The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វីរសិល្បករ​ចាប៉ីដងវែង ២ រូប លោកតា គង់ ណៃ និង​ស្មៀន ប៉េ ត្រូវ​បាន​លោកស្រី នឹម វណ្ណៈ ប្រកាស​ឧបត្ថម្ភ​ចិញ្ចឹម​រយៈពេល ៥ ឆ្នាំ




វីរសិល្បករ​ចាប៉ីដងវែង ២ រូប លោកតា គង់ ណៃ និង​ស្មៀន ប៉េ ត្រូវ​បាន​លោកស្រី នឹម វណ្ណៈ ប្រកាស​ឧបត្ថម្ភ​ចិញ្ចឹម​រយៈពេល ៥ ឆ្នាំ

Content image - Phnom Penh Post
លោកស្រី នឹម វណ្ណៈ ពេលជួប និង​ជូន​ប្រាក់​ឧបត្ថម្ភដល់​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​លោកតា គង់ ណៃ​​​។ រូបថត ហ្វេសប៊ុក

វីរសិល្បករ​ចាប៉ីដងវែង ២ រូប លោកតា គង់ ណៃ និង​ស្មៀន ប៉េ ត្រូវ​បាន​លោកស្រី នឹម វណ្ណៈ ប្រកាស​ឧបត្ថម្ភ​ចិញ្ចឹម​រយៈពេល ៥ ឆ្នាំ

ភ្នំពេញ៖ គួរ​ឱ្យ​ភ្ញាក់​ផ្អើល និង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង កាល​ពី​ពេល​ថ្មីៗ​នេះ ស្រាប់តែ​លេចឮ​នូវ​ព័ត៌មាន​ថា វីរសិល្បករ​ចាប៉ីដងវែង ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ទទួល​បាន​ការ​សន្តោស​ប្រណី​ពី​សំណាក់​សប្បុរសជន​ខ្មែរ មាន​ងារ​ជា​ឧកញ៉ា​បាន​ប្រកាស​ឧបត្ថម្ភ​ចិញ្ចឹម​រយៈពេល ៥ ឆ្នាំ។

សប្បុរសជន ដែល​មាន​ទឹកចិត្ត​ស្រឡាញ់ និង​ក្តី​សន្តោស​ប្រណី​នោះ គឺ​លោកស្រី នឹម វណ្ណៈ គឺ​ជា​អគ្គនាយិកា​នៃ​ក្រុមហ៊ុន ACE Group និង​ក្រុម​គ្រួសារ ដែល​ជា​កូនស្រី លោកស្រី ហ៊ុន ស៊ីណាត ខណៈ​ដែល​លោកស្រី​នឹង​ជួយ​ឧបត្ថម្ភ​ចិញ្ចឹម​ដល់​វីរសិល្បករ​ចាប៉ីដងវែង​ចំនួន ២ រូប ​គឺ​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ និង​ព្រឹទ្ធាចារ្យ ណេត ប៉េ ឬ​ស្មៀន ប៉េ។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ពី​សំណាក់​លោក គង់ បុរាណ ដែល​ជា​កូន​ប្រុស​បង្កើត​លោកតា គង់ ណៃ នោះ។

លោក គង់ បុរាណ វ័យ ៣៦ ឆ្នាំ ជា​កូន​ប្រុស​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ ដែល​បច្ចុប្បន្ន​មាន​អាយុ ៧៦ ឆ្នាំ ​ហើយ​លោក​គឺ​ជា​កូន​តែ​ម្នាក់​គត់​ដែល​ចូលចិត្ត និង​បាន​រៀន​ជំនាញ​សិល្បៈ​ចាប៉ីដងវែង​បន្ត​ពី​លោក​ឪពុក។

លោក គង់ បុរាណ បញ្ជាក់​ថា៖ «ជា​ការ​ពិតមែន​បង! កន្លង​មក​ថ្មីៗ​នេះ លោក​ពុក [លោកតា គង់ ណៃ] បាន​ទទួល​ការ​ឧបត្ថម្ភ​ចិញ្ចឹម​ជីវិត​ពី​លោកជំទាវ​ឧកញ៉ា នឹម វណ្ណៈ រយៈពេល ៥ ឆ្នាំ ដែល​គិត​ចាប់​ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២១ នេះ​តទៅ ដោយ​ទទួល​បាន​ប្រាក់​ចំនួន ៥០ ម៉ឺន​រៀល ​ក្នុង ១ ខែ អង្ករ ៥០ គីឡូ ត្រី ១ យួរ ទឹក​ស៊ីអ៊ីវ ១ យួរ ក្នុង ១ ខែ ខណៈ​ការ​ទទួល​ជំនួយ​ឧបត្ថម្ភ​នេះ​នឹង​ត្រូវ​ទទួល​បាន​ជា​រៀងរាល់ ៣ ខែ​ម្តង ហើយ​នា​ថ្ងៃ​ដែល​លោក​ជំទាវ​បាន​ជួប​លោក​ពុក​នោះ លោក​ជំទាវ ហ៊ុន ស៊ីណាត ដែល​ជា​ម្តាយ​លោក​ជំទាវ​ឧកញ៉ា​ក៏​បាន​ជូន​ប្រាក់ ៥០០ ដុល្លារ និង​ឯកឧត្តម នឹម ច័ន្ទតារា ជា​ឪពុក​លោក​ជំទាវ​ឧកញ៉ា ក៏​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន ១ លាន​រៀល​ផង​ដែរ»។

Content image - Phnom Penh Post
លោកព្រឹទ្ធាចារ្យ​ចាប៉ី​ដងវែង​ ណេត ប៉េ ក៏​នឹង​ទទួល​បាន​ការ​​ឧបត្ថម្ភចិញ្ចឹម​​​ពី​លោកស្រីនឹម វណ្ណៈ​។ រូបថត ហ្វេសប៊ុក​

លោក គង់ បុរាណ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា៖ «បើ​តាម​ប្រសាសន៍​លោក​ពុក​បាន​ប្រាប់​ឱ្យ​ដឹង​នោះ លោក​ជំទាវ​ឧកញ៉ា នឹម វណ្ណៈ នឹង​ជួយ​ឧបត្ថម្ភ​ដល់​វីរសិល្បករ​ចាប៉ីដងវែង​ចំនួន ២ រូប ​ដោយ ១ រូប​គឺ​លោក​ពុក​ខ្ញុំ និង ១ រូប​ទៀត ​គឺ​លោក​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង ណេត ប៉េ។ ការ​ជួយ​ឧបត្ថម្ភ​ចិញ្ចឹម​នេះ ដោយសារ​តែ​លោក​ជំទាវ​មាន​ក្តី​អាណិតអាសូរ​ដល់​វីរសិល្បករ​ផ្នែក​ចាប៉ីដងវែង​នេះ ហើយ​លោក​នឹង​ជួយ​ចែក​រំលែក​រយៈពេល ៥ ឆ្នាំ»។

គួរ​ឱ្យ​កត់​សម្គាល់ គេ​ក៏​ឃើញ​សារ​បង្ហាញ​នូវ​សេចក្តី​ត្រេកអរ ចំពោះ​អំពើ​ដ៏​សប្បុរស​របស់​បុត្រី​ពី​សំណាក់​លោកស្រី ហ៊ុន ស៊ីណាត នៅ​តាម​ហ្វេសប៊ុក​ថា៖ «ខ្ញុំ​រស់​សព្វ​ថ្ងៃ​នេះ ធ្វើ​តែ​អំពើ​ល្អ ដើម្បី​កំដរ​ជីវិត​ពេល​នេះ​ អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ ​គឺ​រស់​ដើម្បី​ជួយ​ដល់​សង្គម​ជាតិ​ទៅ​តាម​លទ្ធភាព​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​ម្នាក់ ទុក​កេរ្តិ៍ឈ្មោះ​ឱ្យ​កូនៗ និង​ចៅៗ ថា​លោកតា និង​យាយ​របស់​វា ជា​មនុស្ស​មិន​បាន​សាង​អ្វីៗ​អាក្រក់​នោះ​ទេ ថ្ងៃ​នេះ​ផង​ដែរ លោកពូ គង់ ណៃ អញ្ជើញ​មក​លេង កូនស្រី វណ្ណៈ ជួយ​លោក​ពូ​ប្រចាំ​ខែ។ សូម​ឱ្យ​សទ្ធា​មុតមាំ​របស់​កូន​ទទួល​បាន​តែ​សេចក្តីសុខ​ចម្រើន»។

នាពេល​បច្ចុប្បន្ន ព្រឹទ្ធាចារ្យ គង់ ណៃ កាន់​តែ​មាន​វ័យ​ចាស់ ហើយ​កម្លាំង​ពលំ​សម្រាប់​បង្ហើរ​សំនៀង ក៏​មិន​ដូច​មុន​ឡើយ ហើយ​ក៏​ជា​កង្វល់​មួយ​របស់​បងប្អូន​ខ្មែរ​ដែល​និយម​ស្តាប់​ចាប៉ីដងវែង លោក​ព្រឹទ្ធាចារ្យ​ក៏​មាន​អ្នក​លើក​ឡើង​បែប​ជា​ក្តីបារម្ភ​ថា តើ​ព្រឹទ្ធាចារ្យ គង់ ណៃ អាច​មាន​កូនចៅ​មាន​ទេពកោសល្យ និង​ចូលចិត្ត​សិល្បៈ​ចាប៉ីដងវែង​ដូច​គាត់​ឬទេ?

ខណៈ​មាន​ការ​សម្តែង​សិល្បៈ​ចាប៉ីដងវែង​ក្នុង​ព្រឹត្តិការណ៍​ធំៗ មហាជន​តែងតែ​បាន​ស្តាប់​សូរសៀង​យ៉ាង​ពីរោះ​ពី​ព្រឹទ្ធាចារ្យ គង់ ណៃ។

Content image - Phnom Penh Post
លោកព្រឹទ្ធាចារ្យ គង់ ណៃ និងភរិយា ពេលជួប​ជាមួយ​លោកស្រី ហ៊ុន ស៊ីណាត និង​ស្វាមី។ រូបថត ហ្វេសប៊ុក

អ្វី​ដែល​ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍​ខ្លាំង​នា​ឱកាស​អបអរសាទរ​ខួប ២២ ឆ្នាំ​នៃ​នយោបាយ​ឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០ កន្លង​មក​នោះ ស្រាប់​តែ​លេច​វត្តមាន​អ្នក​ច្រៀង​ចាប៉ី​វ័យក្មេង​លោក គង់ បុរាណ ដែល​ជា​កូនប្រុស​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ បាន​បង្ហើរ​សំនៀង និង​បង្ហាញ​ទេពកោសល្យ​ច្រៀង​ចាប៉ី​យ៉ាង​សមសួន ក្នុង​កម្មវិធី​សម្តែង​ចម្រៀង​គ្រួសារ​ខ្មែរ ជាមួយ​ដៃគូ​ចម្រៀង​ចាប៉ីដងវែង​ជា​ស្ត្រី ​គឺ​កញ្ញា ប៉ាន់ ខែម សុភារ័ត្ន។ លោក គង់ បុរាណ ជា​កូន​ទី៩ ក្នុង​ចំណោម​បងប្អូន ១០ នាក់ (កូន​ប្រុស ៦ និង​កូនស្រី ៤) ជា​កូន​លោកតា គង់ ណៃ បាន​រៀន​ចាប៉ីដងវែង តាំង​ពី​ឆ្នាំ ២០០៣ មក ពេល​ដែល​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA) ផ្តល់​អាហារូបករណ៍​សិក្សា​សិល្បៈ​ចាប៉ីដងវែង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹទ្ធាចារ្យ គង់ ណៃ ទទួល​ពានរង្វាន់​សិល្បៈ និង​វប្បធម៌​ហ្វូគុអុកា (Fukuoka-Prize) របស់​ប្រទេស​ជប៉ុន កាល​ពី​ឆ្នាំ ២០១៧។ ពាន​រង្វាន់​សិល្បៈ និង​វប្បធម៌​ហ្វូគុអុកា​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ១៩៩០ មក នៅ​ឯ​ទីក្រុង​ហ្វូគុអុកា នៃ​ប្រទេស​ជប៉ុន និង​ត្រូវ​ផ្តល់​ជូន​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​តំបន់​អាស៊ី ដែល​ពាក់ព័ន្ធ​ផ្នែក​អប់រំ សិល្បៈ និង​វប្បធម៌។ ចាប៉ីដងវែង​ដែល​ជា​បេតិកភណ្ឌ​អរូបី​ពិភព​លោក ជា​ទម្រង់​សិល្បៈ​ចំណាស់​មាន​ប្រវត្តិ​ដ៏​យូរលង់ និង​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នៅ​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦៕

អត្ថបទគួរចាប់អារម្មណ៍