ភ្នំពេញ៖ ទើបតែបានរួមចំណែកបរិច្ចាគប្រាក់មូលនិធិសប្បុរសធម៌ ដើម្បីទប់ស្កាត់វីរុសកូរ៉ូណាចំនួន ១ លានរៀលមុននេះសោះ ក៏ស្រាប់តែតារាចម្រៀងប្រុសឈរលំដាប់កំពូលនៅផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ និងឧត្តមភរិយា បានប្រកាសជួយស្បៀងអាហារចាំបាច់ គឺអង្ករមានចំនួនសរុប ៧,៥ តោន ជូនដល់អ្នកសហគមន៍ខ្វះខាត នៅក្នុងគ្រាមានវិបត្តិ ដែលបានបង្កឡើងដោយមេរោគកូវីដ ១៩ ក្នុងប្រទេស កម្ពុជា។
តារាចម្រៀងប្រុសមាន មាឌល្អិត សំឡេងក្រអួន តែមានទឹកដម ស្រូបបានប្រជាប្រិយភាពខ្លាំងនៅទ្រនំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ក៏ត្រូវបានមហាជនលាន់មាត់សរសើរពីភាពប៉ិនប្រសប់ និងទេពកោសល្យឧត្តមភរិយារបស់លោក ដែលតែងតែឆ្លៀតនិពន្ធទំនុកច្រៀងឲ្យប្តីជារឿយៗ ហើយកាន់តែជួយឲ្យសម្បូរនូវការគាំទ្រខ្លាំងឡើងៗ មិនតែប៉ុណ្ណោះក៏មានទឹកចិត្តសប្បុរសនៅក្នុងការចូលរួមសកម្មភាពសង្គមផងដែរ។
នាពេលថ្មីៗនេះ កំពូលតារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ ឆាយ វីរៈយុទ្ធ និងភរិយា ប្រកាសជួយស្បៀងចាំបាច់ គឺអង្ករ ដោយលោក និងភរិយា ក៏មានអាជីវកម្មលក់អង្ករមានយីហោថា «ស្តេចអង្ករ» នោះ ជូនទៅដល់សហគមន៍ខ្វះខាត ៣ ផ្នែកសំខាន់ៗ នាគ្រាកំពុងតែមានវិបត្តិ ដែលបង្កឡើងដោយសារតែ មេរោគឆ្លងគួរឲ្យភ័យខ្លាចកូវីដ ១៩ ខណៈបើគិតមកត្រឹមថ្ងៃចុងសប្តាហ៍មុននេះ មានចំនួនសរុប ៧,៥ តោន។
លោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់ឲ្យដឹងពីការឧបត្ថម្ភអង្ករទាំងនោះថា៖ «ការឧបត្ថម្ភនេះ ចែកជា ៣ ចំណែកធំៗ គឺអង្ករចំនួន ៣ តោន ជួយបងប្អូនអ្នកសិល្បៈខ្វះខាត ចំនួន ៣ តោន ជួយដល់បងប្អូនខ្មែរទូទៅ ដែលជួបនូវបញ្ហាខ្វះខាតស្បៀង ដោយយើងបានប្រគល់ជូនឲ្យសមាគមសិល្បករខ្មែររបស់បង ហេង ឡុង មានរយៈពេល ៣ ខែ។ ដោយឡែកកាលពីថ្មីៗនេះ យើងក៏បានជួយអង្ករចំនួន ១,៥ តោន បន្ថែមទៀតតាមរយៈព្រះសង្ឃ ដែលគង់នៅឯវត្តធម្មយុត្តិ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ដោយក្នុងនោះ យើងក៏បានប្រគេនព្រះអង្គចំនួនកន្លះតោន និងចំនួន ១ តោន ទៀត យើងជួយទៅដល់បងប្អូន ដែលមានជីវភាពខ្វះខាតនៅតំបន់ក្នុងខេត្តកំពង់ឆ្នាំង»។
កំពូលតារាចម្រៀងប្រុស ប្រចាំនៅផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ក៏បានបញ្ចាក់ដែរថា៖ «ចំពោះអង្ករចំនួន ៦ តោន ដែលខ្ញុំ និងភរិយា បានជូនតាមរយៈសមាគមសិល្បៈនោះ បងប្អូនអាចទំនាក់ទំនងទៅខាងគាត់បានចាប់ពេលនេះទៅរយៈពេល ៣ ខែ»។
ដោយឡែកក្នុងវិស័យសិល្បៈចម្រៀងវិញ តារាចម្រៀងប្រុសលោក ឆាយ វីរៈយុទ្ធ ពិតជាសំណាងណាស់ ដោយលោកក៏មានភរិយាជាទីស្រឡាញ់ចូលចិត្តសិល្បៈចម្រៀងដូចជាលោក ហើយចេះនិពន្ធទំនុកច្រៀង សម្រាប់លោកច្រៀងជារឿយៗ។
លោក ឆាយ វីរៈយុទ្ធ ក៏ធ្លាប់បានបង្ហើបពីអារម្មណ៍សប្បាយចិត្តចំពោះការយកចិត្តទុកដាក់ពីសំណាក់ភរិយាលោក ដែលកើតចេញពីសេចក្តីស្រឡាញ់ចូលចិត្តវិស័យសិល្បៈ ហើយចេះនិពន្ធទំនុកច្រៀង បើទោះបីជាមានតួនាទីភរិយាផង ម្តាយផង និងមានភាពមមាញឹកទៅនឹងការប្រកបរបររកស៊ី គឺជាថៅកែហាងលក់អង្ករយីហោថា «ស្តេចអង្ករ»- មែនក្តី តែនៅតែអាចឆ្លៀតពេលមកនិពន្ធទំនុកច្រៀងឲ្យលោកជាស្វាមីផងដែរ។
គួរបញ្ជាក់ដែរថា លោក ឆាយ វីរៈយុទ្ធ បានរៀបមង្គលការតាមគន្លងប្រពៃណីខ្មែរនឹងកូនក្រមុំជាកូនស្រីថៅកែរោងម៉ាស៊ីនកិនស្រូវ នៅខេត្តកំពង់ចាមកាលពីឆ្នាំ ២០១៧ មានឈ្មោះថា សែ ចាន់ឌី និងមួយរយៈក្រោយមកក៏បានបើកអាជីវកម្មហាងលក់អង្ករខ្នាតធំមួយដែលមានយីហោថា «ស្តេចអង្ករ» ដែលអ្នកទាំង ២ បានប្រើដើមទុនរកស៊ីនោះមានចំនួន ១ សែនដុល្លារ ហើយនាពេលបច្ចុប្បន្ននេះ អ្នកទាំង ២ ក៏មានកូនស្រីជាចំណងស្នេហ៍អាពាហ៍ពិពាហ៍៕