ក្រុងប៊ុយណូស៊ែ: ប្រជាជនអាហ្សង់ទីន ប្រហែលជាជួបនូវបញ្ហាចំពោះការដាំក្បាលចុះនៃសេដ្ឋកិច្ចជាតិ តែសម្រាប់ភ្ញៀវទេសចរ រូបិយប័ណ្ណជាតិ ប៉េសូ ដ៏ដុនដាបនេះបែរជាផ្តល់ប្រយោជន៍ដល់ពួកគេទៅវិញ។
ភ្ញៀវទេសចរប្រេស៊ីល ប្រ៉េដូ ព្យែរ៉ៃរ៉ា ដេ អាហ្សេវេដូ បានកួតដៃសាទរក្រោយពីវិស្សមកាលក្រុមគ្រួសាររបស់លោក ជាមួយភរិយា និងកូនៗ ៣ នាក់ ស្រាប់តែត្រូវចំណាយតិចលើសពីការរំពឹងទុក។
លោក បាននិយាយពេលកំពុងថតរូប នៅក្រៅវិមានប្រធានាធិបតីអាហ្សង់ទីនថា៖ «យើងត្រៀមលុយ ៧ ០០០ លុយប្រេស៊ីល (១ ៧០០ ដុល្លារ) តែទីបញ្ចប់ យើងចាយអស់តែពី ៣ ០០០ ទៅ ៣ ៥០០ លុយប្រេស៊ីលប៉ុណ្ណោះ»។
ពេលពួកគេមកដល់ក្រុង បេឡូ ហូរីហ្សូន ភាគខាងកើតប្រេស៊ីល នៅថ្ងៃទី ៥ ខែកញ្ញា រូបិយប័ណ្ណកាក់ប៉េសូ បានធ្លាក់ថ្លៃ ២០ ភាគរយ។
លោក អាហ្សេវេដូ បានបន្ដថា៖ «យើងអាចចាយមួយសប្បាយដៃ និងទៅលេងតាមតំបន់ទេសចរណ៍នានាពេញក្រុងប៊ុយណូស៊ែ»។
កូនស្រីលោកម្នាក់ បានបន្ថែមថា៖ «នៅកីឡដ្ឋាន បូកា ជុនញៀរ យើងថែមទាំងអាចទិញកៅអី VIP ថែមទៀត»។
មិនឆ្ងាយប៉ុន្មានពីកីឡដ្ឋាននិមិត្តរូប ប៊ុមបូណេរ៉ា ក្នុងសង្កាត់ ឡាបូកា ខណ្ឌ ឡូរី ប៊ែហូ ទេសចរអាមេរិកម្នាក់ ដែលរស់នៅក្នុងប្រទេសស៊ីលី និងមកកម្សាន្ដជាមួយប្អូនប្រុស បាននិយាយថា នាងយល់ថា ខ្លួនមានសំណាងដែលអាចទទួលប្រយោជន៍ពីអត្រាប្ដូរប្រាក់នេះ។
នាងនិយាយថា៖ «កាលពីយប់មិញ យើងអាចទទួលទានមួយចម្អែតនៅភោជនីយដ្ឋានដោយចំណាយតែ ៦០ ដុល្លារសម្រាប់ទាំង ២ នាក់ ខណៈធម្មតាយើងត្រូវចំណាយដល់ ១០០ ដុល្លារឯនោះ»។
រូបិយប័ណ្ណប៉េសូធ្លាក់ថ្លៃ សៀវភៅមគ្គុទេ្ទសក៍ប្រែជាហួសសម័យ។ ភ្ញៀវទេសចរវ័យក្មេងបារាំង ផូលីន ហ្គោធៀរ ដើរតាមវិថីប្រវត្ដិសាស្ដ្រ សាន់តេលម៉ូ ជាមួយសង្សាររបស់នាង បានពោលថា៖ «ពេលអានសៀវភៅមគ្គុទេ្ទសក៍ វាបានបង្ហាញថា អ្វីៗក៏ថ្លៃនៅអាហ្សង់ទីននេះ តែរយៈពេលជាង ១០ ថ្ងៃសោះ យើងចាយលុយតិចជាងការគិតទុកឆ្ងាយទៅទៀត»។
វិបត្ដិនៅអាហ្សង់ទីន អាចជួយឲ្យភ្ញៀវទេសចររីកមុខដូចគ្រាប់ជីរ តែវាក៏បង្កជាបញ្ហាដល់បណ្ដាប្រទេសជិតខាង ដែលធ្លាប់ទទួលទេសចរច្រើន ពិសេសអ៊ុយរូហ្គាយ និងស៊ីលីជាដើម៕