ភ្នំពេញ: គ្រង​សម្លៀកបំពាក់​ជា​អ្នកធ្វើការ​នៅ​ការិយាល័យ​ដ៏​ថ្លៃថ្នូរ ចុះ​ពី​រថយន្ដ ទឹក​មុខ​ប្រែជា​ស្រពោន ស្ត្រី​ម្នាក់​ក៏​ស្រាយ​កៅស៊ូ​ចង​សក់ ទាញ​មួក​សុវត្ថិភាព​ពី​ក្នុង​រថយន្ដ​មក​ពាក់ រួច​ដើរ​សំដៅ​ផ្ទះ​ធំ​ស្កឹម​ស្កៃ។

បន្តទៅ​ប្ល្​ង់​មួយទៀត​ក្រោយ​បំពេញភារកិច្ច​ពី​ស្រែ ស្ដ្រី​ម្នាក់ទៀត​ក៏​ទាញ​យក​មួក​សុវត្ថិភាព​ពី​ក្បែរ​ពាង​ទឹក​មក​ពាក់ ទឹក​ភ្នែក​ក៏​ស្រក់​ហូរ មុន​ពេល​ឈាន​ជើង​ឡើង​ផ្ទះ​ខ្ទម​ស្លឹក ដែល​បញ្ជាក់​ពី​ជីវភាព​ក្រខ្សត់។

សំឡេង​សើច​ក្អាកក្អាយ ប្រែជា​ក្រៀម​ស្រពោន ពេល​ចុះ​ពីលើ​រ៉ឺម៉ក ស្ដ្រី​ម្នាក់ ដែល​ទំនង​ជា​កម្មការិនី ក៏បាន​ទាញ​មួក​សុវត្ថិភាព​ពី​កាបូប​មក​ពាក់ រួច​ដើរ​សំដៅ​ផ្ទះ​ឈើ។

មិន​ខុសគ្នា​ទេ បើទោះបីជា​ក្មេងស្រី​ម្នាក់នេះ គ្រង​ឈុត​សិស្សសាលា ដែល​ត្រូវបាន​មិត្ដភក្ដិ​ឌុប​កង់​ជូន​មក​ផ្ទះ នាង​ក៏បាន​ទាញ​យក​មួក​សុវត្ថិភាព​ពី​កាតាប​មក​ពាក់ ក្រោម​ទឹក​មុខ​ដ៏​អស់​សង្ឃឹម​របស់​មិត្ដភក្ដិ។

មនុស្ស​មិនតិច​ទេ​ដែលមាន​ការងឿងឆ្ងល់ និង​សរសេរ​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ដ្រី និង​កុមារ​គ្រប់​ទម្រង់ ពេល​បាន​ឃើញ​នូវ​ទិដ្ឋភាព​ដ៏​ក្រៀម​ក្រំ​របស់​ស្ដ្រី​ក្នុង​វីដេអូ​អប់រំ​នេះ។

វីដេអូ​ខាងលើ​គឺជា​ឈុត​ឆាក​បង្ហាញ​អំពី​រឿងរ៉ាវ​ដ៏​សែន​ឈឺចាប់​របស់​នារី​កម្ពុជា ៤ នាក់​ក្នុង​រយៈពេល​ត្រឹម​តែ ២ នាទី។ វា​ជា​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ហិង្សា ដើម្បី​បញ្ឈប់​ការ​រំលោភ​បំពាន​លើ​ស្ដ្រី និង​កុមារ។

តារាចម្រៀង នីគី នីគី ចូលរួម​ផ្សព្វផ្សាយ​។ សហការី

អង្គការ​ជីវិត​កម្ពុជា ឬ This Life Cambodia (TLC) ជា​អង្គការ​អភិវឌ្ឍន៍​សហគមន៍​ដែល​មាន​កម្មវិធី​ដោះ​ស្រាយ​បញ្ហា​យុត្តិធម៌​សង្គម​ដ៏​ស្មុគ​ស្មាញ រួមទាំង​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ យុត្តិធម៌​អនីតិជន ការ​ទទួល​បាន​ការ​អប់រំ និង​ការ​ការពារ​គ្រួសារ បាន​ផលិត​វីដេអូ​អប់រំ​ស្ដីពី «រួមគ្នា​បញ្ឈប់​អំពើ​ហិង្សា» (End Violence Together) មាន​អ្នក​ចូល​ទស្សនា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាង​មួយ​លាន​ដង ជាង ១៥៦ ០០០ បាន​ឃើញ​យុទ្ធនាការ ទាំង​ការ​ចុច (liked, commented ឬ shared) និង​ជាច្រើន​នាក់​ទៀត បាន​ផ្ញើ​សារ​ទាំង​ឯក​ជន និង​សាធា​រណៈ​ពី​អ្នក​ជួប​នូវ​ពិសោធ​ផ្ទាល់​នៃ​អំពើ​ហិង្សា ព្រមទាំង​បាន​អះអាង​ថា យុទ្ធនាការ​នេះ​បាន​ជួយ​ពួកគេ​ផង​ដែរ។

យោងតាម​របាយការណ៍​ពី​លោក Jaime Gill នាយក​ផ្នែក​ទីផ្សារ និង​ទំនាក់​ទំនង​នៅ​អង្គការ​ជីវិត​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ «មនុស្ស​ជាង ១,៧ លាន​នាក់ បាន​មើល​ឃើញ​យុទ្ធនាការ​តាមរយៈ​វីដេអូ​អប់រំ ដែល​ស្មើ​មនុស្ស​លើស​ពី​ម្នាក់​ក្នុង​ចំណោម ១០ នាក់​នៃ​ប្រជាជន​សរុប»។

លោក​បាន​ឲ្យ​ដឹង​ពី​គោលបំណង​នៃ​កម្មវិធី​យុទ្ធនាការ​នេះ​ថា៖ «អង្គការ​ជួយ​សហគម​ន៍​លើក​ឡើង​ពី​កត្ដា​ប្រឈម និង​ផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​លើ​ក្រុម​គ្រួសារ និង​សហគមន៍​ទាំង​មូល។ យើង​គាំទ្រ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ជួយ​ទប់​ស្កាត់​អំពើ​ហិង្សា និង​ដោះស្រាយ​បញ្ហា។ យើង​ក៏​បង្កើន​ការ​សម្រប​សម្រួល​ដោយ​ជំរុញ​ឲ្យ​សហគមន៍​ស្វែងរក​វិធានការ​ផ្លូវ​ច្បាប់ ជួយ​ដល់​ជន​រង​គ្រោះ ហើយ​យើង​ផ្សព្វផ្សាយ​ចំណេះដឹង​ដល់​សិស្ស​អនុវិទ្យាល័យ​ឲ្យ​ចេះ​បង្កើត​ទំនាក់​ទំនង​ល្អ និង​ទប់ស្កាត់​អំពើហិង្សា ដើម្បី​បន្សាប​ផ្នត់​គំនិត​បុរាណ​ក្នុង​សង្គម​ខ្មែរ»។

បច្ចុប្បន្ននេះ កម្មវិធី​ជីវិត​គ្មាន​អំពើហិង្សា បានធ្វើការ​ដោយផ្ទាល់​ជាមួយ​ស្ដ្រី និង​កុមារ​ជាង ៣៥០០ នាក់​ក្នុង ២២ ឃុំ និង​ដោយ​ប្រយោល​ក្នុង​ចំនួន​ប្រមាណ ១៦៥០០០ នាក់។

ឈុត​ឆាក​​ដក​ស្រង់​ពី​វីដេអូ​ពញ្ញាក់អារម្មណ៍​ពី​អំពើហិង្សា​លើ​ស្ត្រី។ សហការី

កញ្ញា ហុង សារិទ្ធ អ្នកសម្របសម្រួល​កម្មវិធី​នៅ ជីវិត​គ្មាន​អំពើ​ហិង្សា (This Life Without Violence) បាន​ឲ្យ​ដឹង​ក្នុង​របាយ​ការណ៍​ថា៖ «ស្ដ្រី ៤០ ភាគរយ​បាន​និយាយ​ថា វា​ដោយសារ​តែ​ពួកគេ​យល់​ថា វា​ជា​រឿង​ធម្មតា ខណៈ ៣០ ភាគរយ​ទៀត មិន​បាន​រាយ​ការណ៍​ដោយសារ​វា​ជា​រឿង​អាម៉ាស់។ យើង​គួរ​ក្រើន​រំឭក​ដល់​បុរសៗ​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺជា​បទ​ឧក្រិដ្ឋ ហើយ​ស្ដ្រី​រង​គ្រោះ ត្រូវ​តែ​ចង​ចាំ​ថា ពួកគេ​មាន​ច្បាប់​ការពារ»។

ដោយមាន​ការចូលរួម​ពី​តារា និង​បុគ្គលល្បីៗមួយចំនួន​យុទ្ធនាការ​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សកល​រយៈពេល ១៦ ថ្ងៃ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ចន្ទ ទី ១០ ខែ​ធ្នូ​កន្លង​ទៅ​នេះ ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី ដោយ​ប្រើប្រាស់​ពណ៌​ទឹក​ក្រូច​ជា​និមិត្តរូប​នៃ​ក្តី​សង្ឃឹម និង​អនាគត​ភ្លឺស្វាង ដោយ​គ្មាន​អំពើ​ហិង្សា៕