ភ្នំពេញ: វីដេអូយុទ្ធនាការបញ្ឈប់អំពើហិង្សាក្នុងគ្រួសាររបស់អង្គការជីវិតកម្ពុជា ឈ្នះក្នុងការបោះឆ្នោតជាសាធារណៈនៅទូទាំងពិភពលោកលើពាន Grassroots Justice Prize ដែលប្រព្រឹត្ដទៅនៅទីក្រុងញូវយ៉ក។
លោក Jaime Gill នាយកទំនាក់ទំនងប្រចាំអង្គការជីវិតកម្ពុជា (TLC) បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «TLC បានឈ្នះការបោះឆ្នោតជាសកលក្នុងពាន Grassroots Justice Prize ដែលរៀបចំឡើងរៀងរាល់ ២ ឆ្នាំម្ដង។ នៅថ្ងៃពុធនេះ ឯក្រុងញូវយ៉ក អង្គការសហប្រជាជាតិដែលគាំទ្រដល់ព្រឹត្ដិការណ៍នេះបានប្រកាសម្ចាស់ជយលាភីចំពោះការបោះឆ្នោតនេះដោយ TLC បានយកឈ្នះបេក្ខភាព ២០០ នាក់មកពី ៦៥ ប្រទេស និងទទួលរង្វាន់ជាង ៤ ០០០ ដុល្លារ»។
ភាពយន្ដរយៈពេល ២ នាទីដែលបង្ហាញពីនារីបុគ្គលិកការិយាល័យ ស្ដ្រីកសិករ ស្ដ្រីរោងចក្រកាត់ដេរ និងសិស្សស្រីសុទ្ធតែត្រូវពាក់មួកសុវត្ថិភាពមុនពេលត្រឡប់ចូលផ្ទះបានឈ្នះការបោះឆ្នោតលើអនឡាញក្នុងចំណោមវីដេអូអប់រំសម្រាំងវគ្គចុងក្រោយ ៤ ផ្សេងទៀតមកពីអាមេរិក ក្វាតេម៉ាឡា លីបេរីយ៉ា និងកេនយ៉ា។
លោក ឈិន សែ នាយករងនៃអង្គការជីវិតនៅកម្ពុជាឲ្យដឹងថា៖ «វាពិតជាកិត្ដិយសដ៏ថ្លៃថ្លារបស់អង្គការជីវិតកម្ពុជាក្នុងបេសកកម្មរយៈពេល ១១ ឆ្នាំនេះ។ វាជាពានអន្ដរជាតិ និងត្រូវបានសម្រិតសម្រាំងពីបេក្ខភាព ២០០ នាក់ចំណោម ៦៥ ប្រទេស។ វាមិនត្រឹមតែឆ្លុះបញ្ចាំងពីយុទ្ធនាការប្រឆាំងអំពើហិង្សាប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងដើម្បីសិទ្ធិស្របច្បាប់សម្រាប់សហគមន៍នៅទូទាំងប្រទេស»។
សេចក្ដីប្រកាសនេះបានធ្វើនៅពិធីប្រគល់រង្វាន់ដែលរៀបចំឡើងដោយអង្គការ Namati ក្នុងទីក្រុងញូវយ៉ក ឯវេទិកានយោបាយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។
លោក ឈិន សែ ឲ្យដឹងថា៖ «យើងបានទទួលលទ្ធផលជាង ៧០ ភាគរយនៃការបោះឆ្នោត។ នោះមានន័យថាវាជាភាពជោគជ័យដ៏ធំធេងរបស់យើង។ នេះក៏ដោយសារឆន្ទៈប្រជាជនកម្ពុជាដែលបានបោះឆ្នោតគាំទ្រ និងចែករំលែកបន្ដតាមបណ្ដាញសង្គម ហើយក៏មានការបោះឆ្នោតឲ្យយើងពីអ្នកប្រើប្រាស់បណ្ដាញសង្គម ៥០ ប្រទេសផ្សេងទៀតផងដែរ»។
យោងតាមលោក Jaime Gill បានដកស្រង់សម្ដីអ្នកនាំពាក្យឲ្យ Namati ដែលបានថ្លែងលើវេទិកាមុនពេលប្រគល់ពានរង្វាន់ថា៖ «ពាននេះបានអបអរដល់វរជនយុត្ដិធម៌ពីសង្គមស៊ីវិលដែលធ្វើការលើកទឹកចិត្ដ និងច្នៃប្រឌិតព្រមទាំងមានការប្ដេជ្ញាចិត្ដខ្ពស់។ ពួកគេធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំង»។
យុទ្ធនាការលើបណ្ដាញសង្គមមួយស្ដីពីការទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសាររបស់អង្គការជីវិតនៅកម្ពុជាដែលមានមូលដ្ឋាននៅខេត្ដសៀមរាបបានឈ្នះពានយុទ្ធនាការបណ្ដាញសង្គមល្អបំផុតប្រចាំឆ្នាំក្នុងពាន Not For Profit Technology នៅប្រទេសអូស្ដ្រាលីកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៩ កន្លងមក។
គួរបញ្ជាក់ថាអង្គការជីវិតកម្ពុជា ឬ (This Life Cambodia) មានអាសយដ្ឋានផ្ទះ ៥៦ ក្រុមទី ១០ ភូមិវត្ដបូ ឃុំសាលាកំរើក ក្រុងសៀមរាប ហើយចំពោះព័ត៌មានលម្អិតសុំចូលទៅកាន់គេហទំព័រ www.thislifecambodia.org និងfacebook@thislifecambodia៕