ភ្នំពេញ៖ នាពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​តារា​ចម្រៀង​ស្រី​រូប​ស្រស់​នៅ​ផលិតកម្ម​សាន់ដេ កញ្ញា វីរៈ និច្ច កំពុង​តែ​ស្រូប​នូវ​​ប្រជាប្រិយភាព​ពី​​យុវវ័យ​តាម​រយៈ​បទ​ចម្រៀង​​​មនោសញ្ចេតនា និង​ញាក់​​កន្រ្តាក់​អារម្មណ៍​រួម​ផ្សំ​នឹង​រូប​សម្រស់​កាន់​​តែ​ស្អាត​ផូរផង់​ពី​ធម្មជាតិ ​សាច់​ស​ខ្ចី មាន​រូប​​រាង​​​ខ្ពស់​ស្រលូន ទាក់ទាញ​ក្រសែ​ភ្នែក​ហ្វូង​កន្លង់​មិន​តិច​​នោះ​ឡើយ។

ទន្ទឹម​នឹង​ការ​ទទួល​បាន​ប្រជាប្រិយ​ភាព​លើ​វិថី​សិល្បៈ ហើយ​​​ចេញ​បទចម្រៀង​ជា​បន្ត​បន្ទាប់​នៅ​ផលិតកម្ម​សាន់ដេ​នោះ កញ្ញា វីរៈ និច្ច បាន​បង្ហោះ​​​សារ ​​ដែល​អធិប្បាយ​ពី​ពាក្យ ១ ឃ្លា​តាម​អ៊ីនស្តាក្រាម​ថា៖ «កូន​សោ​ឆ្ពោះ​ ទៅ​រក​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម និង​ក្នុង​ជីវិត​គឺ​ភាព​ស្មោះត្រង់​សមត្ថភាព​ក្នុង​ការ​ទទួល​យក និង​ផ្តល់​​នូវ​មតិយោបល់ ដែល​មាន​ចេតនា​ល្អ និង​មាន​ភាព​រឹងមាំ​​នៃ​ចរិត​លក្ខណៈ និង​ជំនឿ​ចិត្ត​លើ​គោលការណ៍​របស់​មនុស្ស​ម្នាក់» បង្ក​ការ​ចាប់​អារម្មណ៍​ពី​អ្នក​លេង​បណ្តាញ​សង្គម។

តារា​ចម្រៀង​ស្រីស្រស់​សោភា ជា​ក្មួយ​ស្រី​តារា​ចម្រៀង​ប្រុស​លោក ខាន់ ចេមស៍ ជ្រក​នៅ​​ទ្រនំ​សាន់ដេ​ដូចគ្នា កំពុង​តែ​​ស្រូប​នូវ​ប្រជាប្រិយភាព​ខ្លាំង​ពី​អ្នក​គាំទ្រ ដែល​បាន​វិវឌ្ឍ​ខ្លួន​ពី​អាជីព​តារា​ម៉ូដែល និង​ជា​អតីត​ជា​ស្រី​ស្អាត​​លេខ ២ ប្រចាំ​ឆ្នាំ ២០១៤ កញ្ញា វីរៈ និច្ច បង្កើត​ភាព​ភ្ញាក់​​ផ្អើល​​​​ដល់​មហាជន​។

ខណៈ​តារា​ចម្រៀង​ស្រី​វ័យ​​ក្មេង ដែល​តែងតែ​ចាប់​ដៃគូ​ជាមួយ​អតីត​តារា​​កំប្លែង​ប្រុស​នាយ ​ចឺម ​​ធ្វើ​ឲ្យ​មាន​​​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​​​បង្ហាញ​​ស្ទីល​ថ្មី​របស់​ វីរៈ និច្ច គឺ​ការ​​លេង​​ម៉ូដ​សក់​ខ្លី និង​សាក់​រូប​មនុស្ស​​ស្រី​​ជក់​បារី​នៅ​​លើ​ស្មា​កន្លង​​មក​បញ្ជាក់​​រឿង​សារ​នោះ​​ថា​៖ ​«​ការ​​ពិត​ទៅ​​​នោះ​​គឺ​នា​ពេល​​​អនាគត​នាង​​ខ្ញុំ​មាន​គម្រោង​​បង្កើត​​​របរ​​រ​កស៊ី​ផ្ទាល់​​ខ្លួន​ដែល​នាំ​យក​នូវ​ផលិតផល​រក្សា​សម្ផស្ស​ល្បីៗ​ពី​បរទេស​​លក់​ផ្តាច់​មុខ​​​​នៅ​​ស្រុក​ខ្មែរ តែ​មិន​ទាន់​ដល់​ពេល​ព្រោះ​នាង​ខ្ញុំ​​​​ត្រូវ​ការ​សិក្សា​ពី​ទីផ្សារ​សិន និង​កំពុង​តែ​សន្សំ​ដើម​ទុន សម្រាប់​ការងារ​រក​ស៊ី​លើ​របរ​នេះ»។

ស្រីស្រស់​រាង​ខ្ពស់​ស្រឡះ ជា​អ្នក​មាន​ស្រុក​​កំណើត​នៅ​ខេត្ត​កំពង់ចាម​ ​ដែល​​ក្តោប​បាន​ភាព​ល្បី​ចាប់​តាំង​ពី​ចាប់ដៃ​គូ​ច្រៀង​ជាមួយ​​ នាយ ​ចឺម ​តារា​ចម្រៀង​ប្រុស​រលក​ក្រោយ​​​​ដូច​​​គ្នា​នៅ​រួម​ទ្រនំ​សាន់ដេ បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ត​ដែរ​ថា៖ «​បច្ចុប្បន្ន​នេះ ខ្ញុំ​ក៏​បាន​ធ្វើ​ជា​តំណាង​​ចែកចាយ​ធំ​មួយ​ដែរ​ឲ្យ​ផលិតផល​របស់​ពូ​ខ្ញុំ ​[លោក ខាន់ ចេមស៍]​ ជិត​​​កន្លះ​ឆ្នាំ​ហើយ ​ខណៈ​នេះ​ក៏​អាច​ជា​ឱកាស​​​​សិក្សា​ស្វែង​​យល់​បន្ថែម​ទុក​ជា​​​ទុន​គំនិត ដើម្បី​ឈាន​​ទៅ​រក​ការ​ធ្វើ​​អាជីវកម្ម​ខ្លួន​ពេល​អនាគត​នោះ​ផង​ដែរ។ ចំពោះ​​ដើម​ទុន​វិញ នាង​ខ្ញុំ​គិត​ថា ក៏​ត្រូវ​ត្រៀម​ចន្លោះ​ពី​ចំនួន ៥ ​ម៉ឺន​ដុល្លារ ទៅ ១០ ម៉ឺន​ ទើប​​​អាច​បង្កើត​មុខ​​របរ​នេះ​​​»​៕