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ក្នុង​វិស័យ​កសិកម្ម​។

កេស​ដាក់ផ្លែ​ប៉ោម​ទទេស្អាត ខណៈ​កសិករ​មិនប្រមូលផល។ រូបថត AFP

នៅ​ចម្ការ​ប៉ោម​មួយ ភាគ​កណ្ដាល​ស្រុក​សូព្យែន​ លោក ហ្គូឡាម ណាប៊ី ម៉ាលីក ជាមួយ​ប្អូន​ប្រុស​តែងតែ​លក់​ផ្លែ​ប៉ោម​ ៧ ពាន់​កេស ក្នុង ​១ ​ឆ្នាំ ​ទៅ​កាន់​ទីផ្សារ​ និង​ផ្ទះ​បាយ​នានា​ទូទាំង​ប្រទេស ​ឥណ្ឌា​ ដោយ​រក​ចំណូល​បាន​ ៧ លាន​រូពី (១០ ម៉ឺន​ដុល្លារ​)។

ពេល​នេះ ដី​របស់​ពួក​គេ​ប្រែ​ជា​អត់​ប្រយោជន៍ ដោយ​មែក​ប៉ោម​បាក់​ទ្រោប​ដល់​ដី​ដោយសារ​តែ​ផ្លែ​ប៉ោម​ដ៏​ច្រើន​សន្ធឹក​មិន​ត្រូវ​បាន​បេះ​។ លោក ម៉ាលីក បាន​និយាយ​ថា​៖ «​ឲ្យ​វា​រលួយ​ចោល​លើ​ដើម​ចុះ​»។

ក្នុង​ពេល​ចលនា​ចុង​ក្រោយ​បំផុត លោក ម៉ាលីក បាន​ប្រាប់ AFP ថា​ ការ​ប្រមូល​ផល​ផ្លែ​ប៉ោម​​គ្រាន់​តែ​ធ្វើ​ឡើង​ ដោយ​​រដ្ឋាភិបាល​ឥណ្ឌា​ចង់​ប្រាប់​ពិភព​លោក​ថា អ្វីៗ​គ្រប់​យ៉ាង​សុទ្ធ​តែ​ល្អ​នៅ​កាស្មៀរ​។

លោក​អះអាង​ថា តាម​ពិត​ប្រជាជន​ទឹក​ភ្នែក​ហើយ​៕ AFP/HR