ក្រុងប៉ារីស: ពាក់​វ៉ែ​ន​តាខ្មៅ​លាក់បាំង​អត្ដ​សញ្ញាណ​ពេញ​លេញ អ្នក​ស្រី Heike បាន​ប្រាប់​ថា៖ «ចំពោះ​រូប​ខ្ញុំ ស្រាត​គឺជា​រឿង​សាមញ្ញ​បំផុត»។

ស្ដ្រី​ជនជាតិ​អាល្លឺម៉ង់ អាយុ ៣៦ ឆ្នាំ​បាន​ស្គាល់​ទីឋាន​បោះជំរំ​ធម្មជាតិ​និយម Arnaout-chot ក្នុង​តំបន់ Landes តាំង​ពី​អ្នក​ស្រី​ទើប​ពេញ​វ័យ​ក្រមុំ និង​ត្រឡប់​មក​ទីនេះ​ជាថ្មី​ដោយ​នាំ​កូនៗ​អ្នក​ស្រី​មក​ជាមួយ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមគ្រួសារ​ធម្មជាតិនិយម​ដូច​អ្នកស្រី Heike នាំគ្នា​មកកាន់​ទីតាំង​បោះជំរំ​អាក្រាត ដែល​រំឭក​ពី​ប្រពៃណី​អាក្រាត​នៅ​ទីសាធារណៈ​តាំង​ពី​បរម​បុរាណ​របស់​បារាំង។

យោងតាម​ការស្ទង់មតិ​មួយ​ធ្វើឡើង​ក្នុង​ឆ្នាំ ២០១៨ នេះ ដោយ France 4 naturisme ជាទី​ប្រជុំ​ក្រុម​តំបន់​បោះ​ជំរំ ៦ ភូមិ ដែល​ឈាន​មុខ​នៅ​បារាំង រួមទាំង Arnaoutchot មាន​សមាជិក ១៤ ភាគរយ​អាយុ​ក្រោម ៤០ ឆ្នាំ។ ៦៣ ភាគរយ​ជា​គូស្នេហ៍ ប្ដី និង​ប្រពន្ធ និង ២៣ ភាគរយ​ជា​ក្រុម​គ្រួសារ​រួម​ទាំង​កូនៗ​ផង​ដែរ។

លោក ហ្រង់ ហ្វី​លី​ព ប៉ា​វី ប្រធាន​ក្រុម​វិស្សមកាល ក៏បាន​ស្ថិត​ក្នុងចំណោម​ក្រុម​អាក្រាត​និយម​ផងដែរ។ លោក​បាន​និយាយ​ថា៖ «រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ យើង​បាន​ទទួល​សមជិក​ថ្មីៗ​ជាច្រើន»។

គូស្នេហ៍​វ័យក្មេង​ខ្លះ​មាន ឬ​គ្មាន​កូន ដែលមាន​អាយុ​ចន្លោះ​ពី ៣០ ទៅ ៤០-៤៥ ឆ្នាំ អត់​មាន​ប្រវត្ដិ​ជា​អ្នក​អាក្រាត​និយម​ពី​មុន​មក​ទេ។ មិន​ខុស​ពី​តំបន់​បោះ​ជំរំ​ដទៃ Arnaoutchot មាន​មជ្ឈមណ្ឌល​ថែទាំ​ទារក និង​ក្លិប​កុមារ ដើម្បី​សម្រួល​បន្ទុក​មើល​ថែ​កូន​អតិថិជន។

នៅជំរំ Arnaoutchot ភ្ញៀវ ២៣ ភាគរយ​មក​ជា​គ្រួសារ​។ AFP

ស្ថិត​លើដី​ព្រៃ ៤៥ ហិកតា ទី​បោះជំរំ​ស័ក្ដិសម​អ្នក​មិន​ចូលចិត្ត​ខោអាវ​ស្អុះស្អាប់ អាច​មាន​ភ្ញៀវ​រហូតដល់ ២០០០ នាក់​លែង​ខ្លួន​អាក្រាត​យ៉ាង​រីករាយ ជាមួយ​បន្ទប់​ស្ប៉ា​ថ្មី។

ទីតាំងទំនើបៗជាច្រើន​មាននៅ​ទីនេះ​ទាំងអស់ លើកលែងតែ​បន្ទប់​ងូតទឹក​អត់​ទ្វារ ដែល​មិន​ចាំបាច់​ប្រើ។

វិល​ពី​សំដិល​ថ្ងៃ​លើ​ឆ្នេរ​វិញ លោក Sylvain អាយុ ៤២ ឆ្នាំ បាន​ស្លៀក​ខោខ្លី​ដើម្បី​ជិះ​កង់ ជាមួយ​ភរិយា និង​កូនៗ អាយុ ២ ឆ្នាំ និង ៤ ឆ្នាំ។

លោក​និយាយថា៖ «វា​ពិតជា​សិទ្ធិ​ស្មើភាព​មែន។ មិន​ថា កម្មករ ឬ​ថៅកែ យើង​សុទ្ធតែ​ស្រាត​ដូចគ្នា ស្មើភាព​គ្នា​ទាំង​អស់ គឺជា​រឿង​ដ៏​ល្អ​បំផុត»។

ទោះជា​ក្រុម​ធម្មជាតិនិយម បាន​បន្ត​កើន​សមាជិក ជាមួយ​ទស្សនៈ​ជម្រុះ​រនាំង​សង្គម​ជាដើម ប៉ុន្តែ​មនុស្ស​ជាច្រើន​បាន​ចូលរួម​ក្លិប​អាក្រាត​ក្រោម​ហេតុផល​ឯកជន​ភាព។

ប្រធាន​ជំរំ​បន្ដថា៖ «ពួកគេ​មក​មិនមែន​ដើម្បី​តែ​បទពិសោធ​វិស្សមកាល​ស្រាត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ស្វែងរក​ជីវិត​រស់​នៅ​ថ្មី​ប្លែក​ផង​ដែរ»៕

តំបន់​វិស្សមកាល​​អាក្រាត​និយមមាន​ទាំង​ក្លិប​កម្សាន្ត​កុមារ​​។ AFP

គ្រួសារ​ធម្មជាតិនិយម នាំ​កូនតូចៗ​មក​វិស្សមកាល។ AFP