សៀមរាប៖ ដើម្បីអបអរទិវាសកម្មនិយមប្រឆាំងអំពើហិង្សាក្នុងគ្រួសាររយៈពេល ១៦ ថ្ងៃ អង្គការជីវិតនៅកម្ពុជា (TLC) មូលដ្ឋាននៅសៀមរាប បង្កើតយុទ្ធនាការថ្មី បំណងឲ្យបុរសងាកចេញពីអំពើហិង្សាក្នុងគ្រួសារលើស្ដ្រី។
យកគំរូតាមសុភាសិតខ្មែរបុរាណ «កម្ពុជា គឺជាឈាមជ័រអ្នកចម្បាំង» តាំងពីសម័យអាណាចក្រខ្មែរ «អ្នកប្រយុទ្ធមានគុណធម៌» ជាយុទ្ធនាការវីដេអូផ្សព្វផ្សាយថ្មីដែលដឹកនាំដោយ កំពូលតារាគុនខ្មែរ និងក្បាច់គុនចម្រុះដ៏ល្បីល្បាញលើឆាកអន្ដរជាតិលោក ចាន់ រតនា បានទទួលការគាំទ្រយ៉ាងច្រើនលើបណ្ដាញសង្គម។
លោក ចាន់ រតនា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមចំណែកក្នុងយុទ្ធនាការដ៏អស្ចារ្យនេះ ហើយវាក៏ជាអ្វីដែលខ្ញុំគាំទ្រពេញទំហឹងផងដែរ។ ខ្ញុំបានហ្វឹកហាត់គុនខ្មែរតាំងពីកុមារភាព ហើយវាបានបង្រៀនយើងកុំឲ្យប្រើហិង្សាខាងក្រៅសង្វៀនប្រកួត និងផ្ដល់ការគោរពចំពោះគ្នា ជាពិសេសស្ដ្រី»។
វីដេអូឃ្លីប រយៈពេល ២ នាទី «អ្នកប្រយុទ្ធមានគុណធម៌» មានការពេញនិយម ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបន្ដចែកចាយជាង ១ ម៉ឺនដង ទស្សនាជាង ១ លានដង និងចុច like និង love ជាង ៣ ៤០០០ ដង។ សំណេរ និងសារវិជ្ជមានរាប់រយត្រូវបានសរសេរជាបន្ដបន្ទាប់។
អ្នកប្រើប្រាស់បណ្ដាញសង្គម Hengchea បានសរសេរថា៖ «ក្នុងនាមជាពលរដ្ឋកម្ពុជា ខ្ញុំពេញចិត្ដចូលរួម និងគាំទ្រពេញទំហឹងចំពោះយុទ្ធនាការប្រកបដោយអត្ថន័យនេះ។ ខ្ញុំក៏សុំក្រើនរំឭក និងរួមស្មារតីជាខ្មែរតែមួយ ជាពិសេសក្មេងៗជំនាន់ក្រោយ។ យើងអាចរស់នៅក្នុងសន្ដិភាព និងសុភមង្គលរួមគ្នា»។
យ៉ាងណាមិញ ជាអកុសលរបាយការណ៍របស់ TLC បានបង្ហាញថា បុរសម្នាក់ចំណោម ៣ នាក់ បានយល់ច្រឡំពីពាក្យ «អ្នកចម្បាំង» ឬ «អ្នកប្រយុទ្ធ» និងបានសារភាពថា ខ្លួនបានប្រើហិង្សាលើរាងកាយ ឬផ្លូវភេទលើដៃគូយ៉ាងហោចណាស់ម្នាក់ក្នុងមួយឆាកជីវិត។
យុទ្ធនាការមួយនេះ ចង់បង្ហាញពីទស្សនៈ «អ្នកប្រយុទ្ធមានគុណធម៌» សំដៅលើបុគ្គលដែលការពារស្ដ្រី និងកុមារ និងមិនធ្វើឲ្យពួកគេឈឺចាប់។
អ្នកលេងគុនខ្មែរ លោក ចាន់ រតនា បានបន្ដថា៖ «គួរឲ្យភ្ញាក់ផ្អើលដែលបានដឹងថា បុរសខ្មែរម្នាក់ចំណោម ៣ នាក់ សារភាពថា ធ្លាប់បានវាយតប់ស្ត្រី ហើយពេលនេះ គួរតែបញ្ឈប់ហើយ។ មេត្ដាធ្វើជាអ្នកប្រយុទ្ធដ៏មានគុណធម៌ និងសន្យាបញ្ឈប់ធ្វើឲ្យស្ដ្រីឈឺចាប់»។
TLC មានបំណងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារគ្រប់ពេលវេលាដោយធ្វើការជាមួយស្ដ្រីងាយរងគ្រោះ កុមារសិក្សា និងអាជ្ញាធរមូលដ្ឋានរាប់ពាន់នាក់ ដើម្បីដោះស្រាយបញ្ហាឫសគល់នៃអំពើហិង្សា។
លោក Billy Gorter ស្ថាបនិក និងជានាយកប្រតិបត្ដិអង្គការ TLC បានឲ្យដឹងថា៖ «អំពើហិង្សាក្នុងគ្រួសារមិនមែនតែជាបញ្ហានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែវាជាបញ្ហាសកលលោក។ ការស្រាវជ្រាវបានបង្ហាញថា ស្ដ្រីម្នាក់ក្នុងចំណោម ៣ នាក់ នៅទូទាំងពិភពលោកប្រឈមអំពើហិង្សានាពេលណាមួយនៃឆាកជីវិត។ ដល់ពេលត្រូវបញ្ឈប់ហើយ ហើយនោះមានន័យថា បុរសៗត្រូវតែផ្លាស់ប្ដូរ។ យើងទាំងអស់គ្នា ទាំងប្រុស និងស្រី ត្រូវនិយាយថា យើងនឹងមិនអត់ឱនឡើយ មិនត្រឹមតែនៅកម្ពុជាទេ គឺទូទាំងពិភពលោក»។
លោកបន្ដថា៖ «យើងរីករាយ ដែលមនុស្សប្រុសចែករំលែកសារនេះក្នុងចំនួនដ៏ច្រើន។ នោះជាជំហានឆ្ពោះទៅមុខ ទោះនៅមានរយៈពេលយូរទៀតយ៉ាងណាក៏ដោយ»។
វីដេអូអប់រំនេះថតនៅសង្វៀនគុនខ្មែរ ដោយអ្នកទស្សនាមើល ចាន់ រតនា រៀបចំខ្លួនឡើងប្រកួត ហើយមហាជនមានការរំភើបរីករាយចំពោះព្រឹត្ដិការណ៍នោះ។ ប៉ុន្ដែតាមការពិត វាបង្ហាញលទ្ធផលថា គូប្រជែងរបស់លោក រតនា គឺជាស្ដ្រីស្ថិតក្នុងសភាពភ័យខ្លាចម្នាក់ សម្ដែងដោយតារាស្រី នៅ ដាណា។
ខណៈមហាជនកំពុងបង្ហាញពីភាពតក់ស្លុត ភ័យខ្លាច និងកំហឹង លោក រតនា បានដោះហ្គង់ដៃបញ្ឈប់បំណងវាយដៃគូជាស្ដ្រី និងជួយគ្រាហ៍នាងឡើង ដែលទទួលបានការសាទរពីទស្សនិកជនយ៉ាងកងរំពង និងទទួលបានខ្សែក្រវាត់ «អ្នកប្រយុទ្ធមានគុណធម៌»។
លោក Billy Gorter បានបន្ដថា៖ «សារនេះបានបង្ហាញយ៉ាងច្បាស់ ខណៈមនុស្សជាច្រើនរីករាយនឹងទស្សនាកីឡាវាយគ្នា តែពួកគេក៏មិនពេញចិត្ដចំពោះការប្រើអំពើហិង្សានៅផ្ទះនោះទេ»។
នេះមិនមែនជាការផ្សព្វផ្សាយចំណេះដឹងតែមួយមុខនោះទេពលរដ្ឋកម្ពុជាត្រូវបានឲ្យចូលរួមតាមមធ្យោបាយផ្សេងៗថែមទៀត។
ពួកគេត្រូវបានស្នើឲ្យចុះឈ្មោះទទួលគោលការណ៍ទាំង ៣ ចំណុចរបស់ «អ្នកប្រយុទ្ធមានគុណធម៌» គឺមិនប្រើអំពើហិង្សាលើបុគ្គលដែលងាយរងគ្រោះដូចជា ស្ត្រី និងកុមារគោរពមនុស្សទាំងអស់ ជាពិសេសស្រ្តី និងផ្ដល់ការប្រៀនប្រដៅកូនៗឲ្យគោរពស្រឡាញ់គ្នា។
លោក ឈិន សែ នាយករងនៃអង្គការជីវិតនៅកម្ពុជាបាននិយាយថា៖ «យើងពិតជារីករាយណាស់ដែលបុរសកម្ពុជាបានគាំទ្រយុទ្ធនាការនេះ ជាពិសេសបុរសទូទៅរាប់ពាន់នាក់ ដែលបានចែករំលែកវីដេអូ និងអ្វីៗពាក់ព័ន្ធនឹងយុទ្ធនាការនេះ»។
អង្គការ TLC បានឲ្យដឹងថា យុទ្ធនាការមានការចូលរួមពីតារាកិត្ដិយសជាច្រើន ដូចជា ចាន់ រតនា តារាបាល់ទាត់កូនកាត់ ធារី ចន្ថាប៊ីន និងកូនកង្កែប សំ ថារ័ត្ន ជាដើម។
លោក សែ បានបន្ដថា៖ «យើងដឹងថា បុរសកម្ពុជាជាច្រើនចូលចិត្ដ ចាន់ រតនា។ ដូច្នេះ យើងអរគុណដែលគាត់យល់ព្រមសម្ដែងក្នុងវីដេអូ និងលើកទឹកចិត្ដអ្នកគាំទ្ររបស់គាត់»។
អំឡុងពេលទិវារយៈពេល ១៦ ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី ២៥ ខែវិច្ឆិកា អង្គការ TLC នឹងរៀបចំពិធីជួបជុំជាច្រើននៅតាមបណ្ដាសហគមន៍ ជាទីដែលស្ដ្រី និងក្មេងស្រីនាំគ្នាដើរក្បួនតាមដងផ្លូវដើម្បីផ្សព្វផ្សាយអំពើហិង្សា ដែលគាំទ្រដោយបុរស និងរួមគ្នាធានាថា សារនេះ ត្រូវបានផ្សព្វផ្សាយទូលំទូលាយ៕