ក្រុងយ៉ាំងហ្គោន៖ កំហឹងបានផ្ទុះឡើងក្នុងប្រទេស មីយ៉ាន់ម៉ា ក្រោយពីវីដេអូសិច ១២ នាទី ដែលថតនៅប្រាសាទបាហ្គាន ជាទីឋានទេសចរណ៍បុរាណឋានដ៏ល្បីល្បាញ និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO មួយដែលមានអារាមព្រះពុទ្ធសាសនារាប់ពាន់។
ពួកគេមិនទាន់ដឹងថា អ្នកផលិតវីដេអូជានរណា និងនៅកន្លែងណាឡើយ តែមីយ៉ាន់ម៉ាបានឲ្យដឹងថា ខ្លួននឹងថ្កោលទោសទេសចរបរទេស ២ នាក់ ដែលបានប្រើប្រាង្គប្រាសាទបាហ្គាន ជាផ្ទៃក្រោយនៃឈុតឆាកកុនសិចបង្ហោះលើវេបសាយ Pornhub។
វីដេអូឃ្លីបត្រូវបានបង្ហោះលើវេបសាយ Pornhub កាលពី ២ ខែមុន ដោយអ្នកប្រើប្រាស់ឈ្មោះ YeeesYeeesYeees ដែលបានហៅខ្លួនថា គូស្នេហ៍អ៊ីតាលីវ័យ ២៣ ឆ្នាំ ដោយរំលេចនូវស្នាមសាក់ និងចោះក្រវិលពេញខ្លួន។
វីដេអូនេះត្រូវបានចូលមើលជាង ៣២ ម៉ឺនដង មុនពេលត្រូវបានលុបចេញពីវេបសាយសិចដ៏ធំបំផុតក្នុងលោកមួយនេះ។ យោងតាមវេបសាយ គូស្នេហ៍ទាំង ២ បានបង្កើនអ្នក subscribe ជាង ៨១ ០០០ នាក់ ហើយមានអ្នកចូលមើលវីដេអូរបស់ខ្លួនជាង ៣៥ លានដងតាំងពីពួកគេបានចូលរួមជាង ១១ ខែ។
ប៉ុន្ដែវីដេអូអាសគ្រាមដែលប្រើទិដ្ឋភាពអារាមបុរាណនៅក្នុងបរិវេណប្រាង្គប្រាសាទបាហ្គាន មិនសូវមានគេស្គាល់ថានៅមីយ៉ាន់ម៉ានោះទេ តែការថ្កោលទោសត្រូវបានធ្វើឡើងពេញបណ្ដាញសង្គម។
Mg Khin Gyi បានសរសេរលើហ្វេសប៊ុកដោយបានដាក់រូបភាពកំហឹងថា៖ «អារាមនៅបាហ្គានរបស់យើង គឺជាដែនដីពិសិដ្ឋ»។
វីដេអូដ៏គួរឲ្យងឿងឆ្ងល់នេះត្រូវបានចូលមើលជិត ២៥ ម៉ឺនដង គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ តែមានចំនួនអ្នកមិនចូលចិត្ដ «dislikes» ច្រើនជាងចូលចិត្ដ «likes»។
នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ New Fantastic Asia លោក Tun Tun Naing បានចោទសួរនូវអ្វីដែលហៅថា «សន្ដិសុខធូររលុង» នៅតំបន់បេតិកភណ្ឌ បាហ្គាន និងអំពាវនាវឲ្យមានវិធានការ។
អគ្គនាយកសហជីពនៃសមាគមទេសចរណ៍មីយ៉ាន់ម៉ា ក្រុងម៉ាន់ដាឡាយ Myo Yee បន្ថែមថា ចំពោះសំឡេងបន្ទរពីការរិះគន់លោកបាននិយាយថា ករណីនេះជាដំណឹងអាក្រក់សម្រាប់ឧស្សាហកម្មដែលរងគ្រោះដោយការរីករាលដាលវីរុសកូរ៉ូណា។
លោកបានប្រាប់ AFP ថា៖ «វាគឺជាវេលាដ៏សែនពិបាកសម្រាប់យើង ពីព្រោះទេសចរជាច្រើនមិនមកទីនេះទេ»៕ AFP/HR