ភ្នំពេញ៖ ក្រៅពីកម្មវិធីសម្តែងសិល្បៈចម្រុះនានា ដែលត្រូវសម្តែងតាមពេលវេលាកំណត់នៅក្នុងមហោស្រពសិល្បៈប្រចាំឆ្នាំដ៏ធំមួយឈ្មោះថា «សិល្បៈដើម្បីសន្តិភាព» ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៤ ខែ វិចិ្ឆកា ឆ្នាំ ២០១៩ អ្នកទស្សនានឹងបានជួបវត្តមាននៃក្រុមវីរជនសិល្បៈលាក់មុខចំនួន ២៥ រូប ដែលជាតំណាងចាស់ទុំនៃផ្នែកសិល្បៈសហគមន៍ទាំង ២៥ ខេត្ត-ក្រុង។
ដោយសារតែមិនចង់ឲ្យចំណេះជំនាញផ្នែកសិល្បៈវប្បធម៌ខ្មែរ មានតពីដូនតាមកបន្តរងនូវការបាត់បង់ ឬសាបរលាបអស់អត្តសញ្ញាណ ហើយកូនចៅជំនាន់ក្រោយៗលែងបានស្គាល់ និងស្របពេលមានកម្មវិធីធំមួយប្រចាំឆ្នាំ ២០១៩ «សិល្បៈដើម្បីសន្តិភាព» នេះ អង្គការសិល្បៈខ្មែរអមតៈ (CLA) ក៏បានបង្កើតគម្រោងមួយឈ្មោះថា ការស្វែងរក «វីរជនសិល្បៈលាក់មុខ» តាមខេត្ត-ក្រុង ទូទាំងប្រទេស កម្ពុជា។
អង្គការសិល្បៈខ្មែរអមតៈកំពុងតែស្វែងរកដំណឹងអំពី «វីរជនសិល្បៈលាក់មុខ» ដែលកំពុងរស់នៅតាមបណ្ដាខេត្តនានានៅក្នុងគោលបំណងដើម្បីកំណត់ឲ្យបានពីទិន្នន័យបុគ្គលដែលមានស្នាដៃដ៏ធំធេងលើវិស័យសិល្បៈ និងវប្បធម៌ ហើយមហាជនមិនសូវដឹង ឬស្គាល់អំពីពួកគាត់។
អ្នកស្រី សូ ភីណា ប្រធានកម្មវិធីផ្នែកចំណេះដឹងបណ្ដាញ និងគោលនយោបាយ និងជាប្រធានគម្រោងនៃការស្វែងរក «វីរជនសិល្បៈលាក់មុខ» បានឲ្យដឹងថា៖ «នៅថ្ងៃប្រារព្ធមហោស្រព «សិល្បៈដើម្បីសន្តិភាព» នៅសប្តាហ៍ក្រោយនេះ ប្រិយមិត្តនឹងបានឃើញវត្តមានរបស់វីរជនសិល្បៈលាក់មុខ ដែលយើងបានស្វែងរកឃើញចំនួន ២៥ រូប ដោយយើងបានសម្រេចយកចំនួន ១ រូបតែប៉ុណ្ណោះ សម្រាប់ជាតំណាង ១ ខេត្ត ឬ ១ ក្រុង ទៅតាមមុខជំនាញពួកគាត់រួមមានដូចជាផ្នែកតន្រ្តី របាំ អ្នកនិពន្ធ ឬជាអ្នកដឹកនាំក្រុមសិល្បៈសហគមន៍នានានៃចំនួន ២៥ តាមខេត្ត-ក្រុង នៅក្នុងប្រទេស កម្ពុជា។
ដោយឡែកមកទល់នឹងពេលនេះ យើងក៏បានទទួលព័ត៌មានចុងក្រោយពីពួកគាត់ផងដែរ គឺថាអាចមាន អវត្តមានខ្លះ ដោយសារមានវីរជនសិល្បៈយើងខ្លះគាត់មានធុរៈផ្ទាល់ខ្លួនមិនអាចឆ្លៀតមកបាន និងអ្នកខ្លះមិនអាចមកដោយសារតែកត្តាសុខភាពចាស់ជរាទ្រុឌទ្រោម ពុំអាចធ្វើដំណើរមកចូលរួមបាន។ យ៉ាងណាយើងក៏មានកម្មវិធីពិសេសមួយ សម្រាប់ក្រុមវីរជនសិល្បៈលាក់មុខទាំងអស់ចំនួន ២៥ រូបនោះផងដែរ គឺការតាំងពិព័រណ៍រូបថត និងស្នាដៃ ឬការងាររបស់ពួកគាត់នៅក្នុងកម្មវិធីមហោស្រពសិល្បៈ ដើម្បីសន្តិភាពនេះ»។
ប្រទេស កម្ពុជា យើងគឺមានអ្នកដែលបូជាទាំងកម្លាំងកាយចិត្តក្នុងការងារការពារ អភិរក្សសិល្បៈ និងវប្បធម៌ជាច្រើនរូបដែលយើងពុំសូវបានស្គាល់ ដូច្នេះដល់ពេលហើយ ដែលគួរធ្វើអ្វីមួយ ដើម្បីឲ្យសាធារណជនបានស្គាល់ពួកគាត់ និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ ខណៈពេលកន្លងមកក៏ដូចជាផ្ដល់ការគាំទ្រនានា ដើម្បីឲ្យពួកគាត់មានក្ដីសង្ឃឹម ក្នុងចិត្ត និងកាន់តែមានកម្លាំងចិត្តបន្តការងារទៅមុខទៀត។
ប្រធានគម្រោងស្វែងរក «វីរជនសិល្បៈលាក់មុខ» អ្នកស្រី សូ ភីណា ក៏បានលើកឡើងថា៖ «តាមរយៈកម្មវិធីនេះ យើងគិតថា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សង្គមជាតិយើងទាំងអស់គ្នា។ ចំពោះកម្មវិធី «វីរជនសិល្បៈលាក់មុខ» នេះដែរអាចនឹងមានភាពទាក់ទាញនូវចំណាប់អារម្មណ៍ទាំងមហាជនទូទៅ ក៏ដូចជាថ្នាក់ក្រសួងពាក់ព័ន្ធ និងរាជរដ្ឋាភិបាលទៀតផង សម្រាប់ការប្រារព្ធធ្វើជាលើកដំបូងនេះតែម្តង។
ម្យ៉ាងវិញទៀត កម្មវិធីនេះក៏ជាសក្ខីភាពមួយបង្ហាញឲ្យឃើញពីការគិតគូរ និងលើកទឹកចិត្តទៅដល់ក្រុមវីរជនសិល្បៈនានា ដែលនៅតាមខេត្ត-ក្រុង ទាំង ២៥ របស់យើង ព្រោះថាពួកគាត់បានរួមចំណែកអភិរក្ស និងថែរក្សាសិល្បៈវប្បធម៌ជាតិ។ និយាយឲ្យចំទៅពួកគាត់ក៏ត្រូវការការគាំទ្រដែរ»៕