សៀមរាប៖ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​សៀមរាប​ដែល​​​ធ្លាក់​ភ្ញៀវ​រហូត​ដល់ ១ ភាគរយ ​ក្នុង​​រយៈពេល ៨ ខែ​នៃ​ឆ្នាំ​នេះ និង​ដើម្បី​អបអរ​ពិធី​ទទួល​ទាន​អំបុក​សាមគ្គី​ ដែល​ហៅ​ថា៖ «​ការ​ទទួល​ទាន​អំបុក​រក្សា​ជាតិ សាសនា និង​ព្រះ​មហាក្សត្រ​» ក្នុង​ឱកាស​រំឭក​ខួប​លើក​ទី ៦៤ ឆ្នាំ​នៃ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​សណ្ឋាគារ​រចនាប័ទ្ម​អាណានិគម​និយម​បារាំង ​ក្នុង​ក្រុង​សៀមរាប ​បាន​រៀបចំ​ព្រឹត្ដិការណ៍​សកម្មភាព​ប្រពៃណី​ចម្រុះ​ឲ្យ​​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​បាន​រីករាយ​រួម​គ្នា​។

សកម្មភាព​ចម្រុះ​ដែល​លើក​ស្ទួយ​ដល់​វប្បធម៌​ខ្មែរ​ទាំង​នេះ រួម​មាន​ការ​បង្ហាញ និង​បម្រើ​មុខ​ម្ហូប​ខ្មែរ​ និង​បង្អែម​​ខ្មែរ​ការ​សម្ដែង​សិល្បៈ​បុរាណ​ខ្មែរ ជា​ពិសេស​ការ​ដាល់​អំបុក ​ព្រម​ទាំង​ការ​ទទួល​ទាន​អំបុក​សាមគ្គី​។

Memoire Palace Resort & Spa ជា​​ម្ចាស់​​សណ្ឋាគារ​នេះ​ក៏​ជា​ប្រធាន​សមាគម​ក្លិប​ទេសចរណ៍​សៀមរាប​ នឹង​រៀបចំ​ពិធី​អក​អំបុក​រយៈពេល ៤ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី ៩ ដល់​ថ្ងៃ​ទី ១១។

លោក សេង សេរីវុទ្ធ ជា​ប្រធាន​ផ្នែក​ទីផ្សារ​​សណ្ឋាគារ​នេះ បាន​ឲ្យ​ដឹង​ថា៖ «​សណ្ឋាគារ Memoire Palace នឹង​រៀបចំ​ផ្ដល់​សេវាកម្ម​ម្ហូប​អាហារ និង​បង្អែម​ខ្មែរ​ដ៏​សម្រិត​សម្រាំង​រសជាតិ​ដើម​ជូន​ដល់​ភ្ញៀវ​ទាំង​អ្នក​ស្នាក់​ក្នុង​សណ្ឋាគារ និង​ភ្ញៀវ​អញ្ជើញ​មក​ពី​ក្រៅ​បាន​ភ្លក្ស​រសជាតិ​ដ៏​ពិសេស​ពី​ស្នាដៃ​​មេ​ចុងភៅ​ល្បី​។ ម្យ៉ាង​វិញ​ទៀត​វា​ជា​ការ​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ បាន​ឃើញ​ពី​វិធី​ដាល់​អំបុក​បែប​​ប្រពៃណី​ហើយ​យើង​នឹង​នាំ​គ្នា​ទទួល​ទាន​រួម​គ្នា​»។

លោក​បាន​បន្ដ​ថា​៖ «​ក្នុង​ចំណោម​កម្មវិធី​ទាំង ៣ ថ្ងៃ ព្រះរាជ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ ថ្ងៃទី ៩ ខែ​វិច្ឆិកា​ ខាង​មុខ​នេះ ​យើង​​រៀបចំ​ព្រឹត្ដិការណ៍​ពិសេស​ជាង​គេ​។ យើង​គាំទ្រ​ដល់​រាជ​រដ្ឋាភិបាល​​ចំពោះ​​ការ​អំពាវនាវ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​ទាន​អំបុក​ទូទាំង​ប្រទេស​»។

ការ​រៀបចំ​សកម្មភាព​ប្រពៃណីចម្រុះ​​​​លើក​ស្ទួយ​វប្បធម៌ខ្មែរ និងផ្ដល់ភាព​រីករាយ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​​​។ រូបថត សហ​ការី

កាន់​តែ​វិសេស​ថែម​ទៀត​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ព្រឹត្ដិការណ៍​ថ្ងៃទី ៩ នឹង​បាន​ទស្សនា​ល្ខោន​ស្បែក​​ធំ​​ព្រម​ទាំង​រីករាយ និង​រាំ​លេង​​កម្សាន្ដ​ជាមួយ​ការ​ប្រគំ​តន្ដ្រី​ភ្លេង​ស្គរដៃ​រហូត​ដល់​ចប់​កម្មវិធី​។

លោក សេរីវុទ្ធ បាន​បន្ត​​ថា​៖ «យើង​មាន​មុខ​ម្ហូប​ខ្មែរ​សុទ្ធសាធ​រួម​ទាំង​ ភេសជ្ជៈ​យើង​ផ្ដល់​ជូន​នូវ​ទឹក​ត្នោត​ផ្អែមជូរ​នំ​បង្កង​ចៀន និង​នំ​ខ្មែរ​ប្លែក​ៗ​ទៀត ​ដែល​ប្រមែ​ប្រមូល​ពី​តំបន់​ដាច់​​ស្រយាល​នានា​ទូទាំង​ប្រទេស​»។

ប្រធាន​ផ្នែក​ទីផ្សារ ដែល​មាន​ជំនឿ​ចិត្ដ​​នឹង​ទទួល​បាន​​ការ​ចូលរួម​ច្រើន​ពី​សំណាក់​​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​លោក សេរីវុទ្ធ បាន​បន្ថែម​ថា​​​ មូលហេតុ​មួយ​ផ្សេង​ទៀត​ សណ្ឋាគារ​​ចង់​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ដល់​ភ្ញៀវ​បរទេស​បាន​ស្គាល់​បាន​ឃើញ និង​ការ​ទទួល​បទពិសោធ​ដាល់​អំបុក​ផ្ទាល់​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ចង់​ឲ្យ​ភ្ញៀវ​ទាំង​អស់​បាន​ដឹង​ថា នៅ​ខេត្ដ​សៀមរាប​យើង​មាន​រៀបចំ​កម្មវិធី​ដាល់​អំបុក និង​អក​អំបុក​​​ ព្រម​ទាំង​ការ​សម្ដែង​បែប​ប្រពៃណី​ខ្មែរ​យើង​ ហើយ​ពេល​ដែល​ពួក​គាត់​បាន​មក​ចូលរួម​ទស្សនា​ក្នុង​ការ​កម្មវិធី​នេះ ​ហើយ​ក្រៅពី​នោះ​ពួក​គាត់​ចូលរួម​​សកម្មភាព​ដាល់​អំបុក​ដោយ​ខ្លួន​ឯង»។

លោក សេរីវុទ្ធ បាន​បញ្ជាក់​ថា​៖ «សរុប​មក​យើង​ចង់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​​កាន់​តែ​មក​លេង​សៀមរាប​បន្ថែម​ទៀត​»។

គួរ​បញ្ជាក់​ថា ភ្ញៀវ​ដែល​មក​ស្នាក់នៅ​​សណ្ឋាគារ Memoire Palace នឹង​​ទទួល​បាន​កញ្ចប់​សេវាកម្ម​ចូលរួម​​​កម្មវិធី​ដ៏​វិសេស​នេះ​នៅ​ថ្ងៃទី ៩ វិច្ឆិកា ហើយ​ចំពោះ​ភ្ញៀវ​មក​ពី​ខាង​ក្រៅ ពួក​គេ​​នឹង​ត្រូវ​ចំណាយ​ប្រាក់​ ៣៥ ដុល្លារ​ សម្រាប់​មនុស្ស​ធំ និង​ ១៥ ដុល្លារ​ សម្រាប់​កុមារ​មាន​អាយុ​ចាប់​ពី ៦​ ឆ្នាំ​ឡើង​។

យ៉ាងណា​មិញ ប្រធាន​ផ្នែក​ទីផ្សារ ​និង​​តំណាង​សណ្ឋាគារ​ស្ថាបត្យកម្ម​រចនា​ប័ទ្ម​ខ្មែរ-​បារាំង​ រូប​នេះ​បាន​និយាយ​​ថា ​គោល​បំណង​នៃ​ការ​ប្រារឰ​ទិវា​ដាល់​អំបុក​នៅ​ថ្ងៃទី ៩ ខែ​វិច្ឆិកា ​គឺ​ជា​​ការ​គាំទ្រ​ដល់​គោល​នយោបាយ​​​របស់​រាជ​រដ្ឋាភិបាល និង​ចង់​បង្ហាញ​ពី​ការ​ចូលរួម​របស់​វិស័យ​ឯកជន​ជាមួយ​រាជ​រដ្ឋាភិបាល ​ក្នុង​កិច្ចការ​ពារ​ជាតិ​លើក​កម្ពស់​ប្រពៃណី​ ទំនៀម​ទម្លាប់​របស់​ខ្មែរ​ទៅ​ដល់​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ឲ្យ​បាន​ឃើញ និង​ឈ្វេង​យល់​ពី​វប្បធម៌​ខ្មែរ៕