ក្រុងសេអ៊ូល៖ ក្រុម​ចម្រៀង Brave Girls បាត់បង់​ជំនឿ​ចិត្ដ​អស់រលីង​កាលពី​ប៉ុន្មាន​សប្ដាហ៍ ហើយ​ពួកគេ​ក៏បាន​ត្រៀមខ្លួន​ចែកផ្លូវ​គ្នា និង​បោះបង់​ក្ដី​សុបិន​ធ្វើជា​តារា K-pop ក្រោយពី​តែលតោល​លើ​វិថី​នេះ​អស់​ជាច្រើន​ឆ្នាំ​មក។

ហាក់បី​ដូចជា​ព្រហ្មលិខិត​មិន​បំបិទផ្លូវ​ក្រុម​ចម្រៀង​នារី​នេះ។ គាប់​ជួន អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​យូធូប​ម្នាក់​ឈ្មោះ Viditor បាន​បង្ហោះ​សម្រង់​វីដេអូខ្លីៗ​នៃ​ការសម្ដែង​របស់​ក្រុម​ចម្រៀង​ស្រី​មួយ​នេះ​នៅ​មូលដ្ឋាន​កងទ័ព​កូរ៉េខាងត្បូង។ អ្វីដែល​មិន​នឹកស្មាន​ដល់ វីដេអូ​ក្នុង​យូធូប​នោះ បាន​សង្គ្រោះ​អាជីព​សិល្បៈ​របស់​ពួកគេ​ឱ្យ​ផ្ទុះ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំងក្លា។

ពួកគេ​បាន​ស្រែកច្រៀង «Rollin'' rollin'' rollin'' rollin''/I am waiting for you/Babe just only you» ជាមួយ​ក្បាច់​រាំ​បែប​ទាហាន និង​គ្រវី​ចង្កេះ​ពន្លឺ​ភ្លើងពណ៌។ ការសម្ដែង​នេះ​ទទួល​បាន​ប្រជាប្រិយភាព និង​មាន​អ្នក​ចូល​ទស្សនា​រាប់លាន​ដង​នៅ​ទូទាំង​ប្រទេស។

មិន​ដល់​មួយខែ​ផង ចម្រៀង​របស់​ពួកគេ​បាន​ឈរលើ​ចំណាត់ថ្នាក់​លេខ ១ នៅ​កូរ៉េខាងត្បូង និង​ស្ថិត​លើ​កំពូល​តារាង Billboard K-pop 100 នៅ​សហរដ្ឋអាមេរិក ខណៈ​បទ​ទាំងនេះ​បានចេញ​ផ្សាយ​ជា​ផ្លូវការ​តាំងពី ៤ ឆ្នាំ​មុន​មកម្ល៉េះ។

សមាជិក​ក្រុម Brave Girls តុបតែង​កាយ​ត្រៀម​ឡើង​ឆាក​ដ៏តូច ដើម្បី​ថត​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម។ AFP

ប្រជាប្រិយភាព​របស់​ពួកគេ​បាន​កើនឡើង​ខ្លាំង ដោយសារ​ប្រវត្ដិ​តស៊ូ​របស់​ក្រុម ដែល​ធ្លាប់​ត្រូវបាន​គេ​ចាត់ទុកថា​តារា​អាប់រស្មី។

ប្រធាន​ក្រុម គីម មីនយ៉ាំង អាយុ ៣០ ឆ្នាំ​បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា៖ «តាំងពី​ដើម​ឆ្នាំ​មក ខ្ញុំ​គិតថា វា​ដល់ពេល​ដែល​យើង​ត្រូវ​បញ្ចប់​បេសកកម្ម​រួមគ្នា​ហើយ»។

ក្រុម Brave Girls ចាប់ផ្ដើម​អាជីព​សិល្បៈ​ក្នុង​ទ្រង់ទ្រាយ​ជា​ក្រុម​សមាជិក ៥ នាក់ កាលពី​មួយ​ទសវត្សរ៍​មុន តែ​ពួកគេ​មិន​ទទួលបាន​ការគាំទ្រ​នោះទេ។ ពួកគេ​បាន​វិល​មកជា​ថ្មី​ជាមួយ​សមាជិក ៧ នាក់​ក្នុង​ឆ្នាំ ២០១៦ តែ​ក្រុម​តារាចម្រៀង​ស្រី​នេះ​នៅតែ​ទៅមុខ​មិន​រួច។

ទើបតែ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ វីដេអូឃ្លីប​របស់​ពួកនាង​ទទួល​បាន​ការចូល​ទស្សនា​ប្រមាណ ១៥ លាន​ដង​រយៈពេល​មិន​ដល់​មួយខែ។ អ្នក​បង្ហោះ​វីដេអូ​សម្រង់​ចម្រៀង​នេះ ដែល​បាន​និយាយ​ថា នាង​មិន​ចង់​លាតត្រដាង​អត្ដសញ្ញាណ​ផ្ទាល់ខ្លួន បាន​ឱ្យ​ដឹងថា​ខ្លួន​ពិតជា​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ប្រតិកម្ម​នៅលើ​យូធូប​ចំពោះ​ក្រុម Brave Girls។

នាង​បាន​និយាយថា៖ «ប៉ុន្ដែ​ខ្ញុំ​មិន​ធ្លាប់​ជួប​អ្វី​ល្បី​ខ្លាំង​យ៉ាងនេះ​ទេ។ ខ្ញុំ​នៅតែ​មិន​ជឿ​នូវ​អ្វីដែល​បាន​កើតឡើង​នេះ​សោះ»។

អភូតហេតុ K-pop ដោយមាន​ក្រុម​ចម្រៀង​បុរស BTS ជា​គំរូ​ស្រាប់ ដែលមាន​ឈ្មោះ​បោះ​សំឡេង​ទូទាំង​ពិភពលោក​បាន​រក​ចំណូល​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​សម្រាប់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី ១២ ក្នុង​ពិភពលោក។

ក្រុម​តារា​អស់​រស្មី ដែល​ត្រៀម​ចែក​ជើង​គ្នា មិន​នឹកស្មាន​ថា​មានឱកាស​អង្គុយ​ផាត់មុខ ត្រៀម​ឡើង​ឆាក​សម្ដែង​ជូន​អ្នកគាំទ្រ​តាម​បណ្ដាញ​សង្គម។ AFP

ក្រុម​តារាល្បីៗ​ជាច្រើន ដែល​រមែង​ជា​យុវជន និង​យុវតី ត្រូវ​បាន​បង្កើតឡើង​រៀងរាល់ឆ្នាំ ដោយ​ពួកគេ​រំពឹង​ថា នឹងមាន​ដំណើរ​ជោគជ័យ​តាម​រៀមច្បង BTS និង BlackPink តែ​ភាគច្រើន​ក៏​រលាយបាត់​ទៅវិញភ្លាមៗ ដោយ​បន្សល់ទុក​តែ​អនុស្សាវរីយ៍​ចម្រៀង​តិចតួច​ប៉ុណ្ណោះ។

លោក គីម ជិនយុង នាយក​ប្រតិបត្ដិ​ផលិតកម្ម Wuzo Entertainment បាន​ប្រាប់ AFP ថា៖ «ច្បាស់​ណាស់ ក្រុម​ចម្រៀង​ថ្មី ៥០ ក្រុម​បាន​ហក់​ចូល​ទីផ្សារ​តន្ដ្រី​រៀងរាល់ឆ្នាំ តែ​មិន​ដល់​ពាក់កណ្ដាល ដែល​បាន​ឡើង​ប៉ុស្ដិ៍​ទូរទស្សន៍»។

ក្រុមហ៊ុន​នានា​ក្នុង​ឧស្សាហកម្ម K-pop កំពុងតែ​នាំគ្នា​ងាក​ចាប់​បណ្ដាញ​សង្គម ដូចជា YouTube, TikTok និង Facebook ដើម្បី​អភិវឌ្ឍ​ក្រុម​អ្នកគាំទ្រ​ចំពោះ​ក្រុម​ចម្រៀងនីមួយ។ ប៉ុន្ដែ​សម្រាប់​ក្រុម Brave Girls វា​ជា​ក្រុម​ថ្មី​សន្លាង​មួយ ដែលមាន​លក្ខណៈ​ប្លែក​ពី​ក្រុម​ដទៃ ដោយ​ពួកគេ​ហៀប​លិច​ទៅ​ហើយ ក៏​ស្រាប់តែ​រះ​ខ្ពស់ត្រដែត​វិញ​មួយ​រំពេច។

សមាជិក​ម្នាក់​នៃ​ក្រុម Brave Girls នាង លី យូណា បាន​លាន់មាត់​ពី​ការផ្ទុះ​ប្រជាប្រិយភាព​ដូច​ផ្លេកបន្ទោ​នេះ​ថា៖ «មានរឿង​មិនគួរ​ឱ្យ​ជឿ​នឹង​អ្វីដែល​បានកើត​ឡើង និង​បាន​កើត​លើ​រូបយើង​ផ្ទាល់»៕ HR

ដំណើរ​លើ​វិថី​ខេប៉ុប​មួយ​ទសវត្សរ៍ ទីបំផុត Brave Girls រកឃើញ​ពន្លឺ​អាជីព​សិល្បៈ​ចម្រៀង តាមរយៈ​វីដេអូ​លើ​បណ្ដាញ​សង្គម។ AFP