ភ្នំពេញៈ ការវិល​ទៅ​វិល​មកលើ​ទ្រនំ​សិល្បៈ នៃ​អតីត​តារាចម្រៀង​ស្រី​សាន់ដេ​គឺ​កញ្ញា ពេជ្រ សូលីកា នៅ​តែ​បន្ត​ជា​ចម្ងល់​សួរនាំ​គ្នា​ពី​មហាជន​ដដែល តាមរយៈ​ការ​លេច​វត្តមាន​សម្តែង​កុន​នៅ​ទូរទស្សន៍​ហង្សមាស បើ​ទោះបី​ជា​នាង​ធ្លាប់​បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​សិល្បៈ​ក្រោយ​ពី​បែក​ធ្លាយ​រឿង​ឈឺ​ចាប់​ត្រូវ​បាន​សង្សារ​លាក់​មុខ​ដក​យក​រថយន្ត​ម៉ាក Lexus LS 460 ពណ៌​ទឹក​សមុទ្រ តម្លៃ​ប្រហែល ១១ ម៉ឺន​ដុល្លារ ហើយ​ក៏​ប្តូរ​មក​ជិះ Lexus RX 300 ពណ៌​ស​ចាស់ តម្លៃ​ជិត ១ ម៉ឺន ដុល្លារ​វិញ​មក​នោះ។

តារាចម្រៀង​ស្រី ទើបតែ​បង្ហាញ​វត្តមាន​លើ​សិល្បៈ​ចម្រៀង​នាពេលថ្មីៗនេះ ដោយ​នាង​បាន​ចេញ​បទ​ចម្រៀង​អូរីជីណល​ច្រៀង​ជាមួយ​លោក នីកូ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ក្នុង​បទ​ថ្មី ដែល​មាន ចំណង​ជើង​ថា «លាក់បាំង» នោះ​ក៏​ស្រាប់​តែ លេច​មុខ​ក្នុង​កុន​ភាគ​ទូរទស្សន៍​ហង្សមាស គឺ​ចាប់​ឱកាស​ក្លាយជា​តួឯក​ស្រី សម្តែង​នឹង​តួឯក​ប្រុស​ជា​ដៃគូ​ច្រៀង​ចាស់​ដដែល ក្នុង​កុន​ភាគ​ដំបូង​រឿង «អាពាហ៍​ពិពាហ៍​ចៃដន្យ» ហើយ​ក៏​លេច​ឮ​ដែរ​ថា កញ្ញា ពេជ្រ សូលីកា អាច​នឹង​វិល​ចូល​ច្រៀង​នៅ​ផលិតកម្ម​ហង្សមាស​សា​ជា​ថ្មី​ឡើង​វិញ​ទៀត​ផង។

យ៉ាងណា​ដំណឹង​រឿង​វិល​ចូល​ច្រៀង​នៅ​ផលិតកម្ម​ហង្ស​មាស​នោះ មិន​ត្រូវបាន​បកស្រាយ​ពី​សំណាក់​តារា​ស្រី​រូប​ស្រស់​សោភា សាច់​សខ្ចី មុខ​មាន​មន្ត​សេ្ន​ហ៍ ដែល​ជា​ថៅកែ​ហាង​បាយ​ឈ្មោះ «បាយ​អូន​អ៊ូក» កញ្ញា ពេជ្រ សូលីកា នោះ​ឡើយ​ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​នាង តេ​ចូល​តែ​គ្មាន​អ្នក​លើក។

បើតាម​រយៈ​លោក នី​កូ ដែលជា​តួឯក​ប្រុស​សម្តែង​កុន​ភាគ​ដំបូង​ដូចគ្នា​ជាមួយនឹង​តួឯក​ស្រី​រូបនេះ ជា​មិត្ត​សិ្នទ្ធស្នាល​នឹង​គ្នា​ដែរ​នោះ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា៖ «បើ​តាម​ខ្ញុំ​ដឹង​នោះ សូលីកា ពេល​នេះ​នាង​ដូចជា​មិន​ទាន់​អាច​មាន​ពេលវេលា​មក​ច្រៀង​វិញ​បាន​ឡើយ ដោយសារ​តែ​រវល់​នឹង​ការងារ​រកស៊ី ហើយ​ការ​ថត​កុន​ភាគ​ដំបូង​ឲ្យ​ហង្សមាស​គឺ​រឿង «អាពាហ៍​ពិពាហ៍​ចៃដន្យ» ដែល​ក្រុមហ៊ុន​បាន​ទិញ​សិទ្ធិ​ពី​ប្រទេស​ចិន​មក​ថត​ជា​សាច់​រឿង​ខ្មែរ​មាន​ជាង ៣០ ភាគ​នេះ ដោយសារ​ខាង​ក្រុមហ៊ុន​ឃើញ​យើង​ទាំង ២ ធ្លាប់​សម្តែង​ជាមួយ​គ្នា​ល្អ​ពេល​សម្តែង​ថត​បទ​ចម្រៀង​នោះ ក៏​ចង់​បាន​ពួក​យើង​ឲ្យ​ថតកុន​ជាមួយ​គ្នា​តែម្តង»។

អតីត​តារាចម្រៀង​ស្រី​មិនសូវ​ជាមាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង តែមាន​សម្រស់​ស្រស់​ស្អាត​មុន​នេះ​បន្តិច​មហាជន​ដែល​ធ្លាប់​គាំទ្រ​នាង ក៏​នាំគ្នា​គិត​ដោយ​ភាព​មន្ទិល​សង្ស័យ​ថា កញ្ញា ពេជ្រ សូលីកា មាន​គម្រោង​វិល​មក​រក​សង្វៀន​ចម្រៀង​វិញ​ហើយ​មើល​ទៅ​បាន​ជា​សុខៗ​នាង​ចេញ​បទ​ថ្មី ហើយ​ច្រៀង​ជាមួយ​ដៃគូ​ចាស់​គឺ លោក នីកូ! តាម​លោក នី ណូលី ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង និង​បទ​ភ្លេង​នៃ​បទ «លាក់បាំង» នេះ​បាន​បង្ហើប​ថា៖ «តាម​ពិត​ទៅ​បទ​ចម្រៀង​នេះ​ផ្តើម​ចេញ​ពី​គំនិត​របស់​លោក នីកូ បាន​បង្ហើប​ថា លោក​ចង់​ឲ្យ Fans មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​បទ​ចម្រៀង​ថ្មី​របស់​លោក ដែល​មាន​បំណង​ចង់​ច្រៀង​គូ ជាមួយ​នឹង​តារា​ចម្រៀង​ស្រី​ណា​ម្នាក់។ ក្រោយ​មក​លោក​ប្រាប់ ឈ្មោះ​តារា​ចម្រៀង​ស្រី​គឺ​កញ្ញា សូលីកា មក ខ្ញុំ​ក៏បាន​រៀបចំ​និពន្ធ​ជា​ទំនុក​ច្រៀង និង​បទ​ភ្លេង រហូត​បាន​បង្ហោះ​ចេញ​ផ្សាយ​តាម Page របស់​លោក នីកូ នា​ពេល​នេះ​តែម្តង ហើយ​រឿង​ថា កញ្ញា ពេជ្រ សូលីកា វិល​ចូល​សិល្បៈ​វិញ ខ្ញុំ​ក៏បាន​ដឹង​ច្បាស់​ដែរ»៕