ក្រុងប៉េកាំង: សកម្មភាពដ៏ក្លាហានរបស់ពីឡុតចិន លីវ ឈួនជៀន ដែលទទួលបាននូវការសាទរ ក្រោយពីការសម្រេចចិត្ដចុះចតបន្ទាន់ប្រកបដោយជោគជ័យ នឹងត្រូវបាន យកវីរភាពរបស់លោក រំលេចជាភាពយន្ដ។ នោះបើយោងតាមវេបសាយ paper.cn បានរាយការណ៍ដូច្នេះ។
ភាពយន្ដនេះនឹងផលិតឡើងដោយផលិតកម្មចិន Bona Film Group ដែលសំណើសុំថតត្រូវបានអនុម័តពីរដ្ឋបាលសារព័ត៌មានបោះពុម្ពផ្សាយ វិទ្យុ ភាពយន្ដ និងទូរទស្សន៍របស់រដ្ឋរួចជាស្រេច។
ដំណើររឿងនេះផ្ដោតលើបទពិសោធពិតរបស់ពីឡុត លីវ ឈួនជៀន ជាប្រធានក្រុមលើអាកាសចរណ៍ Sichuan Airlines ដែលកាលពីខែឧសភា បានចុះចតយន្ដហោះ ក្រោយពីជួបបញ្ហាបាត់បង់សម្ពាធខ្យល់ក្នុងកាប៊ីនរយៈពេល ២០ នាទី។
លោកបានបើកយន្ដហោះ A319 ពីក្រុងឈុងគីង ទៅកាន់ក្រុង ឡាសា តំបន់ទីបេ ពេលកញ្ចក់មុខយន្ដហោះបានបែកនៅរយៈកម្ពស់ ៩,៧៥ គីឡូម៉ែត្រពីលើដី ហើយសហសេវិករបស់លោកត្រូវបានខ្យល់ស្រូបបឺត តែសំណាងល្អនៅជាប់ខ្សែក្រវាត់សុវត្ថិភាព។
លោក លីវ បានចុះចតដោយសុវត្ថិភាពដោយគ្មានអ្នកដំណើរម្នាក់របួសឡើយ។
លោក លីវ ត្រូវបានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ដ ៥ លានយ័ន (៧៣ ម៉ឺនដុល្លារ) និងទទួលងារជា «ប្រធានក្រុមពីឡុតក្លាហានប្រចាំអាកាសចរណ៍ស៊ីវិលចិន»។
លោកបានប្រាប់បណ្ដាញផ្សព្វផ្សាយថា ពេលនោះលោកមានជំនឿចិត្ដថា លោកអាចបញ្ជាចង្កូតយន្ដហោះទៅកាន់អាកាសយានដ្ឋានជិតបំផុតពេលប្រព័ន្ធស្វ័យប្រវត្ដិឈប់ដំណើរការ។
លោក លីវ គឺអ្នកបង្វឹកម្នាក់នៅមហាវិទ្យាល័យអាកាសចរណ៍ PLA Air Force No 2 Flight College ក្នុងខេត្ដស៊ីឈួនរយៈពេល ១០ ឆ្នាំមុនពេលចូលរួមធ្វើនៅក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ ២០០៦៕ HR